ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ UN ​៖​ មី​យ៉ាន់​ម៉ា “​យឺត​ពេក​” ក្នុងការ​អនុញ្ញាត​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​វិល​ត្រឡប់​មកវិញ

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres កាលពី​ថ្ងៃ​សុក្រ​ បាន​រិះគន់​ចំពោះ “​ភាព​យឺតយ៉ាវ​” នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​វិល​ត្រឡប់​មកវិញ​។ លោក​អះអាង​ថា កង្វះ​នៃ​ភាព​រីកចម្រើន​គឺជា​ប្រភព​មួយ​នៃ “​ការខកចិត្ត​ដ៏​ធំ​សម្បើម​”​។​

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧២០,០០០​នាក់​កំពុង​រស់នៅក្នុង​ជំរំ​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​បន្ទាប់ពី​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​រដ្ឋ​រ៉ា​ក់​ឃី​ន​នៃ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុងអំឡុង​យុទ្ធនាការ​យោធា​ឆ្នាំ​២០១៧​ដែល​អង្គការសហប្រជាជាតិ​ពណ៌នា​ថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច​។​

ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ព្រមព្រៀង​ទទួលយក​ជនភៀសខ្លួន​ខ្លះ​ត្រលប់​មកវិញ​នៅក្នុង​កិច្ចព្រមព្រៀង​មួយ​ជាមួយ​បង់​ក្លា​ដែ​ស​ប៉ុន្តែ​អង្គការសហប្រជាជាតិ​បាន​ទទូចថា សុវត្ថិភាព​របស់​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​គឺជា​លក្ខខណ្ឌ​មួយ​សម្រាប់​ការវិល​ត្រលប់​របស់​ពួកគេ​។​

លោក Guterres បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ខ្ញុំ​មាន​អារម្មណ៍​ខកចិត្ត​យ៉ាង​ធំធេង​ដោយសារតែ​កង្វះ​វឌ្ឍនភាព​ទាក់ទង​នឹង​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ការឈឺចាប់​របស់​ប្រជាជន​”​។​

លោក​បាន​និយាយថា “​យើង​ទទូច​សុំ​ឲ្យ​មានការ​បង្កើត​លក្ខខណ្ឌ​សម្រាប់​ពួកគេ​ដើម្បី​ឲ្យ​មាន​ឆន្ទៈ​វិល​ត្រលប់​មកវិញ​។ អ្វីៗ​គឺ​យឺត​ពេក​ហើយ​”​។​

នៅ​ខែ​នេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​តាម​ការគ្រោងទុក​មួយរ​បស់​ឧ​ត្ត​ម​ស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) លោក Filippo Grandi ដែល​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​រដ្ឋ​រ៉ា​ក់​ឃី​ន​។​

ក្រុម​អ្នកការទូត​អង្គការសហប្រជាជាតិ​បាន​និយាយថា បេសកជន UN លោកស្រី Christine Schraner Burgener ត្រូវបាន​គេ​រំពឹងថា​នឹង​រៀបចំ​កិច្ចពិភាក្សា​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ចុងខែ​នេះហើយ​នឹង​រាយការណ៍​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អំពី​វិធានការ​នានា​ដែល​ត្រូវធ្វើឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​។​

បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ​មួយ​របស់​ក្រុមប្រឹក្សា​ស្តីពី​បញ្ហា​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ពុធ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក Christoph Heusgen បាន​ថ្លែងថា វឌ្ឍនភាព​ត្រូវបាន​កំណត់​នៅនឹងកន្លែង​ហើយ​ថា ក្រុមប្រឹក្សា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ស្ថានភាព​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114