ព័ត៍មានទាន់​ហេតុការណ៏
Search

បារាំង​និង​អាល្លឺម៉ង់​ស្វែងរក​ចំណងទាក់ទង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សន្ធិសញ្ញា​មួយ​មុន Brexit

ប្រទេស​បារាំង​និង​អាល្លឺម៉ង់​ នឹង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​ថ្មី​មួយ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ស្វែងរក​ការជំរុញ​សម្ព័ន្ធភាព​មួយ​ ខណៈ​ចក្រភព​អង់គ្លេស​ត្រៀម​ចាក​ចេញពី​សហភាព​អឺរ៉ុប​និង​ស្របពេល​ភាព​ជាតិនិយម​កំពុង​កើនឡើង​នៅ​ជុំវិញ​ទ្វីប​នេះ​។​
​លោក​ប្រធានាធិបតី Emmanuel Macron និង​លោកស្រី​អធិការបតី Angela Merkel នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ដែល​សន្យា​ធ្វើ​ឲ្យ​ចំណងទាក់ទង​ខាង​សេដ្ឋកិច្ច​និង​ការពារជាតិ​កាន់តែ​មាន​ភាព​ជ្រាលជ្រៅ​ព្រមទាំង​ការប្តេជ្ញាចិត្ត​ចំពោះ​សហភាព​អឺរ៉ុប​ផងដែរ​។ កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​ចុះហត្ថលេខា​នៅក្នុង​ទីក្រុង Aachen របស់​ប្រទេស​អាល្លឺម៉ង់​។​

ការិយាល័យ​ប្រធានាធិបតី​បារាំង​បាន​និយាយថា វា​គឺជា​ពេលវេលា​ដ៏​សំខាន់​មួយ​សម្រាប់​ការ​បង្ហាញថា ទំនាក់ទំនង​គឺជា​គ្រឹះ​មួយ​ដែល​អាច​ចាប់ផ្តើម​ឡើងវិញ​ដោយ​ខ្លួនឯងបាន​ដើម្បី​ពង្រឹង​ដល់​គម្រោង​របស់​អឺរ៉ុប​។​

លោកស្រី Merkel និង​លោក Macron នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ពិធី​រំឭក​ខួប​នៃ​សន្ធិសញ្ញា​កិច្ចសហប្រតិបត្តិការ​បា​រាំង – អាល្លឺម៉ង់​ឆ្នាំ​១៩៦៣​ដោយ​លោក Charles de Gaulle របស់​បារាំង​និង​អធិការបតី​អាល្លឺម៉ង់​នៅពេលនោះ​គឺ​លោក Konrad Adenauer​។​

សន្ធិសញ្ញា​ថ្មី​នេះ​មាន​គោលបំណង​បង្កើត​ទំនាក់ទំនង​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា “​ចលករ​បារាំង – អាល្លឺម៉ង់​” ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សម្ព័ន្ធភាព​គន្លឹះ​នៅក្នុង​ទ្វីបអឺរ៉ុប​រវាង​មហាអំណាច​សេដ្ឋកិច្ច​និង​នយោបាយ​ទាំងពីរ​។​

លោក Macron ដែល​ឡើងកាន់​អំណាច​នៅ​ខែឧសភា​ឆ្នាំ​២០១៧​គឺ​បាន​ស្វែងរក​ការគាំទ្រ​ពី​លោកស្រី Merkel សម្រាប់​កំណែទម្រង់​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប​ក្នុង​គោលបំណង​ដើម្បី​ស្ដារឡើងវិញ​នូវ​ជំនឿ​លើ​ស្ថាប័ន​របស់ខ្លួន​និង​ទប់ស្កាត់​ការកើនឡើង​នូវ​លទ្ធិ​ប្រជា​និយម​។​
សន្ធិសញ្ញា​នេះ​បានធ្វើ​ឲ្យ​ប្រទេស​បារាំង​និង​អាល្លឺម៉ង់​មាន​ទំនាក់ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​រួមទាំង​លទ្ធភាព​នៃ​ការដាក់​ពង្រាយ​រួមគ្នា​ផងដែរ​ក្នុងករណី​មានការ​វាយប្រហារ​ភេរវកម្ម​។​

ប្រទេស​ទាំងពីរ​ក៏​អាច​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ផងដែរ​លើ​លទ្ធកម្ម​ដូចជា​ការទិញ​ឬ​ការអភិវឌ្ឍ​រថក្រោះ​ឬ​យន្ដហោះ​ចម្បាំង​ថ្មី៕ AFP