ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ជាវ តា​យ បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​រៀបចំ​ធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន​

កំពត ៖ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ១​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ និង​អនុគណៈកម្មការ ដើម្បី​រៀបចំ​ធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី នៅ​រោងចក្រ​ពូ​ចិន ស្ថិត​ក្នុង​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​កំពត​។

កិច្ចប្រជុំ​នេះ ក៏មាន​សមាសភាព​អញ្ជើញ​ចូល​រួមមាន​ គណៈ​អភិបាលខេត្ត នាយក នាយករង​សាលា​ខេត្ត អភិបាល ​នៃ​គណៈ​អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ ប្រធាន អនុប្រធាន ការិយាល័យ​ចំណុះ​សាលាខេត្ត សរុប​ចំនួន​៩៣​រូប​។​

ក្នុង​កិច្ចប្រជុំ​នា​រសៀល​នេះ ក៏បាន​ផ្តោតលើ​ការងារ​សំខាន់ៗ ក្នុង​ការ​បែងចែក​ដើម្បី​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ជូន​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី នៅ​រោងចក្រ​ពូ​ចិន ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​នឹង​ប្រព្រឹត្តទៅ ​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ខាងមុខនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114