ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ពូ​ទីន និង​លោក អា​បេ រៀបចំ​កិច្ចប្រជុំ​កំពូល​ដើម្បី​បំបែក​ភាពជាប់គាំង​ជុំវិញ​បញ្ហា​កោះ

មេដឹកនាំ​រុស្ស៊ី​និង​ជប៉ុន​បាន​ជួបគ្នា​ក្នុង​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​អំពី​ខ្សែសង្វាក់​កោះមាន​ជម្លោះ​ដែល​បាន​រារាំង​ដល់​សន្ធិសញ្ញា​សន្តិភាព​បញ្ចប់​សង្គ្រាមលោកលើកទី​២​។ ប៉ុន្តែ​វោហា​សាស្ត្រ​នាពេល​ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​ក្តីសង្ឃឹម​នៃ​ការ​បំបែក​ភាពទាល់ច្រក​មួយ​ត្រូវ​ថយចុះ​។​

ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ គឺជា​លើក​ទី​២៥​ហើយ​ដែល​លោក​និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ជួបគ្នា​ចាប់តាំងពី​ឆ្នាំ​២០១៣​មកហើយ​វា​ជាការ​ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ្នក​ទាំងពីរ​ក្នុងការ​បង្កើត​កិច្ចសហប្រតិបត្តិការ​បើ​ទោះបីជា​ពួកគេ​មិន​យល់​ស្របគ្នា​លើ​ប្រជុំ​កោះ Kuril ក៏ដោយ​។​

កងទ័ព​សូ​វៀតបាន​រឹបអូស​យក​កោះ​ចំនួន​បួន​នៅ​ចន្លោះ​សមុទ្រ Okhotsk និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​សង្គ្រាមលោកលើកទី​២​។​

ការបដិសេធ​របស់​ក្រុង​តូ​ក្យូ​ចំពោះ​ការទទួលស្គាល់​អធិបតេយ្យ​ភាព​របស់​ក្រុង​មូ​ស្គូ​បាន​រារាំង​ដល់​សន្តិភាព​អស់​រយៈពេល​ជាង​៧​ទសវត្សរ៍​មកហើយ។

ថ្វីបើ​មាន​ភាព​រីកចម្រើន​ផ្នែក​ការទូត​ចាប់តាំងពី​ខែវិច្ឆិកា​នៅពេលដែល​មេដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ដើម្បី​បង្កើន​កិច្ចចរចា​សន្តិភាព​ក៏ដោយ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​ថ្មីៗ​ពី​ប្រទេស​ទាំងពីរ​បានបង្ហាញ​ថា ការសម្រុះសម្រួល​មួយ​នៅតែ​ស្ថិតក្នុង​មន្ទិលសង្ស័យ។

ក្រុង​មូ​ស្គូ​បាន​ឆ្លើយតប​ទាំង​ខឹងសម្បា​ចំពោះ​សារលិខិត​ឆ្នាំ​ថ្មី​របស់លោក​អា​បេ​ដែល​ក្នុងនោះ​លោក​បាន​និយាយថា ជនជាតិ​រុស្ស៊ី​ដែល​កំពុង​រស់នៅ​លើ​កោះ​ទាំងនោះ​គួរតែ​ត្រូវបាន​គេ​ជួយ​ដើម្បី​ទទួលស្គាល់ថា “​អធិបតេយ្យភាព​ផ្ទះ​របស់​ពួកគេ​នឹង​ផ្លាស់ប្តូរ​”​។​

កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយថា ជប៉ុន​ត្រូវតែ​បញ្ឈប់​ការនិយាយ​សំដៅទៅ​ប្រជុំ​កោះ​នោះ​ថា​ជា “Northern Territories” នៅក្នុង​ច្បាប់​។ លោក​ក៏បាន​រៀបរាប់​ពី​សម្ព័ន្ធភាព​យោធា​របស់​ទីក្រុង​តូ​ក្យូ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ថា​ជា​បញ្ហា​ផងដែរ​។​

លោក Lavrov បាន​និយាយថា ដើម្បី​ឲ្យ​កិច្ចពិភាក្សា​នេះ​ដំណើរការ​ទៅមុខ ទីក្រុង​តូ​ក្យូ​ចាំបាច់​ត្រូវតែទទួលស្គាល់​អធិបតេយ្យ​ភាព​របស់​រុស្ស៊ី​លើ​ប្រជុំ​កោះ Kuril​។​

គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​មូ​ស្គូ​របស់លោក​អា​បេ​គឺជា​ជើង​ទីមួយ​នៃ​ការធ្វើដំណើរ​ទៅកាន់​ទ្វីបអឺរ៉ុប​ដែល​ក៏​នឹង​រួមបញ្ចូល​ទាំង​សុន្ទរកថា​មួយ​នៅ​វេទិកា Davos ក្នុងប្រទេស​ស្វី​ស​នៅ​ថ្ងៃ​ពុធ​ផងដែរ​។​
មុន​ពេល​ចាកចេញ លោក​បាន​ទទួល​ស្គាល់​ថា “​ការ​ចរចា​​ជាមួយ​រុស្ស៊ី​គឺជា​បញ្ហា​ប្រឈម​អស់​រយៈពេល​ជាង​៧០​ឆ្នាំ​មក​ហើយ​ និង​សង្ឃឹមថា ​នឹង​មាន​ការពិភាក្សា​គ្នា​ដោយ​ស្មោះ​ត្រង់​ជាមួយ​លោកពូ​ទីន៕ AFP

​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114