ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី​ សម្ពោធ​បើក​លក់​គម្រោង​ថ្មី “​អា​ម៉ូ​រី​ប្រាំពីរ​មករា​”

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែមករា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​សម្ពោធ​បើក​លក់​ជា​ផ្លូវការ គម្រោង​ដ៏​ថ្មី​សន្លាង​របស់ខ្លួន ដែលមាន​ឈ្មោះថា “​អា​ម៉ូ​រី​៧​មករា​”​។ ពិធី​សម្ពោធ​នេះ ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​នាគ​ក្រហម ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក សួន វិ​រៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី និង​ភ្ញៀវ​ប្រមាណ​១០០​នាក់ ដែលជា​អតិថិជន​សក្តានុពល​របស់​ក្រុមហ៊ុន​។

លោក សួន វិ​រៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​មានប្រសាសន៍ថា “​នៅពេលដែល​ប្រទេសជាតិ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រជាជន​របស់​យើង​ក៏​នឹង​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​គ្រួសារ ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​អ្នកមាន​ជីវភាព​ធូរធារ​កើនឡើង​។ ដោយហេតុនេះ​ក្រុម​ហ៊ុន អា​ម៉ូ​រី បាន​ឈាន​ជើង​របស់ខ្លួន​ដើរតួ​យ៉ាងសំខាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​លទ្ធភាព​ក្នុង​ការធ្វើ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​ខ្នាតតូច និង​មធ្យម​។​”

ដោយឡែក ​ចំពោះ គម្រោង​ដំបូង “​អា​ម៉ូ​រី ៧​មករា​” លោក​អគ្គនាយក​បាន​ប្រាប់​ឲ្យ​ដឹងថា ទីតាំង​នៃ​គម្រោង​នេះ​បង្ហាញខ្លួន​ ស្ថិតនៅ​ចំ​ទី​ប្រសព្វ​សក្ដានុពល​សេដ្ឋកិច្ច​ រវាង​តំបន់​ពាណិជ្ជកម្ម និង​លំនៅ​ដ្ឋាន តំបន់​អភិវឌ្ឍន៍​ដ៏ទៃទៀត​ ស្ថិតនៅ​ជុំវិញ និង​មាន​ដង​ព្រែក​ធម្មជាតិ ដែល​ញុំាំង​ឲ្យ​គម្រោង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល​។

គម្រោង​នេះ​ត្រូវបានធ្វើ​នៅលើ​ផ្ទៃដី​ចំនួន​៣២​ហិកតា ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៧​មករា ដែល​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦​ ទៅកាន់​ផ្លូវលោក​ឧកញ៉ា​លី​យ៉ុង​ផាត់ និង​ភ្ជាប់​បន្ថែម​ទៅកាន់​ផ្លូវជាតិ​លេខ​៥ ដែល​ពោ​ពេញ​ដោយ​សក្ដានុពល​អភិវឌ្ឍ​ខ្ពស់ និង​ជាទី​ប្រជុំជន​ដ៏​កុះករ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​។

ទីតាំង​គម្រោង​នេះ​ផងដែរ ក៏មាន​ទីតាំង​ស្ថិតនៅ​ជិត​សួន​សត្វសា​ហ្វា​រី​វើ​ល វិមាន​ឈ្នះ ឈ្នះ ពហុ​កីឡាដ្ឋាន​ជាតិ​ថ្មី និង​គម្រោង​បុរី​ល្បីៗ​ជាច្រើន​ទៀត​។ នៅក្នុង​គម្រោង​ថ្មី​នេះ អតិថិជន​ នឹង​ទទួលបាន​នូវ​ការបញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ និង​មានការ​ថែម​ជូន​ពិសេស​មិន​ធ្លាប់មាន​ជាច្រើន​ដូចជា ទិញ​ផ្ទះមួយ​ល្វែង ថែម​ជូន​ដី​មួយ​ឡូត៍ ទិញ​ដី​មួយ​ឡូត៍ ថែម​ជូន​មួយ​ឡូត៍​បន្ថែមទៀត​។

នៅ​ថ្ងៃទី​១៩​នេះដែរ គម្រោង​នឹងធ្វើ​ការលក់​ជា​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ របស់​គម្រោង​នឹង​ផ្តល់ជូន​ចំនួន​៤​ជម្រើស​ដូចជា ​៖ ជម្រើស​ទី​១ ដី​ទំហំ​៥​ម​X២០​ម ជម្រើស​ទី​២ ដី​ទំហំ​១០​ម​X២០​ម ជម្រើស​ទី​៣ ដី​ទំហំ​២០​ម​X៣០​ម និង​ជម្រើស​ទី​៤ ផ្ទះ​វិឡា​កូនកាត់​ទំហំ​៥​ម​X១២​ម​។
​ក្រុមហ៊ុន​ក៏​ផ្តល់ជូន​នូវ​ជម្រើស​សមស្រប​ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ​ដល់​អតិថិជន ដោយ​ផ្តល់នូវ​ការ​បង់ប្រាក់​ដោយ​គ្មាន​ការប្រាក់​រហូតដល់​រយៈពេល​៣​ឆ្នាំ​។ ឆ្លងកាត់​ការបើក​លក់​សាកល្បង​មួយ​សប្ដាហ៍​កន្លងមកនេះ​ ក្រុមហ៊ុន​បាន​លក់​អស់​ប្រមាណ​៥០%​លើសពី​ការរំពឹងទុក​។

អតិថិជន​របស់​អា​ម៉ូ​រី​បានបង្ហាញ​ពី​ការ​សប្បាយចិត្ត​ដោយ​ទទួលបាន​នូវ​តម្លៃ​ពិសេស ហើយ​ថែមទាំង​ទទួល​បានការ​ប្រូ​មូ​សិន​ពិសេស ទិញ​ដី​១​ឡូត៍ ​ថែម​ដី​១​ឡូត៍​។​

គួរបញ្ជាក់​ផងដែរ​ថា អា​ម៉ូ​រី​ គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ទាំងស្រុង​ទៅលើ​វិស័យ​អចលនទ្រព្យ ដែល​រួមមាន​ ការលក់ និង​ជួល​អចលនទ្រព្យ​សម្រាប់​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម ការលក់​គម្រោង​វិនិ​យោគ ការវាយតម្លៃ​អចលនទ្រព្យ ការស្រាវជ្រាវ​លើ​វិស័យ​អចលនទ្រព្យ និង​ការពិគ្រោះ​យោបល់​លើ​វិស័យ​នេះ​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114