ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​

ប៉េកាំង​ ៖ នៅ​រសៀល​ថ្ងៃទី​២១ ខែ​មករា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ក្នុងជំនួប​ពិភាក្សា​គ្នា​នោះ ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង មានប្រសាសន៍​ចាត់ទុក​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​មកកាន់ ប្រទេស​ចិន​នៅពេលនេះ គឺ​ពិតជា​មានតម្លៃ​បំផុត​សម្រាប់​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ខ្ពស់ត្រដែត​ថែមទៀត​។ ឯកឧត្តម​ប្រធានាធិបតី​ក៏បាន​គូសបញ្ជាក់​ពី​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​។ ឯកឧត្តម​បន្តថា ឯកឧត្តម​ផ្ទាល់​ជាមួយ​ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​យាង​និង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី ប្រពៃណី​ក្នុងប្រទេស​ចិន​។ ឯកឧត្តម​មានប្រសាសន៍​បញ្ជាក់​បន្ថែមថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ និង​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស ក្នុង​ក្របខណ្ឌ ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ក្នុងនោះ​ភាគី​ទាំងសងខាង​នឹង​បន្ត​យកចិត្តទុកដាក់ ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ​។ ឯកឧត្តម​បន្តថា បច្ចុប្បន្ននេះ បើទោះបីជា​ទំនាក់ទំនង​អន្តរជាតិ មានការ​ប្រែប្រួល​ក៏ពិតមែន ប៉ុន្តែ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា គឺ​ពិតជា​បាន​ផ្តល់នូវ អត្ថប្រយោជន៍​ជាច្រើន​ពីគ្នា​ទៅវិញទៅមក​។ តាមរយៈ​នេះ​ចិន​នឹង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា ពិសេស​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។ ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍​សង្កត់ធ្ងន់​ថា កម្ពុជា​នឹង​ទទួលបាន​នូវ​ភាព​ជោគជ័យ​ថែមទៀត ក្នុង​រយៈពេល​៦០​ឆ្នាំ​ទៅមុខ​។ ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ ចិន​សូម​គាំទ្រ​ចំពោះ សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យជំនះ​ភ្លូកទឹកភ្លូកដី ពី​ការបោះឆ្នោត​សកល​កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។

ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា សម្តេច​ពិតជា​មានការ​រីករាយ ក្នុងការ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​សាជាថ្មី​ម្តងទៀត ក្នុងប្រទេស​ចិន​។ សម្តេច​ក៏បាន​ថ្លែង នូវ​អំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​កន្លងមក​តែងតែ​ទទួល​នូវ​ព្រះរាជ បដិសណ្ឋារកិច្ច​ចំពោះ​ព្រះ​វត្តមាន​ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេចយាង ទៅកាន់​ប្រទេស​ចិន ក្នុងការ​ពិនិត្យ​ព្រះរាជសុខភាព និង​សម្តេច​យាង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​។ សម្តេច​តេ​ជោ​ក៏បាន​លើក​ពី​បញ្ហា​មួយចំនួន ស្តីពី​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ ក្នុងនោះ​ទី​១ សម្តេច​តេ​ជោ​បាន​ជំរាបជូន ឯកឧត្តម​ប្រធានាធិបតី​អំពី​សភាពការណ៍​ក្នុងប្រទេស​កម្ពុជា ពិសេស ​ក្រោយ​ការបោះឆ្នោត​សកល កម្មវិធី​កំណែ​ទម្រង់​នានា​របស់​រាជរដ្ឋាភិបាល និង​ការទប់ស្កាត់​ពី​ការ លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ សម្តេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ពី​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដែលមាន​គណបក្សនយោបាយ​ចូលរួម​ចំនួន​១៩​គណបក្ស​។

ក្នុងជំនួប ពិភាក្សា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​ជូន​ឯកឧត្តម​ប្រធានាធិបតី​ក្នុងការ​ជំរុញ អ្នកវិនិយោគ​ចិន​បន្ត​មក វិនិយោគ និង​ការអភិវឌ្ឍ​ប្រទេស កម្ពុជា ពិសេស​ការបង្កើត​រោងចក្រ​ថ្មីៗ ថែមទៀត​។ ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា ចិន ដែលជា​ទំនាក់ទំនង​មាន​លក្ខណៈ​ប្រពៃណី ហើយ​អ្វីដែល​សម្តេច​ចង់ឃើញ​នោះ​គឺ ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នោះ គឺ​បន្ត ថែទាំ​និង​រក្សា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ពិសេស​គឺ​វត្តមាន​ឯកឧត្តម​ប្រធានាធិបតី​នៅ​កម្ពុជា គឺ ពិតជា​ផ្តល់នូវ​សារសំខាន់ ក្នុង​ជំរុញ​កិច្ចសហប្រតិបតិការ​ទ្វេភាគី និង​ក្នុង​តំបន់​ផងដែរ​។ សម្តេច​តេ ជោ​បានស្នើ​ឲ្យ​បន្ត​យន្តការ​ទ្វេភាគី​កាន់តែ​រឹងមាំ​។ ជាមួយគ្នានេះ​សម្តេច​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ លើក​ទី​២ នៅ​ចុងខែ​មេសា ឆ្នាំ​២០១៩​។ សម្តេច​តេ​ជោ​ក៏បាន ស្នើថា ឆ្នាំ​២០១៩​គឺជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូ​រទេស ចរណ៍​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ដល់​ឯកឧត្តម​ប្រធានាធិបតី គឺ​ធ្វើយ៉ាងណា​ឲ្យ ប្រទេស​ទាំងពីរ​អាចមាន​នូវ កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​សេរី ព្រោះ​ដោយសារ​ប្រទេស​ទាំងពីរ​មាន ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រួចមកហើយ​តាំងពីរ​ឆ្នាំ​២០១០​មក​នោះ​។

ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា គឺ​ពិត​ជាមាន​លក្ខណៈពិសេស​ខ្លាំងណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ​ទៀត ពោលគឺ​ទំនាក់ទំនង​នៃ ប្រទេស​ទាំងពីរ មាន​លក្ខ​ណៈ​សំខាន់បំផុត​។ ឯកឧត្តម​បន្តថា លក្ខណៈ​ពិសេស​គឺ​ទំនាក់ទំនង​រវាង សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​ថ្នាក់ដឹកនាំ​ចិន និង​ចាត់ទុកបាន​ឡើងដល់​កម្រិត​មួយ​ដែល​ខ្ពស់បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ​ទៀត​។ ឯកឧត្តម​បន្តថា ចិន​នឹង​កម្ពុជា នឹង​បន្ត​រួមគ្នា​សហគមន៍​ដែល​ជា​សហគមន៍​រួមគ្នា ដើម្បី​រៀបចំ​ផែនការ​ធ្វើ​កិច្ច​សហការ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​រវាង​ប្រជាជន ​និង​ប្រជាជន​។ ឯកឧត្តម​មានប្រសាសន៍​ស្វាគមន៍ ជូន​ចំពោះ​សម្តេច​ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ស្តីពី​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ នៅ​ប្រទេស​ចិន​ក្នុង​ពេលខាងមុខ​។ ឯកឧត្តម​ប្រធានាធិបតី មានប្រសាសន៍​ដែរ​ថា នៅក្នុង​ឆ្នាំ​២០១៩​នេះ ចិន​នឹង​បន្ត​នាំចូល​អង្ករ​ចំនួន​៤០​ម៉ឺន​តោន ពី​ប្រទេស​កម្ពុជា និង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កើន​ដល់ ១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣ ក្នុងនោះ​ចិន​នឹង​បន្ត​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ចិន ទៅ​វិនិយោគ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយឥតសំណង​ចំនួន ៤​ពាន់​លាន​យ័ន សម្រាប់​រយៈពេល​៣ ឆ្នាំ ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។

ក្នុងជំនួប​កំពូល​នោះដែរ សម្តេច​តេ​ជោ និង​ឯកឧត្តម​ប្រធានាធិបតី ក៏បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​អំពី​ទំនាក់ទំនង​ទ្វេ ភាគី បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់​ដូចគ្នា ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114