ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះឃើញ​មនុស្ស​ស្លាប់ រហូត​មាន​លក្ខណៈ​ហើម ស្អុយ នៅ​កណ្តាល​វាលស្រែ​

​បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ដែលមាន​ប្រភព​មួយ​បាន​ស្គាល់​ថា​ ជា​មនុស្ស​ញៀន​ស្រា រហូត​គ្រប់គ្រង​សតិ​ខ្លួនឯង​មិនបាន ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្រោម​ដើមឈើ​កណ្តាល​វាល​ស្រែ ថែមទាំង​មាន​ក្លិនស្អុយ​ទៅហើយ ដោយ​នៅលើ​រាងកាយ មាន​រុំ​ព័ទ្ធ​ដោយ​វល្លិ​ពេញ​ខ្លួន​ផង។​

​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ម៉ុង​ចិន ក្រោម​ដើម​ស្នួល កណ្តាល​វាលស្រែ ស្ថិតក្នុង​ភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង បន្ទាប់ពី​អ្នកភូមិ បាន​ប្រទះឃើញ​សព​មនុស្ស​ម្នាក់​ដេកស្លាប់​នៅក្រោម​ដើម​ស្នួល និង​មាន​លក្ខណៈ​ហើម​ស្អុយ ព្រមទាំង​មា​ន​វល្លិ​រុំ​ពេញ​ខ្លួន រហូតដល់​បំពង់ ក ថែម​ទៀត​ផង​។​

​នៅពេល​នោះដែរ ក៏មាន​សាក្សី​ម្នាក់​ ឈ្មោះ សុង ភា​រិ​ទ្ធ ហៅ​ព្រលិត ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំជា​អ្នក​ប្រកបមុខរបរ​កាប់​គោ​លក់ នៅក្នុង​ផ្សារ​ស្នឹង បាន​និយាយថា​ ជនរងគ្រោះ​រូបនេះ​ ឈ្មោះ ម៉ៅ អាយុ​ប្រហែល​៥០​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្នឹង​លិច​ ត្រូវជា​ប្អូនថ្លៃ​អធិការរង​ម្នាក់ ក្នុងស្រុក​រតនៈមណ្ឌល ហើយក៏​ជា​មនុស្ស​ញៀន​ស្រា​ជាទីបំផុត សូម្បីតែ​ពេលខ្លះ​គេ​ធ្លាប់​មកជួយ​កាប់​គោ​ឲ្យ​ខ្លួន​ក៏​ផឹកស្រា​បណ្តើរ​
​កាប់​គោ​បណ្ដើរ​ដែរ។​

​ប្រភព​មួយចំនួន​បានឲ្យ​ដឹងថា នៅមុននេះ​ប្រមាណ​២ ឬ​៣​ថ្ងៃ គេ​បានឃើញ​ជនរងគ្រោះ​រូបនេះ ​កាន់​ដំបង​ឫស្សី​ប្រវែង​ជាង១ម៉ែត្រ រត់​ចុះ រត់ឡើង​ នៅត្រង់ចំណុច​វាលស្រែ​ខាងលើ ដោយ​មិនមាន​នរណា​ម្នាក់​ហ៊ាន​ចូលទៅ​ក្បែរ​នោះឡើយ ដោយសារតែ​គេ​មាន​ដំបង ហើយ​ម្យ៉ាងទៀត​ក៏​មិនសូវ​មាន​អ្នកណា​ចាប់អារម្មណ៍​ផង​ដែរ ក៏​ស្រាប់តែ​មក​ប្រទះឃើញ​សព​ឡើង​ស្អុយ​ទៅវិញ។​

ជុំវិញ​បញ្ហា​នេះ សមត្ថកិច្ច​ជំនាញ ដែល​កំពុង​ធ្វើ​កោសល្យវិច័យ បាន​សន្និដ្ឋាន​ជាបឋម​ថា ជនរង​គ្រោះ​អាច​កាន់ដំបង​ឫស្សី​នោះ​ឡើង​ទៅលើ​ដើម​ស្នួល ដែល​មា​ន​វល្លិ​រុំ​ព័ទ្ធ​ជាច្រើន​ផង ហើយ​គេ​អាច​យក​វល្លិ​នោះ​មក​រុំ​ខ្លួន និង​រុំ ក​ ខ្លួនឯង​ជាច្រើន​ជុំ លុះ​ពេល​ភ្លាត់​ធ្លា​ក់​មក​គឺ​អាច​វល្លិ​ដែល​រឹត ក​ នោះ​ធ្វើឲ្យ​​ស្លាប់​តែម្តង​ ព្រោះ​ដំបង​ឫស្សី​ដែល​គេ​កាន់​នោះ​នៅ​ជាប់​នឹង​មែក​ស្នួល​ខាងលើ​នៅឡើយ។​

បច្ចុប្បន្ន​ សមត្ថកិច្ច​អាច​ប្រគល់​សព​នេះ​ទៅ​ឲ្យ​ខាង​អាជ្ញាធរ​ ដើម្បី​រៀបចំ​បូជា​ បន្ទាប់ពី​ពិនិត្យឃើញថា មិន​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​ទេនោះ៕