ព័ត៍មានទាន់​ហេតុការណ៏
Search

បឹង​ខ្នើយ​សើយ ​ភូមិ​កង្កែប បាន​រីងស្ងួត​អស់ ​ពលរដ្ឋ​សំណូម​អាជ្ញាធរ​ស្រុក និង​ខេត្ត ​ជួយ​ស្តារ​ប្រឡាយ​មួយ​ខ្សែ​ ដើម្បី​នាំ​ទឹក​

កំពង់ឆ្នាំង​ ៖ ប្រជាពលរដ្ឋ​ជាង​៦០០​គ្រួសារ រស់នៅ​ភូមិ​កង្កែប និង​ភូមិ​ធ្លក ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់​លែង កំពុង​មានការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង ព្រោះ​ដីស្រែប្រាំង​របស់​ពួកគាត់​ជាង​២​ពាន់​ហិកតា នៅ​ចំណុច​បឹង​ខ្នើយ​សើយ និង​គោគ​ព្រះ កំពុង​ខ្វះខាត​ទឹក​ស្រោចស្រព។

ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ ប្រឡាយទឹក​មកពី​បឹង​ខ្នើយ​សើយ ​ជា​បឹង​ដែល​ពួកគាត់​បូមទឹក​ដាក់​ស្រែ ត្រូវបាន​គោក​រីង​អស់​តែម្ដង ទើប​ពួកគាត់​នាំគ្នា​ចុះ​ចាប់​ត្រី។

នៅក្នុង​បញ្ហា​នេះ លោក ឆែម សា​ខន មេភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង នៅ​ល្ងាច​ថ្ងៃ​ទី​២៣ មករា​នេះ បាន​ឲ្យ​ដឹងថា​ ទឹក​នៅ​បឹង​ខ្នើយ​សើយ ​ដែល​ប្រជាពលរដ្ឋ តែង​បូម​ស្រោចស្រព​ស្រែ​ប្រាំង​ជា​រៀងរាល់ឆ្នាំ បាន​គោក​រាក់​ជា​បណ្ដើរៗ​ ដោយសារតែ​មមោក កើត​ច្រើនពេក និង​ម្យ៉ាងទៀត​ដោយ សារ​តែ​ប្រជាពលរដ្ឋ​មាន​ដីស្រែប្រាំង នៅ​ជុំវិញ​បឹង​នោះ ចេះតែ​ពង្រីក​ផ្ទៃដី​មួយឆ្នាំ​បន្តិចៗ ធ្វើឲ្យ​តម្រូវ​ការ​ទឹក​ដាក់​ស្រែ​មាន​ចំនួន​កើនឡើង​ដែរ ហើយ​នៅក្នុង​ឆ្នាំមុនៗ​ មិន​ដូច​ឆ្នាំនេះ​ទេ គឺ​ឆាប់​រីង​ដាច់​ទឹក​តែម្ដង ដូច​ឃើញស្រាប់ ក្នុង​ប្រឡាយ​ដៃ​បឹង​នេះ​ ប្រជាពលរដ្ឋ​នាំគ្នា​ចាប់​ត្រី ព្រោះ​អស់​ទឹក​ពី​ក្នុង​បឹង​ទៅ​ហើយ។

លោក​មេភូមិ​បានបញ្ជាក់​ថា អ្នកធ្វើ​ស្រែ​នៅ​ចំណុច​នេះ មាន​អ្នកភូមិ​ច្រ​ណូ​ក មាន​ជាង​៤០០​គ្រួសារ បូក​នឹង​ភូមិ​កង្កែប​ទៀត គឺ​ច្រើន​គ្រួសារ​ដែរ ដោយមាន​ផ្ទៃដី​ស្រែប្រាំង​ជាង​២​ពាន់​ហិកតា​។ ហេតុនេះ​ដើម្បី​បាន​ទឹក​ត្រូវ​ស្តារ​ប្រឡាយ​ពី​ចំណុច​អូរ​ក្រ​ប៉ែត​ទម្លាក់​ចូល​បឹង​ខ្នើយ​សើយ​។ ​ប្រសិនបើ​គ្មាន​ការ​ស្តារ​ប្រឡាយ​នោះទេ ពេល​បូមទឹក​ដាក់ចូល​ប្រឡាយ​វា​នឹង​ហូរ​បាចសាច មិន​ធ្លាក់​ដល់​បឹង​ខ្នើយ​សើយ​ឡើយ។

ដោយឡែក​ កាលពី​យប់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​បាននាំគ្នា​ទៅផ្ទះ​របស់គាត់​ដើម្បី​សុំ​ឲ្យ​គាត់​ធ្វើ​សំណើ​ផ្តិតមេដៃ​ប្រជាពលរដ្ឋ សុំឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ស្តារ​ប្រឡាយ​មួយ​ខ្សែ​នៅ​ចំណុច​ខាង​លើនេះ។ ដូចនេះ ​ក្នុងនាម​លោក ​ជា​មេភូមិ​តំណាង​ប្រជាពលរដ្ឋ គោរព​ស្នើសុំ​ទៅ​អាជ្ញាធរ​ស្រុក ខេត្ត ពិសេស​មន្ទីរ​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​ស្ដារ​ប្រឡាយ​១​ខ្សែ ពី​ចំណុច​អូរ​ក្រ​បែ​ត ទម្លាក់​មក​បឹង​ខ្នើយ​សើយ​នេះ​ផង ទើប​ស្រូវ​ក្នុង​ស្រែ​របស់​ប្រជាពលរដ្ឋ​ជាង​២​ពាន់​ហិកតា អាច​ទទួលផល​បានល្អ​ប្រសើរ បើ​ពុំ​នោះ​ទេ ស្រូវ​មួយចំនួនធំ នឹង​ខ្វះ​ទឹក​ស្វិត​គ្រាប់ ឬ​ងាប់​ខាតបង់​មិនខានឡើយ។​

ទាក់ទង​នឹង​សំណូមពរ​ខាងលើនេះ លោក សុខ រិ​ន ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹងថា​ លោក​នឹង​ចុះ​សិក្សា​អំពី​ការស្នើសុំ​ខាងលើនេះ ដើម្បី​រាយការណ៍​ជូន​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​មន្ទីរ​ធនធានទឹក​ជួយ​អន្តរាគមន៍ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ៕