ព័ត៍មានទាន់​ហេតុការណ៏
Search

សហជីព និង​សាច់ញាតិ ប្រារ​ព​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា​

ភ្នំពេញ​ ៖ សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ បាន​នាំ​គ្នា​ដាក់​កម្រងផ្កា រំលឹក​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤ ដែល​ពិធី​នេះ​បានរៀបចំ​នៅ​ទីតាំង​ដាក់​រូបសំណាក​សព​លោក ជា វិជ្ជា ខាងមុខ​វត្ត​លង្កា​។

ពិធី​នេះ ដឹកនាំ​ដោយ​លោក ម៉ាន់ សេង​ហាក់ អគ្គលេខាធិការ​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ចូលរួម​ពី​តំណាង​សហជីព អង្គការ​សង្គម​ស៊ីវិល តំណាង​បក្ស​អ្នកនយោបាយ និង​មានការ​ចូលរួម​ឃាំ​មើល​ពី​អង្គការ​លីកាដូ និង UN ផងដែរ ហើយ​អ្នក​ដែល​ឡើង​មាន​យោបល់ សុទ្ធតែ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការស្លាប់​របស់លោក ជា​វិជ្ជា និង​បានទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ឃាតករ​ពិត​យកមក​ផ្តន្ទាទោស​តាមច្បាប់ ពីព្រោះ​លោក ជា វិជ្ជា ត្រូវបាន​បាញ់សម្លាប់​រយៈពេល​១៥​ឆ្នាំ​ហើយ តែ​យុត្តិធម៌​នៅតែ​មិនត្រូវ​បានផ្តល់​ឲ្យ​នៅឡើយ​។​

​តាម​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា ក្នុង​ឱកាស​គម្រប់​ខួប​១៥​ឆ្នាំ បាន​អំពាវនាវ និង​សំណូមពរ​ដល់​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ ធ្វើការ​ស៊ើបអង្កេត​តាម​នីតិវិធី ដើម្បី​ស្វែង​រកមុខ​ឃាតក​ពិតប្រាកដ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ឃាតក ដែល​បាន​សម្លាប់​លោក ជា វិជ្ជា យកមក​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន ដើម្បី​លុប​បំ​បាត់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រីក​យុត្តិធម៌​សង្គម​នៅ​កម្ពុជា​។ សេចក្ដីថ្លែងការណ៍​បន្ត​ថា សំណុំរឿង​ឃាតកម្ម​លោក ជា វិជ្ជា មាន​រយៈពេល​១៥​ឆ្នាំ​កន្លង​មក​នេះ ឃាតក​ដៃដល់​នៅ​មិនទាន់​វែកមុខ ចាប់ខ្លួន​យក​ផ្ដន្ទាទោស​តាមច្បាប់​នៅឡើយ ខណៈ​តុលាការ​កំពូល បាន​វិនិច្ឆ័យ​សេចក្ដីសម្រេច​បង្គាប់ ឲ្យ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការស៊ើបអង្កេត ប្រឆាំង​លើ​ជនល្មើស មិន​ស្គាល់មុខ ដែល​បាន​ធ្វើឃាត លោក ជា វិជ្ជា តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ កាល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣​។

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់បាន​បញ្ជាក់ថា ករណី​ឃាតកម្ម​លើ​លោក​ជា វិជ្ជា មហាជន​ទូទៅ​មានការ​សង្ស័យ​ច្រើន កើតចេញពី​មជ្ឈដ្ឋាន​ប្រឆាំង ដោយសារ​នៅ​ឆ្នាំ​១៩៩៨ ក្រុម​មេដឹកនាំ​បក្សប្រឆាំង​បាន​ជំរុញ​លោក ជា វិជ្ជា ឲ្យ​ដឹកនាំ​ធ្វើបាតុកម្ម​យ៉ាង​ខ្លាំង​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត និង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ដោយ​មានការ​សន្យា​ថា នឹង​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​អាណត្តិ​ក្រោយ​។ អញ្ចឹង​បាន​ជា​មាន​សកម្មភាព​បា​តុ​កម្ម​ខ្លាំងក្លា​ណាស់នា​កំឡុង​ពេលនោះ ប៉ុន្តែ​នៅពេល​ត្រៀមលក្ខណៈ​រៀបចំ​បញ្ជី​បេក្ខភាព​ឈរឈ្មោះ​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៣ គេ​មិនឃើញ​មានឈ្មោះ​លោក ជា វិជ្ជា ឡើយ ។ ដោយសារ​ហេតុនេះហើយ​បានជា​គេ​កត់សម្គាល់ឃើញ​លោក​ជា វិជ្ជា លែង​ដឹកនាំ​ធ្វើបាតុកម្ម​ធំ​ដូច​កាល​ឆ្នាំ​១៩៩៨ និង​២០០២​ទៀត​។

តាម​លោក សុខ ឥសាន ដោយសារ​ការឈប់​ដឹកនាំ​ធ្វើបាតុកម្ម​នេះហើយ និង​អាច​លោក ជា វិជ្ជា ដឹង​រឿង​ច្រើន​នោះ​ហើយ ទើប​កើតឡើង​អំពើ​ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅ​ដើមឆ្នាំ​២០០៤​។ លោក​លើក​ជា​សំណួរ​ថា “​តើ​អំពើ​ឃាតកម្ម​នេះ​អាច​ចេញពី​ប្រភព​ណា ? តាម​ការ​ប៉ាន់ស្មាន​រប​ស់​មហាជន​ទូទៅ​យល់ថា មានតែ​ចេញពី​មជ្ឈដ្ឋាន​ប្រឆាំង ដើម្បី​បំបិទមាត់ និង​ដាក់​កំហុស​មកលើ​រាជរដ្ឋាភិបាល ដែល​ជា​អ្នកទទួលខុសត្រូវ​លើ​សន្តិសុខ​សុវត្ថិភាព​សាធារណ​សង្គម តាមបែប​ស្វា​ស៊ី​បាយ យកមក​លាប​មាត់​ពពែ ដើម្បី​បង្វែងដាន​អំពើ​ឃាតកម្ម​លើ​លោក​ជា វិជ្ជា​។ ហេតុនេះ បានជា​មានការ​ស្មុគស្មាញ​ក្នុង​ការ​ស៊ើបអង្កេត​។ គ្រាន់តែ​ប្រពន្ធ​កូនលោក​ជា វិជ្ជា ក៏​គេ​បំបរបង់​ឲ្យ​ទៅ​នៅ​ប្រទេស​ឆ្ងាយ​ដាច់​សង្វែង​ដែរ​។ អាស្រ័យហេតុនេះ សូម​សាធារណជន​មេត្តា​ពិចារណា​តាម​ការគួរ​លើ​ករណី​ឃាតកម្ម​នេះ​”​។

សូមបញ្ជាក់ថា លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត ក្បែរ​របង​វត្ត​លង្ការ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114