ព័ត៍មានទាន់​ហេតុការណ៏
Search

មិត្តភាព​កម្តៅ​សាច់ដុំ​ ៖ ​ក្រុម​ភ្នំពេញ​ក្រោ​ន ប្រកួត​ឈ្នះ​ក្រុម​Army Regional 2 របស់​ថៃ

ក្រោយ​ធ្លាក់​ចេញពី​Leo Pre-Season Cup 2019 ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ ក្រុម​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​បន្ត​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​ប្រទេស​ថៃ ជា​បន្តទៀត​ខណៈ​បាន​យកឈ្នះ​លើ​ក្រុម​Army Regional 2 របស់​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល​៣​ទល់​២​។

​ប្រកួត​មិត្តភាព​ដែល​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២១ ខែមករា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន Surapala Main Stadium ក្នុង​តំបន់​កូ​រ៉ាត់ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់​ស្រុក ហើយ​កីឡាករ​Darlan Martins, ពៅ ប៉ុន​វុទ្ធី​, យើ មូស្លីម​។ សូម​រំលឹកថា​ថ្មីៗ​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញពី​ពានរង្វាន់ Leo Pre-Season Cup 2019 ក្រោយ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​Nakornratchasima Mazda FC ៤​ទល់​០​។

តាម​គ្រោង​ក្រៅផ្លូវការ​មួយ​ក្លិប​ភ្នំពេញ​ក្រោ​ន បានដាក់​ផែនការ​ធ្វើការ​ប្រកួត​មិត្តភាព​ចំនួន​២​លើក​គឺជា​មួយក្រុម​យក្ស​ថៃ​Buriram United និង​ក្រុម Muangthong United អំឡុង​ពេល​បោះ​ជំរុំ​និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ​។ យោង​តាម​ប្រភព​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បញ្ជាក់​ថា​ នៅ​មិនទាន់​ដឹង​ច្បាស់​ពី​កាលបរិច្ឆេទ​នៃ​ការប្រកួត​មិត្តភាព​ទាំង​២​ខាងលើ​នោះ​ទេ ដោយសារតែ​ក្រុម​នីមួយៗ​សុទ្ធ​តែមាន​កាលវិភាគ​មមាញឹក ​ព្រោះ​ត្រូវ​ចូលរួម​ប្រកួត​ពាន​ត្រៀម​រដូវ​កាល និង​ការប្រកួត​មិត្តភាព​រៀងៗ​ខ្លួន​ជាមុនសិន​។

គេ​នៅ​ចាំ​បាន​ថា​ រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​កន្លង​ទៅ​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោល​គឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន ទាត់​បញ្ចូល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤​ទល់​៣ ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង​២​ជើង​៤​ទល់​៤៕