ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​ក្រុម​វិសាខា នៅតែ​សម្លឹង​ឃើញ​ចំណុច​ខ្វះខាត​របស់​កូនក្រុម​ក្រោយ​ត្រឡប់​មកពី​បោះ​ជំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ

​ក្លិប​កីឡាបាល់ទាត់​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានបញ្ចប់​ការប្រកួត​មិត្តភាព ក្នុង​កម្មវិធី​ដំណើរ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​របស់ខ្លួន នៅ​ប្រទេស​ថៃ​កាលពីពេល​ថ្មីៗ​ក្រោយ​ប្រើ​រយៈពេល​ជាង​១០​ថ្ងៃ ខណៈ​ក្រុម​នេះ​នៅតែ​រក្សា​នូវ​កំណត់ត្រា​មិន​ស្គាល់​ចាញ់​នោះឡើយ​។

លោក ហុក សុ​ជីវ័ន គ្រូបង្វឹក​របស់​ក្រុម​វិសាខា បាន​លើកឡើងថា «​អ្វី​យើង​នៅ​ស្ទើរ​បន្តិច​នោះ គឺ​ការ​ប្រយុទ្ធ​នៅ​មិនទាន់​ស៊ីចង្វាក់​១០០​ភាគរយ​នៅឡើយ​។ កីឡាករ​ខ្មែរ​យើង​ពិបាក​រក​អ្នកលេង​ប្រយុទ្ធ​មួយ​ដែល​យល់ចិត្ត​គ្នា បើ​ប្រៀបធៀប​ជាមួយ​កីឡាករ​កូរ៉េខាងជើង​ដែល​គេ​ស៊ីចង្វាក់​គ្នា​ល្អ​។ ប៉ុន្តែ​យើង​ក៏​ឃើញ​ពី​ភាព​រីកចម្រើន​កាន់តែច្រើន ហើយ​យើង​ក៏​ព្យាយាម​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​ល្អ​ដើម្បី​ត្រៀម​ក្របខណ្ឌ​កំពូល និង​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​»​។

ចំពោះ​លទ្ធផល​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ របស់​ក្លិប​កីឡាបាល់ទាត់​វិសាខា កន្លងមក​គឺ​ធ្លាប់​បានឈ្នះ​ក្លិប PAHANG FA របស់​ម៉ាឡេស៊ី ៣-១ បន្ត​ឈ្នះ​ក្លិប RSU FC ៥-០ ហើយ​ស្មើគ្នា​ជាមួយ​ក្លិប MOF CUSTOMS UNITED ១-១ តែ​វាយបក​យកឈ្នះ​វិញ ១-០ ក្នុងជំនួប​មិត្តភាព​លើក​ទី​២ បន្ត​យកឈ្នះ​ក្លិប Air Force United ១-០ និង​ចុងក្រោយ​ស្មើ​ក្លិប BTU United ២-២​។

​ក្លិប​លេខ​៣​ឆ្នាំ​ចាស់​ក្នុង​លី​គ​កំពូល​កម្ពុជា​នេះ បានរៀបចំ​កម្មវិធី​បោះជំរុំ​ហ្វឹកហាត់ Pre-Season Tour នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​៧ ខែមករា ដល់​១៨ ខែមករា ឆ្នាំ​២០១៩ ខណៈ​ក្រុម​នេះ​នៅតែ​បន្ដ​ហ្វឹកហាត់ និង​ប្រកួត​មិត្តភាព​ក្នុងស្រុក​មួយចំនួន ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី ទាំង​ការប្រកួត​ក្របខណ្ឌ​លីគកំពូល​កម្ពុជា​និង​ពាន​រង្វាន់​សម្ដេចតេជោ​ ហ៊ុន សែន លើក​ទី១៣ ឆ្នាំ២០១៩ ខាង​មុខ៕