សេដ្ឋកិច្ច
កម្ពុជានាំចេញទៅអាមេរិកសម្រេចបានជាង ១០ ពាន់លានដុល្លារ ត្រឹមរយៈពេល ១០ ខែ
នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិកសម្រេចបាននូវទំហំទឹកប្រាក់ ជាង ១០ ពាន់លានដុល្លារ កើនឡើង ២៦,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាកម្ពុជាទទួលរងនូវពន្ធបដិការរបស់អាមេរិក១៩%ក្តី។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ការដោះដូរទំនិញកម្ពុជា-អាមេរិក សម្រេចបាន ១០,៧២ ពាន់លានដុល្លារ កើនឡើង ២៧% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃ ១០,៤០ ពាន់លានដុល្លារ កើន ២៦,៤% ចំណែកអាមេរិកនាំចូលមកវិញមានតម្លៃ ៣២៦ លានដុល្លារ កើនជិត ៥០%។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា សហរដ្ឋអាមេរិកទើបតែសម្រេចយកពន្ធលើទំនិញរបស់កម្ពុជានាំទៅអាមេរិក ក្នុងអត្រា ១៩% កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ដែលអត្រានេះ នឹងធ្វើឱ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង និងថែរក្សារោងចក្រដែលមានស្រាប់ព្រមទាំងទាក់ទាញការវិនិយោគកាន់តែច្រើនបន្ថែមទៀត។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីកម្ពុជានឹងប៉ះពាល់តិចតួចដល់ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៥នេះ និងឆ្នាំបន្តបន្ទាប់។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រាប់កម្ពុជាថ្មីថា ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងខ្លាំងដោយសារតែអត្រាពន្ធ ១៩% បើធៀបជាមួយសមាជិកអាស៊ាន និងប្រទេសដៃគូប្រកួតប្រជែង គឺកម្ពុជាមានប្រៀបជាង ពោលគឺស្មើតែប្រទេសឥណ្ឌូនេស៊ី លើវិស័យវាយនភណ្ឌ។
នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ កើនឡើង ១១,៤% និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ កើន ២%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


