អគ្គរដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសម៉ិកស៊ិក បានបើកការស៊ើបអង្កេតមួយទៅលើអ្វីដែលបណ្តាលឲ្យមានការផ្ទុះបំពង់បង្ហូរប្រេងដ៏សាហាវមួយ។ ការស៊ើបអង្កេតនេះក៏រាប់បញ្ចូលទាំងការធ្វេសប្រហែស ដែលអាចធ្វើឡើងដោយអាជ្ញាធរផងដែរ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់៩១នាក់។
វានៅតែមិនទាន់ដឹងច្បាស់ថាតើមានហេតុការណ៍អ្វីដែលឈានទៅដល់ការផ្ទុះកាលពីថ្ងៃសុក្រមុនដែលបានកើតឡើងខណៈមនុស្សរាប់រយនាក់បានប្រញាប់ប្រញាល់ទៅប្រមូលប្រេងឥន្ធនៈដែលធ្លាយពីបំពង់មកដាក់ធុងនៅក្បែរទីក្រុង Tlahuelilpan នៃរដ្ឋ Hidalgo ភាគកណ្តាល។
ចំនួនអ្នកស្លាប់ពីការផ្ទុះនិងអគ្គិភ័យបានកើនឡើងដល់៩១នាក់បន្ទាប់ពីជនរងគ្រោះពីរនាក់បន្ថែមទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ នេះបើតាមការឲ្យដឹងពីលោកអភិបាល Omar Fayad ដែលបានប្រាប់បណ្តាញវិទ្យុម៉ិកស៊ិក Formula។
លោកបាននិយាយថា “ជាអកុសល យើងមានអ្នករងរបួសចំនួន៥២នាក់ដែលភាគច្រើននៃពួកគេគឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ”។
ស្របពេលជាមួយគ្នានោះ អគ្គរដ្ឋអាជ្ញាលោក Alejandro Gertz បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់ថាតើនរណាជាអ្នកទម្លាយបំពង់បង្ហូរប្រេងនិងថាតើអ្នកស្រុកជាអ្នកធ្វើសកម្មភាពឬជាក្រុមឧក្រិដ្ឋជនដែលបានលួចប្រេងឥន្ធនៈ។
លោក Gertz បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការធ្វេសប្រហែសរបស់អាជ្ញាធរដែលទទួលខុសត្រូវចំពោះបំពង់បង្ហូរប្រេងនោះក៏ជាបញ្ហាសំខាន់ផងដែរនៅក្នុងការស៊ើបអង្កេត។
លោកបាននិយាយថា “កាលវិភាគនៃព្រឹត្តិការណ៍នេះត្រូវតែធ្វើឲ្យច្បាស់លាស់និងត្រឹមត្រូវ។ ដើម្បីធ្វើបែបនេះ យើងនឹងពិភាក្សាជាមួយរាល់អាជ្ញាធរដែលបានធ្វើអន្តរាគមន៍”។
ការសួរចម្លើយនឹងធ្វើឡើងចំពោះមន្ត្រីមកពីក្រសួងការពារជាតិ ប៉ូលិស ក្រុមហ៊ុនប្រេងរដ្ឋ Pemex និងការិយាល័យរដ្ឋាភិបាលរដ្ឋ Hidalgo ព្រមទាំងការិយាល័យរបស់រដ្ឋអាជ្ញាផងដែរ។
អាជ្ញាធរនិយាយថា វាអាចចំណាយពេលជាច្រើនសប្តាហ៍ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះទាំងអស់នៃការផ្ទុះនោះដែលភាគច្រើននៃពួកគេត្រូវបានដុតមើលលែងស្គាល់៕ AFP