ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ធនធានធម្មជាតិ​រុស្ស៊ី នឹង​មក​ចូលរួម​កិច្ចប្រជុំ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​កិច្ចប្រជុំ​មួយ​ចំនួន​ទៀត ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ធនធានធម្មជាតិ​រុស្ស៊ី លោក ឌី​មី​ត​ទ្រី កូ​ប៊ី​ល​គីន (Mr. Dmitry Kobylkin) នឹង​មក​ចូលរួម​កិច្ចប្រជុំ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​កិច្ចប្រជុំ​មួយ​ចំនួន​ទៀត ដូចជា សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​ជាដើម ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា រយៈពេល​២​ថ្ងៃ កម្ពុជា នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា តប​តាម​ការ​អញ្ជើញ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា លោក ឌី​មី​ត​ទ្រី កូ​ប៊ី​ល​គីន (Mr. Dmitry Kobylkin) រដ្ឋមន្ត្រី​ធនធានធម្មជាតិ និង​បរិស្ថាន​នៃ​សហព័ន្ធ​រុស្ស៊ី នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​សហប្រធាន​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស ជាមួយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំ​សហប្រធាន​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី នឹង​ពិនិត្យ​ពិភាក្សា​ការ​វិវឌ្ឍ​ដែល​សម្រេច​បាន​ពី​សម័យប្រជុំ​លើក​ទី​១០ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ព្រមទាំង​កំណត់​មាគ៌ា​ថ្មី​សម្រាប់​សកម្មភាព​ជាក់លាក់ ដើម្បី​លើក​កំពស់​ភាពជា​ដៃគូ និង​ការប្រើប្រាស់​សក្តានុពល​សម្រាប់​វិស័យ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​។

ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា លោក Dmitry Kobylkin នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ លោក​សាយ សំ​អាល រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114