ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​កសិកម្ម បើក​កិច្ច​ប្រជុំពេញអង្គ​លើក​ទី​៨ នៃ​វេទិកា​ស្តីពី “​ផលិតកម្ម​ស្រូវ​ប្រកបដោយ​និរន្តរភាព​”​នៅ​ខេត្តសៀមរាប

ភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម សហការ​ជាមួយ​អង្គការ​កាលពី​ថ្ងៃអង្គារ ២​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​បាន រៀបចំ​កិច្ចប្រជុំពេញអង្គ​លើក​ទី​៨ នៃ​វេទិកា​ស្តីពី “​ផលិតកម្ម​ស្រូវ​ប្រកបដោយ​និរន្តរភាព​” ក្រោម​អធិបតីភាព រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម អម​ដោយ​លោក អភិបាលរង​ខេត្ត លោក លោកស្រី នាង​កញ្ញា តំណាង​មកពី​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ និង​សមាជិក សមាជិកា​ប្រមាណ ២៥០នាក់​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា វេទិកា​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​អង្គការ​រួមមាន IRRI, WCS, IFC, Global Affairs Canada, UN Environment និង FAO ក្នុង​គោលបំណង​ទី​១- លើកកម្ពស់​ផលិតកម្ម​ស្រូវ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​និរន្តរភាព​បរិស្ថាន ទី​២- ការបង្កើន​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ក្នុង​ការ​កែច្នៃ​អង្ករ ទី​៣- ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​អង្ករ និង​ជំរុញ​ការនាំចេញ និង​ទី​៤- បញ្ហា​ប្រឈម​។

លោកស្រី Jacqueline Hughes នាយករង​វិទ្យាស្ថាន IRRI និង​លោកស្រី Kundhavi Kadiresan តំណាង​អង្គការ FAO ប្រចាំ​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វិ​ច បានធ្វើ​បទ​អន្តរាគមន៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​ស្ថានភាព​ទូទៅ​នៃ​ផលិតកម្ម​ស្រូវ ការកែច្នៃ ការធ្វើ​ពាណិជ្ជកម្ម ការងារ​ស្រាវជ្រាវ ផ្សព្វផ្សាយ តម្លៃបន្ថែម ខ្សែ​ច្រវាក់​ផលិតកម្ម ការចូលរួម​អភិវឌ្ឍន៍​ពី​គ្រប់ភាគី​ពាក់ព័ន្ធ វិស័យ​ឯកជន និង​បញ្ហា​ប្រឈម​សំខាន់ៗ​ដូចជា​បញ្ហា​ជំងឺ សត្វល្អិត ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ឱនភាព​ដី​ដែល​អាច​ប៉ះពាល់​ដល់​ផលិតកម្ម​ស្រូវ និង​ការផ្លាស់ប្តូរ​កម្មវត្ថុ​នៃ​ការប្រើប្រាស់​ដី​កសិកម្ម ទៅជា​ដី​លំនៅឋាន​វិញ​។​ល​។

​នា​ឱកាស​នោះ លោក វេ​ង សាខុន រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន ថ្លែង​បញ្ជាក់ជូន​អង្គពិធី​ជ្រាបថា បច្ចុប្បន្ន​វិស័យ​កសិកម្ម​កម្ពុជា​កំពុង​មាន​សក្តានុពល កាលានុវត្តភាព និង​ឧត្តមភាព​សម្រាប់​ទីផ្សារ​ផលិតផល​កសិកម្ម និង​វត្ថុធាតុដើម​នៅក្នុង​តំបន់ និង​នៅ​លើ​សាកលលោក ដោយ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នាំចេញ​អង្ករ​ធំៗ​ទាំង​១០ ដែល​ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​ផលិត​ស្រូវ​បាន​ចំនួន​ជាង ១០,៥​លាន​តោន សល់​ស្រូវ​ចំនួន​ជាង​៥​លាន​តោន​សម្រាប់​នាំចេញ និង​បាន​នាំចេញ​អង្ករ​ផ្លូវការ​ចំនួន​ជាង ៦៣៥​ពាន់​តោន​។ បច្ចុប្បន្ន ដើម្បីឱ្យ​វិស័យ​នេះ​មានការ​រីកចម្រើន​ថែម​មួយកម្រិត​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​ចក្ខុវិស័យ​ក្នុង​ការធ្វើ​ទំនើបភាវូបនីយកម្ម​ផលិតកម្ម​កសិកម្ម​ឲ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​មាន​និរន្តរភាព ដែល​នាំ​ដល់​កំណើន​ប្រាក់ចំណូល វិបុលភាព និង​សុខុមាលភាព​ជូន​ប្រជាជន​។ ជារួម គោលដៅ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​គឺ​ត្រូវ​បង្កើន​ការនាំចេញ​កសិផល ប្រកបដោយ​គុណភាព និង​សុវត្ថិភាព តាមរយៈ​ការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម បង្កើន​តម្លៃបន្ថែម និង​ពង្រីក​ការប្រកួតប្រជែង​ទីផ្សារ ព្រមទាំង​រក្សា​បាន​តុល្យភាព​នៃ​ការប្រើប្រាស់​ដី​កសិកម្ម​ប្រកបដោយ​និរន្តរភាព​។

​លោក រដ្ឋមន្ត្រី​សង្ឃឹមថា​គំនិត ទស្សនៈ និង​បទពិសោធន៍​ថ្មីៗ​ពី​អ្នកជំនាញ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​នានា​ដែល​ចូលរួម​ក្នុង​អង្គ​វេទិកា​នេះ​ពិតជា​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់ សម្រាប់​ការ​ចងក្រង​នូវ​គោលនយោបាយ ផែនការមេ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​វិធានការ​ជា​ដំណោះស្រាយ​នាពេលខាងមុខ​ប្រកបដោយ​ប្រសិទ្ធ​ផល៕