ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​អប្សរា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​សាកលវិទ្យាល័យ Fudan​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន

សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ មាន​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ពាក់ព័ន្ធ​មួយចំនួន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​គណៈប្រតិភូ​មកពី​សាកលវិទ្យាល័យ​Fudan​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ចំនួន​បី​ចំណុច​សំខាន់ៗ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចុះ​អនុស្សរណៈ​យោគយល់​រួមគ្នា​មួយ​នា​ពេល​អនាគត​។ ភាគី​អាជ្ញាធរ​ជាតិ​អប្សរា ដឹកនាំ​ដោយ​លោក ឈាន រដ្ឋា ប្រធាន​ស្តី​ទី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​តំណាង​លោក ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​និង​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោកស្រី JIAO Yang ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ Fudan នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។

នៅក្នុង​ជំនួប​នេះ​លោក ឈាន រដ្ឋា បានទទួល​ស្វាគមន៍​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​យ៉ាង​កក់ក្តៅ​និង​បាន​ពន្យល់​ពី​កាលប្រវត្តិ​សំខាន់ៗ​នៃ​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​ការងារ​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ការងារ​អភិរក្ស និង​ការអភិវឌ្ឍន៍​រមណីយ​ដ្ឋា​ន​អង្គរ​កន្លងមក​។ ជាង​នេះទៅ​ទៀត​ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​សំខាន់ៗ​អំពី​តួនាទី បេសកកម្ម និង​សមិទ្ធផល​នានា​របស់​អ្នកជំនាញ​មកពី​នាយកដ្ឋាន​ពាក់ព័ន្ធ​ទាក់ទង​នឹង​ការអភិរក្ស ការជួសជុល ការគ្រប់គ្រង​ភ្ញៀវទេសចរ​។​ល​។​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ។

ក្នុង​ឱកាស​នោះ​ដែរ ​ភាគី​សាកលវិទ្យាល័យ​Fudan​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោកស្រី JIAO Yang បាន​ចាប់អារម្មណ៍​និង​វាយតម្លៃ​ខ្ពស់​លើ​កិច្ចការ​អភិរក្ស និង​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ ហើយ​ក៏បាន​សរសើរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ក្នុង​ពេល​ជាមួយគ្នា​នោះ លោកស្រី​បាន​លើក​ឡើង​ចំនួន​បី​ចំណុច​សំខាន់ៗ​ដល់​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ស្នើសុំ​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​៖ ១ បណ្តុះបណ្តាល​ធនធានមនុស្ស លើ​វិស័យ​អភិរក្ស​បេតិកភណ្ឌ ២​សិក្សា​ស្រាយ​ជ្រាវ ៣​វិស័យ​សារមន្ទីរ សំដៅលើ​ការអភិរក្ស​បុរាណវត្ថុ (Cultural Relic Conservation) ដើម្បី​ធ្វើ​យ៉ាង​ណា​បម្រើ​ឲ្យ​វិស័យ​បេតិកភណ្ឌ​កាន់តែ​ចម្រើន​ក្នុងទិសដៅ​រួមគ្នា​។

ជំនួប​រវាង​ភាគី​ទាំងពីរ​បានទទួល​នូវ​លទ្ធផល​គួរ​ជាទី​មោទនៈ ដោយ​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា និង​ភាគី​សាកលវិទ្យាល័យ​Fudan​នៃ​សាធារណៈ​ប្រជាមានិត​ចិន​បាន​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក និង​សន្យា​បន្ត​កិច្ចពិភាក្សា​ដើម្បី​ឈាន​ទៅ​ដល់​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នា​ពេល​អនាគត​លើ​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស​និង​អភិរក្ស​និង​ថែរក្សា​បេតិកភណ្ឌ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114