ព័ត៍មានទាន់​ហេតុការណ៏
Search

លន បញ្ញា ឈ្នះ ឯ ធឿន ធី ចាញ់ ក្នុង​ជម្រុះ​ជុំ​ទី​១ ខ្សែក្រវាត់​Wurkz ទម្ងន់​៦០​គ​.​ក្រ

•​ទេស ជីវ៉ា ស្មើ ថៃ Chen Luop
​អ្នក​ប្រដាល់​កម្ពុជា​២​រូប គឺ​លន​ បញ្ញា បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ក្នុង​ទឹក​ទី​៣ ខណៈ​ដែល​ ធឿន ធី វាយ​ចាញ់​ថៃ​ក្នុង​ទឹក​ទី​៤ នៅក្នុង​ការជួប​ប្រកួត​ក្នុង​ជុំ​ជម្រុះ​ដំបូង​ នៃ​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​Wurkz រដូវ​កាល​ទី​៣ ទម្ងន់​៦០​គីឡូក្រាម លើស​ង្វៀន​SEA-TV កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៩​។

លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​ផ្ដួល អ្នក​ប្រដាល់​ថៃ Chhai Yo ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣ ហើយ ​ធឿន ធី អ្នក​ប្រដាល់​ក្លិប​អង្គរ មានជ័យ​ខេត្ត​សៀមរាប គេ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Super Man ក្នុង​ទឹក​ទី​៤។​

Chhai Yo ចាញ់​លន បញ្ញា ដោយ​ជង្គង់​អុក​ចូល​ចុងដង្ហើម ដែល​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ​
បោះ​បង់​ការប្រកួត។ ចំណែក ធឿន ធី គេ​ចាញ់ Super Man ដោយ​ចាញ់​ជើង​ទាត់​របស់ Super Man ទាត់​ជើង​ក្រោម​របស់​គេ ឲ្យ​ខូច​ជំហរ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ ​ទឹក​១​ ពីរដង ​និង​រាប់​៨ ​ទឹក​៤​ម្តង ហើយ​បន្ទាប់មក​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត។​

នេះ​ជាការ​ប្រកួត​ជម្រុះ​លើក​ទី​១ របស់​ពួកគេ​ទាំង​៤ ក្នុងការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់ Wurkz រដូវ​កាល​ទី​៣ ​ទម្ងន់​៦០​គីឡូក្រាម។ ឆ្លងកាត់​លទ្ធផល​នេះ លន បញ្ញា គេ​ទទួលបាន​៣​ពិន្ទុ ឯ Chhai Yo បាន​១​ពិន្ទុ ហើយ​ធឿន ធី គេ​បាន​១​ពិន្ទុ និង Super Man គេ​បាន​៣​ពិន្ទុ។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​Wurkz ​រដូវ​កាល​ទី​៣ ទម្ងន់​៦០​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប។ ​ការប្រកួត គឺ​ពុំ​មាន​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​ទេ។ ដូច្នេះ​ហើយ ទើប​ទាំង​ប្រដាល់​ខ្មែរ ទាំង​អ្នក​ប្រដាល់​ថៃ គឺ​ត្រូវការ​ឈ្នះ​ដូចគ្នា ត្បិត​គេ​ជ្រើសរើស​យកតែ​អ្នក​លេខ​១ ​និង​លេខ​១​ក្នុង​ជុំ នៃ​ពូ​ល​ខ្មែរ​ និង​ពូ​ល​ថៃ តែប៉ុណ្ណោះ។​
​ ​
ចំពោះ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ឫទ្ធិ សាស្ត្រា​វុ​ធ អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀមរាប បាន​វាយ​ឈ្នះ ​ឡុង ណង​សៅ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ ហើយ​ចៅ រស់ អ្នក​ប្រា​ដល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ បាន​ផ្ដួល ​អួន អូន អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មាន ជ័យ នៅ​ក្នុង​ទឹក​ទី​២។
•ទេស ជីវ៉ា អ្នក​ប្រដាល់​កម្ពុជា ក្លិប​កងពលតូច​លេខ​៧០ បាន​ប្រកួត​ស្មើ​ពិន្ទុ ជាមួយ​
​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី Chen Luop​ ក្នុងការ​ជួបគ្នា​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ លើស​ង្វៀន​Boostrong Fighter On Fire នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​​២០១៩។

ជីវ៉ា ដែល​ការប្រកួត​ដំបូង​មើលឃើញថា​ មានប្រៀប​ឈ្នះ​លើ Chen Luop​នោះ បែរជា​ចុងក្រោយ​រាង​ចាញ់​ប្រៀប​អ្នក​ប្រដាល់​ថៃ​នោះ​ទៅវិញ។ ទេស ជីវ៉ា ដើរ​ចូលទៅ​ឲ្យ​តែ Chen Luop​វាយ​ត្រូវ​ពេញៗ​ ខណៈ​ដែល​ខ្លួនឯង​វាយ​ចេញ​បាន​តិច​ និង​មិនសូវ​ចំ​គោលដៅ​ល្អ​ថែមទៀត។ ដូច្នេះហើយ ទើប​ចប់​ការ​ប្រកួត ជីវ៉ា ​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​តែប៉ុណ្ណោះ។

ចំពោះ​គូប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ថន ភឿ​ត អ្នក​ប្រដាល់​មកពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ដែល​ឡើង​សងសឹក ​ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ជើងចាស់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង​នោះ បាន​វាយ​ចាញ់ ​ណា​ម ម៉ូ​រ៉ា​ក់ ដោយ​ពិន្ទុ​ទៀត។ ពីរ​នាក់​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។ ថន ភឿ​ត ធ្លាប់​ចាញ់​ណា​ម ម៉ូ​រ៉ា​ក់ ដោយ​ពិន្ទុ​ម្តង​ ហើយ ​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ឥឡូវ​ឡើង​សងសឹក​មិនបាន​សម្រេច​ទៀត។​

ទី ព​ន្លែ​ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប ដែល​ឡើង​សងសឹក​ ហុង ​ជី​វ៉ុ​ង អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍​ដែរនោះ ក៏​មិនបាន​សម្រេច​ដែរ ដោយ​ត្រូវ​ជី​វ៉ុ​ង​វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥ គ​.​ក្រ។ កាលពី​ជួបគ្នា​លើក​មុន ព​ន្លែ​ត​វាយ​ចាញ់​ហុង ជី​វុង​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។

ចំណែក​ លីន​ សា​ហ៊ីម អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ បាន​វាយ​ចាញ់​សៀន​វិបុល អ្នក​ប្រដាល់​ក្លិប​រាជ​សីហ៍​ខេត្ត​រតនគិរី​ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ទម្ងន់​៦៧​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114