ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​អប្សរា ​អនុវត្ត​សាកល្បង​គម្រោង​ចម្រោះ​ទឹក​កខ្វក់​ចេញពី​បង្គន់​តាម​ផ្ទះ​ពលរដ្ឋ ​ក្នុង​រមណីយដ្ឋាន​អង្គរ

សៀមរាប ​៖​ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រាជរដ្ឋាភិបាល​បារាំង​ក្រោម​គម្រោង ​PAAGERA(​ប៉ា​ជឺ​រ៉ា​)បាន​និង​កំពុង​អនុវត្ត​សាកល្បង​គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ខ្នាត​តូច​មួយ​កន្លែង ​ស្ថិតនៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ​នៃ​រមណីយដ្ឋាន​អង្គរ​។

ប្រព័ន្ធ​ចម្រោះ​ទឹក​នេះ ​ត្រូវបាន​អនុវត្ត​ក្នុង​បំណង​លើកកម្ពស់​សុខុមាលភាព អនាម័យ​របស់​ប្រជាជន​និង​កាត់បន្ថយ​ទឹក​កខ្វក់​ជ្រាបចូល​ក្រោម​ដី​។​

លោក ឡៃ ប៉ូ​ទី បុគ្គលិក​បច្ចេកទេស​ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​លើក​ឡើង​ថា​ គម្រោង​នេះ​គឺជា​ប្រព័ន្ធ​សុ​វុឌ្ឍិកម្ម​ទឹក ដែល​ប្រមូល​ទឹក​កខ្វក់​នៅ​តាម​បង្គន់​របស់​ប្រជាជន​យក​ទៅ​ចម្រោះ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ ព្រមទាំង​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មានការ​រស់នៅ​ក្នុង​ភាព​ប្រសើរ​ និង​ស្អាត​ជាង​ពេលមុន​។ ក្នុង​ជំហាន​សាកល្បង គម្រោង​នេះ​ បានធ្វើ​ការតភ្ជាប់​ប្រព័ន្ធ​ចម្រោះ​ជា​បណ្តាញ​តាម​បង្គន់​អនាម័យ​របស់​ប្រជាជន​ចំនួន​២៨​ខ្នង​ផ្ទះ ដោយ​ប្រើពេល​ចំនួន​បី​ខែ និង​គ្រោង​បញ្ចប់​នៅ​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩​ខាងមុខ​។

​អ្នកស្រី ទេព ព្រឿ​ន ជា​អ្នកភូមិ​ដែល​ទទួល​បានការ​ ត បណ្ដាញ​ ចម្រុះ​ទឹក​កខ្វក់​បាន​លើកឡើងថា​បង្គន់​អនាម័យ​របស់គាត់​បាន​កសាងឡើង​ជាង​១០​ឆ្នាំមុន តែ​ពុំដែល​បានរៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ចម្រោះ​នោះទេ ដូច្នេះ​ទឹក​កខ្វក់​ និង​មេរោគ​ គឺ​មាននៅ​ជុំវិញ​ទីនោះ​។

អ្នកស្រី​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​យកចិត្តទុកដាក់​លើ​សុខុមាលភាព​ប្រជាជន ជាពិសេស​ការបណ្តុះបណ្តាល​ដល់​ប្រជាជន​ឲ្យ​ចេះ​រស់នៅ​ស្អាត​ និង​មាន​អនាម័យ​ ដើម្បី​កាត់​បន្ថយ​នូវ​ប្រភព​មេរោគ​ និង​ជំងឺ​ទាំងឡាយ​ដែល​អាច​កើតមាន​។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា ​តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​ទុក្ខ​លំបាក​របស់​បងប្អូន​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដូចជា អនុញ្ញាត​ឲ្យ​មាន​ការ​ជួសជុល​កែលំអ​ផ្ទះ បង្គន់​អនាម័យ និង​កសាង​ផ្លូវថ្នល់ ស្ពាន ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ចាំបាច់​ផ្សេងៗ​ ដើម្បី​លើកកម្ពស់​ស្ថានភាព​រស់នៅ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ និង​មាន​ចំណូល​កាន់តែ​ខ្ពស់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114