ព័ត៍មានទាន់​ហេតុការណ៏
Search

កូ​ឡុំ​ប៊ី​បន្ទោ​សការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​នៅ​ទីក្រុង Bogota លើ​ពួក​ឧទ្ទាម ELN

រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃ​សុក្រ​បាន​ស្តីបន្ទោស​ពួក​ឧទ្ទាម​ឆ្វេងនិយម ELN សម្រាប់​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​សាលា​ប៉ូលិស​ក្នុង​ទីក្រុង Bogota ដែល​បានសម្លាប់​មនុស្ស​ចំនួន​២០​នាក់​ព្រមទាំង​អ្នក​វាយប្រហារ​ផងដែរ​ហើយ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សន្តិភាព​។​

ថ្លែង​ចេញពី​វិមាន​ប្រធានាធិបតី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​លោក Guillermo Botero បាន​ពណ៌នា​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ជាការ​វាយប្រហារ​ភេ​វរ​កម្ម​ដែល​បានរៀបចំ​ទុកជាមុន​ជា​យូរ​មកហើយ​ដោយ ELN ។​

ការវាយប្រហារ​នេះ​គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​ចំពោះ​កិច្ចចរចា​សន្តិភាព​រយៈ​ពេល​២​ឆ្នាំ​ជាមួយ​កងទ័ព​រំដោះជាតិ (ELN) ។​

បន្ទាប់ពី​ការវាយប្រហារ លោក​ប្រធានាធិបតី​ស្តាំនិយម Ivan Duque ដែល​ឡើងកាន់តំណែង​កាលពី​ខែសីហា​ឆ្នាំ​២០១៨​បានប្រកាសថា គាត់​នឹង​អនុវត្ត​ដីកាចាប់ខ្លួន​សមាជិក ELN ចំនួន​១០​នាក់​ដែលជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​របស់​ក្រុម​នេះ​ក្នុង​កិច្ចចរចា​នៅ​ប្រទេស​គុយបា​ហើយ​បាន​និយាយថា គាត់​កំពុង​ដកហូត​សេចក្តីសម្រេច​បង្កើត​លក្ខ​ខណ្ឌ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ស្នាក់នៅ​ក្នុងប្រទេស​នោះ​។​

ស្នងការ​សន្តិភាព​រប​ស់​ប្រទេស​កូ​ឡុំ​ប៊ី​លោក Miguel Ceballos បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា “​រដ្ឋាភិបាល​ជាតិ​ដឹង​និង​យល់ថា ELN គ្មាន​ឆន្ទៈ​ដើម្បី​សន្តិភាព​ទេ​”​។​

លោក Botero បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ដដែល​ថា លោក​មាន “​ភ័ស្តុតាង​ពេញលេញ​” ដែលថា អ្នក​បំផ្ទុះ​គ្រាប់បែក​ដែល​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា​មានឈ្មោះ Jose Aldemar Rojas Rodriguez អាយុ​៥៦​ឆ្នាំ​គឺជា​សមាជិក​របស់ ELN អស់​រយៈពេល​ជាង​២៥​ឆ្នាំ​មកហើយ​។​

ប៉ូលិស​បាន​និយាយថា លោក Rojas បាន​បើករថយន្ត​ភី​ក​អាប់​ម៉ាក Nissan ផ្ទុក​ដោយ​គ្រឿងផ្ទុះ​ចូលទៅក្នុង​បរិវេណ​សាលា​ប៉ូលិស​ដោយ​សំដៅ​ទៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​យានយន្ត​ហើយ​បាន​បុក​ចូលទៅក្នុង​អគារ​អន្តេវាសិកដ្ឋាន​មួយ​មុនពេល​វា​ផ្ទុះ​។​

គ្រឿងផ្ទុះ​ប្រហែល​៨០​គីឡូក្រាម​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បំផ្ទុះ​ដែល​ការផ្ទុះ​នោះ​ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៦៨​នាក់​រងរបួស​ផងដែរ​។ មនុស្ស​ដប់​នាក់​នៅតែ​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​សុក្រ​។​

លោក Botero បាន​និយាយថា នៅក្នុង​ដំណាក់កាល​នៃ​ការស៊ើបអង្កេត​របស់​ប៉ូលិស គ្មាន​ភ័ស្តុតាង​ណា​បង្ហាញថា​អ្នក​វាយប្រហារ​ចង់​ធ្វើអត្តឃាត​ទេ​ហើយ​ប្រហែលជា​ចង់​បំផ្ទុះ​គ្រាប់បែក​ជាមួយនឹង​ឧបករណ៍​អេឡិចត្រូនិក​៕ AFP