ព័ត៍មានទាន់​ហេតុការណ៏
Search

ចៅក្រម​ ឃុំខ្លួន​បុរស​ម្នាក់​ ដែល​ប្រើ​ហិង្សា​លើ​ប្រពន្ធ​ និង​ដុត​បំផ្លាញ​ផ្ទះ

សៀមរាប ​៖​ បុរស​ម្នាក់​ ដែល​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ និង​បាន​ដុត​បំផ្លាញ​ផ្ទះ​របស់​ខ្លួន ​ត្រូវបាន​ចៅ​ក្រម​សាលាដំបូង​ខេត្ត​សៀមរាប លោកស្រី​ គឹម សុ​គុ​ន្ធា សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​២០​មករា​នេះ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ពីបទ​ ហិង្សា​ ប្រព្រឹត្តិ​ដោយ​សហព័ន្ធ ​ឬ អនីតិ​សង្វាស​ជន​។​

បុរស​ ដែល​ត្រូវ​តុលាការ​ឃុំខ្លួន​ មានឈ្មោះ ស៊ិន នុយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តា​ស្នែ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្ត​សៀមរាប មុខរបរ​កម្មករ​។​

ដើមចម​ដែល​នាំ​ឲ្យ​មានការ​ឃុំខ្លួន​បុរស​រូបនោះ ត្រូវបាន​សមត្ថកិច្ច​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩​ ខែមករា​ឆ្នាំ​២០១៩ ឈ្មោះ​ ស៊ិន នុយ បាន​ផឹក​ស្រា​ស្រវឹង​រករឿង​វាយ​ប្រពន្ធ​ ឈ្មោះ កែវ ឡុ​ក អាយុ​២៩​ឆ្នាំ និង​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង​ ដែល​ទំហំ​៥​ម៉ែត្រ​×៧​ម៉ែត្រ ជញ្ជាំង​ស្លឹក​ត្នោត ក្រាល​ក្តារ ប្រក់​ស័ង្កសី បណ្តាល​ឲ្យ​ឆេះ​ទាំង​ផ្ទះ ទាំង​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​។

ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​ប្រើ​អំពើ​ហិង្សា និង​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ឆេះ​ខ្ទេចខ្ទី​អស់ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​បង្ក​យក​មក​ចាត់ការ​តាមច្បាប់​។

នៅ​ថ្ងៃទី​២០​មករា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានធ្វើការ​នាំខ្លួន​ជនបង្ក​បញ្ជូនមក​សាលាដំបូង​ខេត្ត ហើយក៏​ត្រូវបាន​ចៅក្រម​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​តែ​ម្តង៕