ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ស្នើ​ឲ្យ​លោក​សាស្ត្រាចារ្យ​អាមេរិក​ ជួយ​ផ្តល់​បទពិសោធន៍ ​ទាក់ទិន​នឹង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​

ភ្នំពេញ​ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បានស្នើ​ឲ្យ​លោក​សាស្ត្រាចារ្យ​អាមេរិក ​ជួយផ្តល់​បទពិសោធន៍​ទាក់ទិន​នឹង​ការដោះស្រាយ​វិវាទ​ការងារ​ដល់​មន្ត្រី​អធិការកិច្ច​ក្រសួង​ ដើម្បី​យកទៅ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កន្លែងធ្វើការ​នៅ​តាម​រោងចក្រ​សហ​គ្រាស​នានា ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
​ ​
ការស្នើ​របស់លោក​រដ្ឋមន្ត្រី​នេះ ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣​ ខែមករា​ ឆ្នាំ​២០១៩ ​ខណៈដែល​លោក​បាន​អនុញ្ញាត​ឲ្យ​ លោក Richar d D. Fincher (​រី​ឆាត ឌី ហ្វី​ន​ឆើ​) ដែល​ជា​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​ខន​នែ​ល​បុរី​ញូយ៉ក សហរដ្ឋអាមេរិក ជា​សន្ធាន​ការី និង​អាជ្ញាកណ្ដាល ​រួមជាមួយ​គណៈប្រតិភូ​រប​ស់​មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួង​ការងារ​។​

លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កន្លងមក​ កម្ពុជា​ ធ្លាប់​មាន​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ការងារ​ជាច្រើន​ជាមួយ​សហរដ្ឋអាមេរិក ហើយ​កម្ពុជា​ជា​ប្រទេសមួយ​ដែល​បាន​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​បទដ្ឋាន​អន្តរជាតិ ដែល​ក្នុងនោះ​កម្ពុជា​បានផ្តល់​សច្ចាប័ន​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​ចំនួន​១៣ ដែល​មាន​អនុសញ្ញា​ស្នូរ​៨​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា កម្ពុជា​ បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ណាស់​ក្នុង​ការ​ធានា​នូវ​ការអនុវត្ត​លក្ខ​ខណ្ឌ​ការងារ​ល្អ ព្រោះថា​កម្ពុជា​ជា​ប្រទេស​ទី​១​ ដែល​ហ៊ាន​ផ្សារភ្ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​១៩៩៩​។

ទន្ទឹមនឹងនេះ​ លោក​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់ថា កំណើន ​នៃ​ឧស្សាហកម្ម ធ្វើ​ឲ្យ​មាន​ការ​កើនឡើង​នូវ​អង្គការ​វិជ្ជាជីវៈ​ជាច្រើន ដែល​នេះ​ធ្វើ​ឲ្យ​មាន​ការ​បង្កើត​ឡើង​នូវ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដែល​ជា​យន្តការ​សម្របសម្រួល​ត្រីភាគី​រួមមាន ភាគី​រដ្ឋាភិបាល សហជីព និង​និយោជក ក្នុង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ កន្លងមក មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ ក៏បាន​ចូលរួម​ការងារ​គ្នា​ជាច្រើន​ជាមួយ​ក្រសួង ក្នុង​ដោះស្រាយ​បញ្ហា​នានា ​នៅក្នុង​វិស័យ​ការងារ ហើយ​តាមរយៈ​អនុស្សរណៈ យោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​កន្លងទៅ នឹង​កាន់តែ​បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​ កាន់តែ​ប្រសើរ​ថែមទៀត​។​

លោក​បណ្ឌិត ​អ៊ិត​ សំហេង​ បាន​ឲ្យ​ដឹង​ទៀត​ថា ​មកទល់​បច្ចុប្បន្ន ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នេះ នៅ​តែ​បន្ត​យន្តការ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​។ ទន្ទឹមនឹង​ភាព​ជោគជ័យ​ទាំងអស់នេះ ក៏មាន​បញ្ហា​ប្រឈម​ផងដែរ គឺ​យន្តការ​ត្រីភាគី​នេះ កំពុងតែ​ខិតខំ​រក​មធ្យោបាយ ក្នុងការ​ធានា​នូវ​និរន្តភាព​របស់ខ្លួន ជាពិសេស​និរន្ត​ភាព​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ការ​បន្ត​ដំណើរ​កា​រងា​រត​ទៅមុខ​ ដោយ​កំពុង​សិក្សា​ធ្វើយ៉ាងណា​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នេះ អាច​មាន​ជម្រើស​ក្នុង​ការធានា​ តាមរយៈ​ការ​ដាក់​ចូល​ក្នុង​ប្រព័ន្ធ​ជាតិ មាន​ជំនួយ​មូលនិធិ​ពី​រាជរដ្ឋាភិបាល ឬ​ការលើកទឹកចិត្ត​ឲ្យ​សមគម​និយោជក និង​ដៃគូ​ពាក់ព័ន្ធ​ចូលរួម​ផ្តល់​មូលនិធិ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ឯករាជ្យ​ភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។

លោក​សាស្ត្រាចារ្យ​ រី​ឆាត ឌី ហ្វី​ន​ឆើ ​បាន​លើក​ ពីបទ​ពិសោធន៍​ការងារ​របស់​លោក​នៅ​អាស៊ី ដែល​លោក​បាន​ផ្តោត​ការយកចិត្តទុកដាក់ និង​បង្រៀន​នៅ​តាម​មហាវិទ្យាល័យ​ដូចជា នៅ​វៀតណាម ចិន និង​មី​យ៉ាន់​ម៉ា​ លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ប្រព័ន្ធ​ដោះស្រាយ​លើ​វិវាទ​ការងារ​។

លោក​សាស្ត្រាចារ្យ​បាន​ទទួលស្គាល់ថា មិន​ថា​ប្រទេស​ណា​ទេ ប្រព័ន្ធ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល តែង​មាន​បញ្ហា​ប្រឈម​ក្នុងការ​រក្សា​និរន្ត​ភាព ដែល​ប្រទេស​ខ្លះ​មាន​ជំនួយ​មូលនិធិ​ពី​តែ​ភាគី​រដ្ឋាភិបាល និង​ប្រទេស​ខ្លះទៀត​ពី​ខាង​ភាគី​និយោជក និង​ខាង​សហជីព​។

ទាក់ទិន​នឹង​សំណើ​របស់​លោក​រដ្ឋមន្ត្រី លោក​សាស្ត្រាចារ្យ​បាន​សំដែង​នូវ​ក្តី​រីករាយ ក្នុង​ការ​ត្រៀមខ្លួន​ជួយ​បណ្ដុះបណ្ដាល​លើ​មន្ត្រី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ពេល​ដែល​ក្រសួង​បាន​បង្កើត​វិទ្យាស្ថាន​ជាតិ​ការងារ​នាពេលខាងមុខ​ឆាប់ៗ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114