ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ស្រុក​កំពង់ត្រឡាច​ នាំគ្នា​ដាក់​លប​ប្រើស​១០០​ខុសច្បាប់​ចាប់​ត្រី ខណៈ​ឃើញ​នៅ​ចំណុច​បាក់​ភ្នំ​ខេត្ត​កំពង់ចាម និង​ខេត្ត​កណ្តាល​ គេ​បានដាក់​លប​ប្រើស​១០០​រាប់​ម៉ឺន​ គ្រឿង​សមត្ថកិច្ច​មិន​បង្ក្រាប​

កំពង់ឆ្នាំង ​៖ ​នៅ​ក្នុង​ខ្នើត​ខែបុស្ស ក្នុង​សប្ដាហ៍​មុន​នេះ​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​ក្នុង​ស្រុក​កំពង់​ត្រឡាច បាន​នាំគ្នា​ប្រើប្រាស់​ឧបករណ៍​នេសាទ​លប​ប្រើស​១០០ ខុសច្បាប់​ ចាប់​ត្រី ព្រោះតែ​ពួកគាត់​បាន​ឃើញ​នៅ​ចំណុច​បាក់​ភ្នំ ព្រំប្រទល់​៣​ខេត្ត​ គឺ​កំពង់ចាម កណ្តាល​ និង​កំពង់ឆ្នាំង ប្រជាពលរដ្ឋ​បាន​នាំគ្នា​ដាក់​លប​ប្រើ​១០០​ចាប់​ត្រី​រាប់ម៉ឺន​គ្រឿង មិនឃើញ​សមត្ថកិច្ច​ចុះបង្ក្រាប​ឡើយ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប​ ស្រុក​កំពង់ត្រឡាច នាំគ្នា​ដាក់​លប​ប្រើស​១០០ ​ចាប់​ត្រី​ដូច​គេ​ដែរ បែរជា​មន្ត្រី​ខណ្ឌ​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាប​ទៅវិញ​ គឺ​គេ​លែង​បទល្មើស​ធំៗ បង្ក្រាប​បទល្មើស​តូចតាច ច្បាប់​តែមួយ​ការ​អនុវត្តន៍​ច្បាប់​ខុសគ្នា។ តែបើ​គេ​បិទ ​កុំ​ឲ្យ​នាំចូល​លប​ប្រើស​១០០​ពី​ប្រទេស​វៀតណាម ក៏​គ្មាន​បទល្មើស​នេសាទ​បែបនេះ​កើតឡើង​ដែរ។​

ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កំពង់ប្រាសាទ នៅ​ល្ងាច​ថ្ងៃទី​២០ ខែមករា​ឆ្នាំ​២០១៩ ​​បាន​ឲ្យ​ដឹងថា ​ក្នុង​សប្ដាហ៍​មុននេះ ពួកគាត់​បានឃើញ​ប្រជាពលរដ្ឋ​នៅ​ចំណុច​បាក់​ភ្នំ ព្រំប្រទល់​៣​ខេត្ត កំពង់ចាម កណ្តាល និង​កំពង់ឆ្នាំង ​​បាន​បាន​ប្រើប្រាស់​លប​ប្រើស​១០០ ដាក់​ចាប់​ត្រី​ក្នុង​ខ្នើត​ខែ​បុស្ស​នេះ រាប់ម៉ឺន​គ្រឿង​ពេញ​ទន្លេ មិនឃើញ​មាន​សមត្ថកិច្ច​ចុះបង្ក្រាប​ឡើយ ទើប​ពួកគាត់​នៅ​ក្នុង​ភូមិ​កំពង់ប្រាសាទ​នាំគ្នា​ទិញ​លប​ប្រើស​១០០​នេះ ​ពី​ផ្សារ​មក​ដាក់​ចាប់​ត្រី​ដូច​គេ​ដែរ ប៉ុន្តែ​បែរជា​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ ចុះ​ចាប់​លប​១០០​របស់​ពួកគាត់​ទៅវិញ។

ករណីនេះ ​គឺ​មិន​យុត្តិធម៌​ឡើយ សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​តែ​អា​តូចតាច តែ​អា​ធំៗ​បែរជា​បណ្តែត​បណ្តោយ​ឲ្យ​គេ​ធ្វើ​ម៉ា​ស្រឡាញ់​ទៅវិញ តើ​យុត្តិធម៌​ និង​តម្លាភាព​នៅ​កន្លែង​ណា ក្នុងប្រទេស​តែមួយ​តែ​ការ​អនុវត្តន៍​ច្បាប់​តាម​ខេត្ត​ជាប់​គ្នា​បែរជា​ខុសគ្នា​ទៅវិញ។​

រឿងនេះ ​ប្រជាពលរដ្ឋ​យល់ថា​ ក្រសួងកសិកម្ម និង​ប្រមុខ​រាជរដ្ឋាភិបាល គួរ​ណាស់​តែ​ចាត់វិធានការ​ទប់ស្កាត់​បិត​កុំ​ឲ្យ​មានការ​នាំចូល​លប​ប្រើស​១០០​នេះ ពី​ប្រទេស​វៀតណាម។ ព្រោះ​គេ​យល់ថា​បើ​គេ​បិទ​មិនឲ្យ​មានការ​នាំចូល​លប​ប្រើស​១០០​នេះ​ពី​ក្រៅ​ប្រទេស បទល្មើស​នេសាទ​ប្រើប្រាស់​លប​ប្រើស​១០០​នេះ នៅក្នុង​ប្រទេស​កម្ពុជា​ក៏​មិនកើត​មាន​ដែរ​…!! តើ​រឿងនេះ ​គឺជា​កំហុស​អ្នកណា។​

មន្ត្រីជលផល​បាន​បញ្ជាក់ថា​ លប​ប្រើស​១០០ ខ្លះ​គេ​ហៅថា លប​ម៉ាឡេ គឺជា​ឧបករណ៍​នេសាទ​បែប​ថ្មី​ដែល​មិន​មាន​ចែង​ឲ្យ​ប្រើ​ប្រាស់​នៅក្នុង​ប្រកាស​ក្រសួងកសិកម្ម​ឡើយ ដែល​ច្បាប់​ស្ដីពី​ជលផល​បាន​ហាមឃាត់ និង​ចាត់​ទុក​ការប្រើប្រាស់​ឧបករណ៍​នេះ គឺជា​បទល្មើស​នេសាទ។ លប​ប្រើស​១០០​នេះ ផលិត​មកពី​ប្រទេស​វៀតណាម​ដែល​មាន​តម្លៃ​ក្នុង​១​ខ្សែ​ៗ​មាន​ប្រវែង​ប្រមាណ​៨​ម៉ែត្រ ​ថ្លៃ​តែ​៥​ម៉ឺន​រៀល ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិនអាច​ផលិត​បានទេ។ ឧបករណ៍​នេះ​គេ​និយម​ដាក់​ចាប់​ត្រី​នៅ​បាត​ទន្លេ ដែល​អាច​ចាប់​ត្រី​បាន​ទាំង​តូច​ទាំង​ធំ បើ​វា​ចូលក្នុង​លប​នេះហើយ វា​ចេញ​មិន​រួច​ឡើយ​។​
​ ​
ករណីនេះ​ វា​ជា​រឿង​ងាយ​ស្រួល​ណាស់ បើ​គេ​បិទមិន​ឲ្យ​មានការ​នាំចូល​លប​ប្រើស​១០០ ឬ​លប​ម៉ា​ឡេ មកពី​ប្រទេស​វៀតណាម នោះ​បទល្មើស​នេះ​ក៏​មិនអាច​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114