ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ត្រៀម​កោះហៅ​កីឡាករ​ប្រមូលផ្តុំ​ត្រៀម​ប្រកួត​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន

យោង​តាម​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) លើក​ទី ១៦ នៅ​ឯ​ស្នាក់​ការ​កណ្តាល​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ចុងឆ្នាំ​២០១៨ បាន​បង្ហាញ​លទ្ធផល​ថា កម្ពុជា ទទួល​បាន​សិទ្ធិ ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​បាល់ទាត់​ជើងឯក​យុវជន​ក្រោយ​អាយុ​២២​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U22 Championship នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ​។

តាម​ពិត​ទៅ​ពានរង្វាន់​ប្រភេទ​យុវជន U22 នេះ​ត្រូវ​បាន AFF សហការ​គ្នា​បង្កើត​ឡើង​វិញ នៅ​ឆ្នាំ​២០១៩ ខាងមុខ ក្រោយពី​ខកខាន​ជា​យូរ​មក​ហើយ ពោល​គឺ​តាំងពី​ឆ្នាំ ២០០៥ មក​ម្ល៉េះ​។ គណៈកម្មការ​ក៏បាន​កំណត់​ដែល​ថា ​ក្រុម​ខ្លាំង​ជាង​គេ​ចំនួន​៤​ក្រុម នៃ​ពានរង្វាន់ AFF U22​នេះ នឹង​ទទួល​បាន​កៅអី​ឡើង​ទៅ​លេង​ក្នុង​វគ្គ​ជម្រុះ​ពាន​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ (U23) ប្រចាំ​ទ្វីបអាស៊ី (AFC U-23 ) ផងដែរ​។

សម្រាប់​គម្រោង​ប្រកួត​នៅ​ឆ្នាំ​ក្រោយនេះ​បាន​ចាប់​ពូ​ល​ក្រុម​ចូលរួម​ប្រកួត​រួចរាល់​ហើយដោយ​ពូ​ល​A មាន​ដល់​ទៅ​៦​ក្រុម រួមមាន​ក្រុម​ជម្រើសជាតិ​ថៃ វៀតណាម ទី​ម័​រ​ខាងកើត ឡាវ ប្រ៊ុយណេ និង​ហ្វីលីពីន ខណៈ​ពូ​ល B មាន​កម្ពុជា ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី​។ ការប្រកួត​ធ្វើឡើង​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។

ចំណែក​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា នឹង​កោះហៅ​និង​ប្រមូលផ្តុំ​កីឡាករ​ចាប់ពី​ចុង​សប្ដាហ៍​នេះ​តទៅ ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក Felix Agustin Dalmas ដែលជា​គ្រូបង្វឹក​។ ចំណែក​កីឡាករ​នឹង​ជ្រើស​រើសយក​៤០​នាក់​ដំបូង ហើយ​បន្ត​ជម្រុះ​ចេញ​យកតែ​២៣​នាក់​មុន​កម្មវិធី​ប្រកួត​ពានរង្វាន់​អន្តរជាតិ​ខាងលើ​មកដល់​។

សូម​រំលឹក​ថា ​ប្រកួត​ចុងក្រោយ​កាលពី​ឆ្នាំ​២០០៥ ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ មាន​ក្រុម​ចំនួន​៨ ដោយ​បែង​ចែក​ជា​២​ពូ​ល​។ ចំពោះ​ក្រុម​កម្ពុជា បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្រោយ​ចាញ់​ទាំង​៣​ប្រកួត​គឺ​ចាញ់​សឹង្ហ​បុរី ៣​ទល់​២ ហើយ​ចាញ់​ថៃ ៨​ទល់​០ និង​បន្ត​ចាញ់​ឡាវ ៣​ទល់​០​។ ក្រុម​ម្ចាស់ផ្ទះ​បាន​គ្រង​តំណែង​ជើងឯក​នៅ​គ្រានោះ​ក្រោយ​យកឈ្នះ​សិង្ហ​បុរី ៣​ទល់​០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

តាម​គម្រោង​នៅក្នុង​ប្រកួត​បើកឆាក​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ត្រូវ​ជួប​សិង្ហ​បុរី នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ហើយ​បន្ត​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ព្រមទាំង​ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២២ ខែកុម្ភៈ និង​ចុងក្រោយ​បិទ​ពូ​ល​ត្រូវ​ប៉ះ ក្រុម​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114