ព័ត៍មានទាន់​ហេតុការណ៏
Search

មានការ​អំពាវនាវ​សុំ​សន្តិភាព​ ខណៈ​សាកសព​របស់​និស្សិត​អ៊ីស្រាអែល​វិល​ត្រឡប់​មក​ដល់ផ្ទះ​វិញ

ប្រជាជន​អូស្ដ្រាលី​ បានធ្វើការ​លា​ជា​លើកចុងក្រោយ​ចំពោះ​និស្សិត​អ៊ីស្រាអែល​ឈ្មោះ Aya Maasarwe នៅក្នុង​ពិធី​អធិស្ឋាន​និង​ពិធី​តាមបែប​សាសនា​ខណៈ​ដែល​ឪពុក​របស់​នាង​ត្រៀម​វិល​ត្រឡប់​ទៅផ្ទះ​វិញ​ជាមួយ​សាកសព​របស់​នាង​នៅ​ថ្ងៃ​អង្គារ​, មួយ​សប្តាហ៍​ បន្ទាប់ពី​នាង​ត្រូវបាន​គេ​ចាប់​រំលោភ​និង​សម្លាប់​។​
សាកសព​និស្សិត​វ័យ​២១​ឆ្នាំ​រូបនេះ​ត្រូវបាន​ប្រទះឃើញ​ដោយ​អ្នកដំណើរ​នៅក្បែរ​ចំណត​រថភ្លើង​អគ្គិសនី​មួយ​ក្នុង​ទីក្រុង​មែ​ល​ប៊​ន​ដែលជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​២​របស់​ប្រទេស​អូស្ត្រាលី​នៅ​ព្រឹក​ថ្ងៃ​ពុធ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​នាង​ត្រូវបាន​វាយប្រហារ​ខណៈពេល​កំពុង​ធ្វើដំណើរ​មក​ផ្ទះ​។​

ករណី​ឃាតកម្ម​របស់​នាង Aya Maasarwe បានធ្វើ​ឲ្យ​ប្រជាជន​អូស្ត្រាលី​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​និង​បាន​បណ្ដាល​ឲ្យ​មាន​ទុក្ខសោក​ដ៏​ធំ​សម្បើម​ដោយ​មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​ការប្រមូលផ្តុំ​ដើម្បី​រម្លឹក​ដល់​នាង​ហើយ​បានលើកឡើង​ជា​សំណួរ​អំពី​សុវត្ថិភាព​របស់​ស្ត្រី​នៅតាម​ដងផ្លូវ​សាធារណៈ​។​
លោក Codey Herrmann អាយុ​២០​ឆ្នាំ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​និង​ឃាតកម្ម​ហើយ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​មន្ទីរឃុំឃាំង​រង់ចាំ​សវនាការ​មួយទៀត​នៅ​ថ្ងៃទី​៧​ខែមិថុនា​។​

ឪពុក​របស់​នាង​ឈ្មោះ Saeed Maasarwe ដែល​បាន​ជិះ​យន្ដហោះ​ទៅ​ទីក្រុង​មែ​ល​ប៊​ន​ក្រោយពី​ដឹង​អំពី​ការស្លាប់​របស់​កូនស្រី​គាត់​បាន​និយាយថា គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​និង​ត្រូវបាន​លួងលោម​ដោយ​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​។​
លោក Maasarwe បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា “​នេះ​គឺជា​សារ​ដែល​យើង​ចង់​បញ្ជូន យើង​ចង់​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែមាន​សន្តិភាព​និង​មាន​សុវត្ថិភាព​ហើយ​កាន់តែ​ស្រស់ស្អាត​និង​មាន​ស្នាមញញឹម​ថែម​ទៀតហើយ​ថែមទាំង​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​ផងដែរ​”​។​

គាត់​និយាយថា “​វា​មិនមែន​មកពី​ខ្ញុំ​ទេ នេះ​គឺ Aya​។ ខ្ញុំ​និយាយ​នៅក្នុង​សំឡេង​របស់ខ្ញុំ​ប៉ុន្តែ​នេះ​ជា​ចិត្ត​របស់ Aya”​។ គាត់​បាន​បន្ថែមថា គាត់​ប្រាថ្នា​ឲ្យ​មនុស្ស​មើលឃើញ​ពន្លឺ​នៅក្នុង​ទី​ងងឹត​ហើយ​មិន​ស្ថិតនៅក្នុង​ទី​ងងឹត​ទេ​”​។​

គួរ​បញ្ជាក់ថា ព័ត៌មាន​លម្អិត​នៃ​ការវាយប្រហារ​នេះ​ត្រូវបាន​រក្សាទុក​ដោយ​តុលាការ​តាម​ការស្នើសុំ​របស់​ព្រះរាជអាជ្ញា​ខណៈដែល​គ្រួសារ​របស់​នាង Maasarwe មិនទាន់​ត្រូវបាន​គេ​ប្រាប់​នៅឡើយ​ទេ​ចំពេល​មាន​របាយការណ៍​អំពី​ព័ត៌មាន​សាហាវព្រៃផ្សៃ៕ AFP