ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​TACOMA បើក​បុក​ម៉ូតូ​២​គ្រឿង​ស្លាប់​ម្នាក់ របួស​ម្នាក់ ជនបង្ករ​រត់គេចខ្លួន

កណ្តាល​ ៖ មនុស្ស​ស្រី​ម្នាក់​រង​របួស​ធ្ងន់​ គ្មាន​សង្ឃឹម​រស់​និង​ម្នាក់ទៀត​រង​របួស​ស្រាល ដោយសារ​ករណី​គ្រោះ​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​Toyota TACOMA មួយ​គ្រឿង​បើក​បុក​ជនរងគ្រោះ​ធ្វើដំណើរ​ដោយ​ម៉ូតូ កាលពី​វេលា​ម៉ោង​៦​កន្លះ ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​នៅ​ភូមិ​ខ្លា​ត្រាំ ឃុំ​កំពង់​លួង ស្រុក​ពញាឮ​។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ​នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក Toyota Tacoma ខាងលើ​បាន​បើក​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុច​កើត ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៣៤ និង​៣៥ ជា​ចំណុច​ផ្លូវ​កោង រថយន្ត​នោះបាន​វ៉ា​ជែង​ជាមួយ​រថយន្ត​ធុន​ធំ​មួយគ្រឿង បាន​ជ្រុល​ចង្កូត​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ចំនួន​២​គ្រឿង​ដែល​កំពុង​ធ្វើដំណើរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ​ដួល​គ្រោះថ្នាក់​តែម្តង ចំណែក​រថយន្ត​បង្ក​នោះ បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​នៅ​ខាងឆ្វេង​ដៃ​ នៃ​ទិសដៅ​ធ្វើដំណើរ​របស់​គេ ហើយ​អ្នកបើកបរ​រថយន្ត​នេះ​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ​និង​បាន​លួច​រត់​គេ​ខ្លួន​បាត់​ភ្លាមៗ​។

ប៉ូលិស​និយាយ​ថា រថយន្ត​បង្ក​ហេតុ​ម៉ាក តូយ៉ូតា តា​កូ​ម៉ា ពាក់​ស្លាក​លេខ​តាកែវ​2A.1790 ប៉ុន្តែ​មិនទាន់​ស្គាល់ឈ្មោះ​អ្នកបើកបរ​ទេ​ដោយសារ​គេ​រត់​គេ​ខ្លួន​បាត់​។

ចំណែកឯ​ភាគី​អ្នក​រងរបួស​មាន​២​នាក់ ទី​១​ឈ្មោះ អឹម ទី​តា ភេទ​ស្រី ​អាយុ​១៨​ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ​មិន​សង្ឃឹម​រស់ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​សង្វរ ឃុំ​កំពង់​លួង ​ស្រុក​ពញាឮ ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស្កូ​ពី ពាក់​ស្លាក​លេខ កណ្តាល 1O-8710 មាន​ពាក់មួក​សុវត្ថិភាព​ការពារ​។ ទី​២. ឈ្មោះ ហេង លី​ណា ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ របួសស្រាល មាន​ទីលំនៅ​ភូមិ​ពាម​ល្វែ​ក ឃុំ​កំពង់​លួង ស្រុក​ពញាឮ​ ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម (​សង់​) ពាក់​ស្លាក​លេខ ភ្នំពេញ​1CK-5950 មាន​ពាក់មួក​សុវត្ថិភាព​ការពារ​។

ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ភ្នំពេញ ចំណែក​យានយន្ត​ទាំង​ពី​ភាគី សុទ្ធ​តែ​ខូចខាត​ធ្ងន់ ត្រូវ​បាន​ដឹក​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ជា​បណ្តោះអាសន្ន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114