ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ដ្រី​មេម៉ាយ​វ័យក្មេង ត្រូវ​ប្ដី​មាន​ស្រី​ថ្មី​រត់ចោល​ទុក​ឲ្យ​នាង​ចិញ្ចឹម​កូន​បីនាក់​យ៉ាង​វេទនា

​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​វ័យ​២៤​ឆ្នាំ​ម្នាក់ រួម​ជា​មួយ​កូនតូចៗ​៣​នាក់​ទៀត ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន​បាន​ដឹក​ដៃ​និង​ពរ​កូន​ដើររក​ប្ដី​ដោយ​រក​មិនឃើញ​បាន​ឆៀង​ចូល​សាលាសង្កាត់​ចោមចៅ​ទី​៣​ហើយ​ត្រូវ​បាន​មន្ដ្រី​សាលាសង្កាត់​ឧបត្ថម្ភ​ជា​ថវិកា​បន្ដិចបន្ដួច ​ដើម្បី​ជួយ​ដោះ​ទ័ល​បាន​មួយ​គ្រា​ហើយ​នាង​បាន​និយាយ​រៀបរាប់​ពី​ដំណើរ​ជីវិត​ឲ្យ​មន្ដ្រី​សាលាសង្កាត់​បានដឹង នា​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​នេះ ​នៅ​សាលាសង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ស្ត្រី​កំសត់​ខាងលើ​ឈ្មោះ ញ៉ែ​ត ម៉ី អាយុ​២៤​ឆ្នាំ មានកូន​៣​នាក់ ប្រុស​២​នាក់ ស្រី​ម្នាក់ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិតំណាក់​ត្រ​យឹ​ង ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត។ ចំណែក​ប្តី​រត់​ចុះ​ចោល​បាត់ ឈ្មោះ ប៊ុន ង៉ែត អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់។

តា​មកា​រយំ​រៀបរាប់​ពី​ស្ត្រី​ខាងលើ បាន​ឲ្យ​ដឹង​ថា នាង​ក្រោយពី​ធំ​ក្រមុំ​ពេញវ័យ ត្រូវ​បាន​ម្តាយធំ (​ព្រោះ​នាង​កំព្រា​ឪពុកម្តាយ​) រៀបចំ​ឲ្យ​មាន​គូ​រក​ស្រករ ជាមួយ​បុរស​ខាងលើ​ជា​ប្ដី​ប្រពន្ធ កាលពី​អំឡុង​ឆ្នាំ​២០១២ ដោយ​បាន​រៀបការ​ត្រឹមត្រូវ ទទួលស្គាល់​ពី​ញាតិ​សងខាង រហូតមកដល់​ពេលនេះ​នាង​មានកូន​៣​នាក់ ក្នុងបន្ទុក កូនពៅ​អាយុ​៨​ខែ។

នាង​បន្ត​ទៀត​ថា ក្នុង​ស្ថានភាព​ទីទ័លក្រ ទាំង​ប្តី​ប្រពន្ធ កូន​នាំគ្នា​មក​ស្នាក់នៅ​ទីក្រុង​ភ្នំពេញ ក្នុង​របរ ប្តី​ជា​កម្មករ​សំណង់ ចំណែក​នាង ដោយសារ​កូនតូចៗ​ឲ្យ​រញ៉ុង ទើប​ទៅណា​មិន​រួច ប្តី​ឲ្យ​នៅចាំ​ផ្ទះ​មើលថែ​កូន។ តែ​អ្វី​មិន​នឹកស្មាន​ដល់ គ្រា​កំសត់​កម្រ រស់នៅ​ជា​ប្តី​ប្រពន្ធ ជាមួយគ្នា​ក្នុង​ដំណើរ​ផ្លូវ​ជីវិត​៩​ឆ្នាំ ស្រាប់តែ​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​កន្លង​មក​នេះ​ លោក​ប្តី​របស់​នាង មាន​ស្រី​ថ្មី​ហើយ​រត់​ចុះ​ចោល​បាត់​ទុក​ឲ្យ​នាង​ទទួលរង​នូវ​បន្ទុក​មួយ​ដ៏​ធ្ងន់ធ្ងរ ធ្លាក់​មក​លើ​រូប​នាង ដោយ​បាន​បីបាច់​ចិញ្ចឹម​កូន​៣​នាក់ ទាំង​ជីវភាព​តោកយ៉ាក គ្មាន​ប្រាក់​មួយ​រៀល សម្រាប់​បាយទឹក​កូន​ទាំង​៣​នាក់ រស់​ដោយ​ក្តី​វេទនា។ ដោយ​ទ្រាំ​នូវ​ក្តី​ឈឺចាប់​ផ្លូវចិត្ត និង​ជីវភាព​មិនបាន​ណាមួយ​ស្ថិតក្នុង​ក្ដី​អស់សង្ឃឹម​ទើប នា​រសៀល​ថ្ងៃទី​២២ ខែមករា​នេះ នាង​បាន​សម្រេចចិត្ត ដឹក​ដៃ និង​ពរ​កូន ដើរ​ស្វែងរក​ប្តី តែ​មិនឃើញ ក៏​ចូល​សាលាសង្កាត់​ចោមចៅ​៣​ក្នុង​គោលបំណង​ឲ្យ​ជួយ​ដឹងឮ​ក្រែង​គេ​អាចជួយ​រក​ប្ដី​នាង​។

ក្តី​ទុក្ខ​លំបាក​វេទនា របស់​ស្ត្រី​ម៉េ​ម៉ា​យ​ទុរគត​រូប​នេះ ត្រូវ​បាន​លោក​ចៅសង្កាត់ ចៅសង្កាត់​រង ចោមចៅ​៣ ជួយឧបត្ថម្ភ​ជា​ទឹកប្រាក់​មួយចំនួន ជូន​ដល់​ស្ត្រី​កំសត់​រូប​នេះ​គ្រាន់​បាន​ដោះ​ទ័ល​បាន​មួយគ្រាៗ​ផង​ដែរ ហើយ​នាង​បាន​ដង្ហោយ​ហៅ​រក​លោក​ប្ដី​មេត្តា​វិល​មកវិញ​បើ​មិន​អាណិត​ប្រពន្ធ​ក៏​អាណិតកូន​ផង​ ព្រោះ​ពួកគេ​នៅ​តូចៗ​ណាស់​មិនទាន់​ដឹង​អ្វី​ដែល​ហៅថា​ជីវិត​នោះ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114