ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​តារា​កំប្លែង​ជើងចាស់ ​នាយ​កុយ បែក​កង់ រេ​ចង្កូត​ ទៅ​បុក​ដើមឈើ របួសស្រាល​ម្នាក់ ទាំង​ព្រលឹម​

ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥​និង​៥០​នាទី នៅ​លើ​ផ្លូវ​លេខ​៧៣ ភូមិ​ថ្នល់ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បែក​កង់​រេ​ទៅបុក​ដើម​ឈើ​មួយកន្លែង​​​ ​បណ្ដាល​ឲ្យ​តារា​កំប្លែង​ជើងចាស់​នាយ​កុយ​រង​របួស​ស្រាល។

ប៉ូលិស​ស្រុក​តំបែរ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌ស ស្លាក​លេខ ភ្នំពេញ 2AR-9968 បើកបរ​ដោយ ​ឈ្មោះ ជួង ជី​(​ហៅ​នាយ​កុយ​) អាយុ​៦៤​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​តារា​កំប្លែង (​របួស​កែងដៃ​ស្តាំ​ លក្ខណៈ​ស្រាល​) និង​អ្នករួមដំណើរ​ឈ្មោះ ទេស សុជន​(​នាយ​ក្រឹ​ន​)​ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​តារា​កំប្លែង​(​គ្មាន​របួស​)។​

ប៉ូលិស​បាន​បញ្ជាក់​ទៀត​ថា រថយន្ត​នោះ​ បាន​បើកបរ​មកពី​ខេត្ត​រតនគិរី ទៅ​ក្រុងភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ខាងលើ ​ក៏​បែក​កង់​ ហើយ​រេ​ចង្កូត បុក​ដើមឈើ​ដោយ​ខ្លួនឯង​តែ​ម្តង។

​​ក្នុងករណីនេះ​នេះដែរ មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​ និង​អ្នករួមដំណើរ​​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​នោះទេ។ ដោយឡែក ​រថយន្ត​ដែល​បុក​ខ្ទេច​មុខ​នោះ​ ត្រូវ​ម្ចាស់​រ​ក​ជាង​អូស​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង៕