ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រោង​ការពារ​ទឹកជំនន់​ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤​របស់​អង្គការ​ចៃ​កា ចាប់ផ្ដើម​នៅ​ខែ​មករា​ ឆ្នាំ​២០១៩ ហើយ​គ្រោង​បញ្ចប់​នៅ​ខែ​តុលា​ ឆ្នាំ​២០២១ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ

ភ្នំពេញ​ ៖ គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤ ដែលជា​គម្រោង​ហិរញ្ញប្បទាន​របស់​ប្រទេស​ជប៉ុន តាមរយៈ​អង្គការ​ចៃ​កា​ ចាប់ផ្តើម​នៅ​ខែមករា​ ឆ្នាំ​២០១៩ ហើយ​គ្រោង​បញ្ចប់​ នៅ​ខែ​តុលា​ ឆ្នាំ​២០២១ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ។

គម្រោង​នេះ​មាន​៦​ចំណុច​សំខាន់ មាន​ទាំង​ការដាក់​បណ្តាញ​លូ​មេ សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក និង​ការ​តំឡើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​ នៃ​ស្ថានីយ​បូមទឹក​ជាដើម​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២១ ខែ​មករា​ ឆ្នាំ​២០១៩ ដែល​បាន​ចុះហត្ថលេខា​ដោយ​ លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ហើយ​ក្នុង​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក៏បាន​បញ្ជាក់​ពី​ទីតាំង​ការដ្ឋាន ដែល​ត្រូវ​សាងសង់​ការិយាល័យ​ការដ្ឋាន ឃ្លាំង និង​ទីធ្លា​ដាក់​សំណង់​នៅ​ប៉ែក​ខាងជើង​សួនច្បារ​ឫស្សី​កែវ​។

ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​ជំនួយ​ឥតសំណង លើ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​នេះ បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​។ ការអនុវត្ត​គម្រោង​នេះ នឹង​ចាប់ផ្ដើម​ពី​ខែ​មករា ឆ្នាំ​២០១៩ ហើយ​នឹង​គ្រោង​បញ្ចប់​នៅ​ខែ​តុលា ចុង​ឆ្នាំ​២០២១ ហើយ​គម្រោង​ទាំងនេះ​ចំនួន​៦​ចំណុច​សំខាន់ ក្នុង​នោះ​រួមមាន​ ៖
១.ជីក​ដាក់​បណ្ដាញ​លូ​មេ​ ប្រវែង​៨.២០០​ម៉ែត្រ ក្នុង​សង្កាត់​បឹងកក់​១ និង​បឹងកក់​២ នៃ​ខណ្ឌ​ទួលគោក​។
២.ជីក​ដាក់​បណ្ដាញ​លូ​មេ ​ប្រវែង២.៨០០​ម៉ែត្រ ក្នុង​សង្កាត់​វត្តភ្នំ និង​សង្កាត់​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ​។
៣.សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​ស្ថានីយ​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ជាប់​ដង​ទន្លេសាប។
៤.ជីក​ដាក់​បណ្ដាញ​លូ​ស្ទាក់​ទឹក​កខ្វក់ ប្រវែង​ប្រមាណ​១.៦០០​ម៉ែត្រ តាម​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់ពី​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក​ក្រោម​ដី ដើម្បី​បូមទឹក​កខ្វក់​បញ្ជូន​ទៅ​បណ្ដាញ​លូ​មេ នៅ​ផ្លូវ​លេខ​៧០​។
៥.បំពាក់​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ត្រង​សំរាម​នៅ​ស្ថានីយ​បូម​ទឹក​ចតុមុខ ស្ថានីយ​បូម​ទឹក​ព្រះ​គម្លង់ ស្ថានីយ​បូមទឹក​ផ្សារ​កណ្ដាល និង​ស្ថានីយ​បូម​ទឹក​ផ្សារ​ចាស់ ដែល​បាន​សាងសង់​រួច​នៅ​ក្នុង​គម្រោង​ជំហាន​ទី​២។
៦.ផ្គត់ផ្គង់​រថយន្ត​បំពាក់ ​ម៉ាស៊ីនបូមទឹក​ចល័ត​ចំនួន​២​គ្រឿង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114