ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ខ្សែក្រវាត់​Carabao ជុំ​ទី​២ ៖ វ៉ាន់ វឿន ជួប Yorth Vandy ឯ សេន កុសល ជួប Deuk Ken

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៥៧​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត​សប្ដាហ៍​ទី​៣ ជុំ​ទី​២ រវាង​អ្នក​ប្រដាល់​កម្ពុជា​វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា និង​អ្នក​ប្រដាល់​ថៃ Yorth Vandy ហើយ អ្នក​ប្រដាល់​កម្ពុជា ​សេន កុសល ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ ជួប អ្នក​ប្រដាល់​ថៃ Deuk Ken។​

​វ៉ាន់ វឿន និង Yorth Vandy ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក​។ តែ​យ៉ាងណា វ៉ាន់ វឿន គេ​មាន​តែម​និង​ប្រៀប​ជាង​Yorth Vandy ត្រង់​គេ​ខ្ពស់ជាង​បន្តិច ​គឺ​១,៦៧​ម៉ែត្រ​ ខណៈ​ដែល​ Yorth Vandy គេ​១,៦៥​ម៉ែត្រ​នោះ​។​ ចំពោះ​សមត្ថភាព​វិញ គឺ​ប្រហាក់ប្រហែលគ្នា​ទេ ប៉ុន្តែ​ វ៉ាន់ វឿន ចាញ់​បទពិសោធន៍ ​និង​កំណត់ត្រា​Yorth Vandy ។​

​Yorth Vandy គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​តែ​៧១​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៥៨​លើក និង ចាញ់​១៣​លើក មិនដែល​ស្មើ​។ ចំណែក វ៉ាន់ វឿន គេ​មាន​កំណត់ត្រា​ប្រកួត​៧០​លើក ឈ្នះ​៥៦​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក។​

វ៉ាន់ វឿន គេ​ប្រកួត​ជុំ​ទី​១(១២​មករា​២០១៩) គេ​វាយ​ឈ្នះ​Deuk Ken ក្នុង​ទឹក​ទី​៣ ដែល​ធ្វើ​ឲ្យ​គេ​បាន​៣​ពិន្ទុ​ហើយ សម្រាប់​ការប្រកួត​ជម្រុះ​នេះ​។ ចំណែក ការប្រកួត​ជុំ​ទី​១ របស់ Yorth Vandy (១២​មករា​២០១៩) គឺ ចាញ់​ម៉ន សា​ម៉េ​ត ដោយ​ពិន្ទុ បាន​១​ពិន្ទុ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។​

ចំពោះ​ការជួបគ្នា​រវាង​ សេន កុសល និង Deuk Ken វិញ ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​ប៉ុន្មាន​ទេ ព្រោះ Deuk Ken នេះ មិនជា​ខ្លាំង​នោះទេ ដែល​កាលពី​ជុំ​ទី​១ អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​វ៉ាន់ វឿន វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​៣។ ដូច្នេះ សេន កុសល គេ​ប្រហែលជា​អាច​យកឈ្នះ Deuk Ken នេះ​បាន​សម្រាប់​ជំនួប​ជុំ​ទី​២​នេះ។

សេន កុសល តាមពិត​គេ​មក​ជំនួស ​ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ដែល​បាន​បោះបង់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​នេះ ដោយសារ​គេ​ជាប់​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ពាន​រង្វាន់​TV5 ដែល​មិនអាច​ចោល​បាន។​
​យ៉ាងណា សេន កុសល មក​ជំនួស​កន្លែង​ម៉ន សា​ម៉េ​ត​នេះ ក៏​គេ​មិន​ខាតបង់​អ្វី​ដែរ ដោយសារ​នៅ​ជុំ​ទី​១ សា​ម៉េ​ត បាន​បន្សល់ទុក​ឲ្យ​៣​ពិន្ទុ​ទៅហើយ​ សម្រាប់ធ្វើ​ដើមទុន ពោលគឺ​ជុំ​ទី​១ កុសល បានឈ្នះ​១​ប្រកួត​ទៅហើយ។​

សេន កុសល គេ​មាន​ប្រវត្តិ​ប្រកួត​៦៤​លើក ឈ្នះ​៥០​លើក ចាញ់​១២​លើក និង ស្មើ​០២​លើក។ ឯ Deuk Ken គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​លើក ឈ្នះ​៤៨​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ។ យ៉ាង​ណា​សម្រាប់​ការប្រកួត​ជុំ​ទី​២​នេះ គេ​រំពឹងថា សេន កុសល ​នឹង​រកបាន​៣​ពិន្ទុ​បន្ថែម​មិន​ខាន ក្នុង​ការ​ជួប Deuk Ken នេះ។​

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៨ ទម្ងន់​៥៧​គីឡូក្រាម លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន​៨​រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួម​មាន​សេន កុសល ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​(​ជំនួស​ ម៉ន​ សា​ម៉េ​ត​) , វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា , លាភ រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ និង​តា​ញ់ មករា សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ​។ ឯ អ្នក​ប្រដាល់​ថៃ​៤នាក់​វិញ មាន Deuk Ken , Yorth Vandy , Dek Doeur និង Banda Sak ៕