ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​កៅស៊ូ​បឹងកេត ចាប់ផ្តើម​នាំចេញ​ចេកអំបូង​លឿង ជា​លើកដំបូង​ទៅកាន់​ទីផ្យារ​អន្តរជាតិ

កំពង់ចាម ​៖ ក្រុមហ៊ុន​កៅស៊ូ​បឹងកេត ដែល​មាន​ទីតាំងនៅ​ភូមិ បឹងកេត ឃុំ​ព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាន​ប្រារព្ធ​ពិធី​វេច​ខ្ចប់​ចេកអំបូង​លឿង ​ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ទី​ផ្យារ​អន្តរជាតិ ជា​លើកដំបូង ​របស់​ខ្លួន កាលពី​ទី​២០ ខែមករា ឆ្នាំ​២០១៩ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​និង លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​តាម​របាយការណ៍​រប​ស់​លោក​នាយក​ក្រុម​ហ៊ុ​ន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​ចុះ​ទុនវិនិយោគ​លើទឹក​ប្រាក់​ប្រមាណ​ជាង ៨​លាន​ដុល្លារ ដាំ​ដុះ​ចេកអំបូង​លឿង​លើ​ផ្ទៃដី​សាកល្បង ៥០០​ហិត​តា ក្នុងនោះ​ផ្ទៃដី ១០០​ហ​ត កំពុងធ្វើការ​ប្រមូល​ផល​និង​វេច​ខ្ចប់​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន ហើយ​អនាគត​គ្រោង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឲ្យ​ដល់ ១,៥០០​ហិត តា ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន​។

មាន​មតិ​ស្វាគមន៍ និង​សំណេះសំណាល​ជាមួយ​បុគ្គលិក កម្មករ​ក្រុមហ៊ុន​ជាង ១ ០០០​នាក់ ក្នុងនាម​លោក ហ៊ុន ណេង និង​ក្នុង​នាមខ្លួន​លោក​ផ្ទាល់ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ វាយតម្លៃ​ខ្ពស់ និង​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​បាន​ជឿជាក់ ទុកចិត្ត លើ​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ជាពិសេស​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​ ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ចាប់​យក​ភាគី​ចិន​ធ្វើជា​ដៃគូ​វិនិយោគ​ដំណាំ​ចេក​ដែលមាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ធំធេង​សម្រាប់​ទីផ្សារ​ចិន​ទាំង​ក្នុងពេល​ប​ច្ចុ​ប្បន្ន និង​ពេលអនាគត​។

​លោក បាន​បន្តថា សមិទ្ធផល​នា​ថ្ងៃនេះ គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាងច្បាស់​ពី​ការខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្តគំនិត​ស្មារតី​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ផ្ទាល់ ដោយ​ទទួល​បាន​កិច្ចសហការ​យ៉ាង​ពេញលេញ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ លទ្ធផល​នេះ​គឺ​បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​ក្រសួង​ស្តី​ពី​ការជំរុញ​ផលិតកម្ម​ក្នុងស្រុក បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ភាព​ក្រីក្រ និង​ចំណាកស្រុក តាមរយៈ​ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ពី A ដល់ Z ។

នា​ឱកាស​នេះ លោក រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​លើ​ការងារ​ទិដ្ឋភាព​ច្បាប់ និង​បទដ្ឋាន​បច្ចេកទេស ជាពិសេស ការងារ​ភូតគាម​អនាម័យ ធ្វើយ៉ាងណា​ឲ្យ​ការនាំចេញ​ផលិតផល​ចេក​ឆ្លើយតប​តាម​ស្តង់ដារ​ទីផ្សារ៕