ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ដន្ទាទោស​មន្ត្រី​ប៉ូលិស​ដែល​ប្រើ​ហិង្សា​ ដាក់គុក​មួយ​ឆ្នាំ

ភ្នំពេញ​ ៖​ មន្ត្រី​នគរបាល​ម្នាក់​ ដែល​វាយ​យុវ​សិស្ស​ម្នាក់ ​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បាន​ លោក ​លាង សំណាត់ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម ​កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ តែ​អនុវត្ត​ទោស​១​ឆ្នាំ ក្រោម​ការចោទប្រកាន់​ ពីបទ​ហិង្សា​ដោយ ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២០១៨​ នៃ​ក្រម​ព្រហ្មទណ្ឌ។​

សាលក្រម​ដដែល ​ក៏បាន​បង្គាប់​ឲ្យ​ជនជាប់ចោទ​សង​សំណង​ដល់​ជនរងគ្រោះ​ ឈ្មោះ អ៊ឹម បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ចំនួន​មួយ​ម៉ឺន​ដុល្លារ​។​

ជន​ជាប់ចោទ​ ឈ្មោះ សុន ពិសាល ឋានន្តរសក្ដិ​ព្រឹន្ទបាលឯក នាយរង​ផ្នែក​បន្ទប់ពិសោធន៍​ នៃ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ។ ជន​នេះ​ ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨។

គួរ​រំលឹក​ថា មន្ត្រី​នគរបាល​រូប​នេះ និង​បក្ខពួក​មួយ​ក្រុម​មាន​ខ្លះ​ស្លៀកពាក់​ជា​ឯកសណ្ឋាន​មន្ត្រី​នគរបាល​ជាតិ​ និង​ខ្លះ​ស៊ីវិល បាន​ចាប់​យុវជន​ម្នាក់​ដាក់​ខ្នោះ​ និង​វាយដំ រួច​ចាប់​អូស​ឡើងលើ​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ក្រសួងមហាផ្ទៃ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែង​ផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដោយ​ជនរងគ្រោះ​មាន​ស្នាម​រង​របួស​ធ្ងន់​ ត្រង់​ចិញ្ចើម​ខាង​ស្តាំ និង​ដៃ​មាន​ជាប់​ខ្នោះ​ពេល​នាំ​ទៅ​ដល់​មន្ទីរពេទ្យ។​

ក្រោយមក​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ប្ដឹង​ពី​ករណី​នេះ​ ទើប​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ជនដៃដល់ ​ហើយ​បាន​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ​សម្រេច​តាមច្បាប់។​

ក្នុង​សវនាការ ជនជាប់ចោទ​បាន​សារភាព​ពី​ទង្វើ​អគតិ​របស់​ខ្លួន ​ទើប​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស ប៉ុន្តែ​ការអនុវត្ត​ទណ្ឌកម្ម​របស់​ចៅក្រម ​លាង សំណាត់ អំពី​បទ​ ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ឲ្យ​ជាប់ពន្ធនាគារ​ត្រឹម​មួយ​ឆ្នាំ​ហាក់​ដូច​ជា ​យល់ចិត្ត​ជនជាប់ចោទ​ស៊ីជម្រៅ​ពេក​ហើយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114