ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​បទល្មើស​ហ៊ុម​ព្រៃ​ប្រមាណ​១​ពាន់​ម៉ែត្រ ​ដាក់​លប​ចាប់​ត្រី​ខុសច្បាប់​នៅភូមិ​សេះ​ស្លាប់ ពលរដ្ឋ​ស្នើសុំ​សមត្ថកិច្ច​ជលផល​ចុះ​បង្ក្រាប

​កំពង់ឆ្នាំង ​៖ នៅ​ចំណុច​ផ្លូវ​ក្របី​ក្នុង​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ប្រជាពលរដ្ឋ​បាន​រាយការណ៍​​​ឲ្យ​ដឹង​ថា មាន​ករណី​ហ៊ុម​ព្រៃ​រាប់ពាន់​ម៉ែត្រ ​ដាក់​លប​ចាប់​ត្រី​ខុសច្បាប់ ដែល​ករណី​នេះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ធ្លាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ជលផល​ស្រុក​បរិបូណ៌​ផង​ដែរ ប៉ុន្តែ​មិនឃើញ​សមត្ថកិច្ច​ចុះមក​បង្ក្រាប​ឡើយ ដែល​គេ​សង្ស័យថា​ សមត្ថកិច្ច​ជលផល​ស្រុក​បរិបូណ៌​ឃុបឃិត​បើក​ដៃ​ឲ្យ​បទល្មើស​នេះ​ ដើម្បី​លុយ។

រឿង​ខាង​លើ​នេះ ​ស្នើសុំ​ លោកនាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​កំពង់​ឆ្នាំង មេត្តា​ជួយ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ជាបន្ទាន់​ផង ព្រោះតែ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​នេសាទ​ព្រៃ​នោះ​ឡើយ។​

ប្រជាពលរដ្ឋ​ ភូមិ​សេះ​ស្លាប់​បាន​និយាយឲ្យ​ដឹងថា​ ការ​ហ៊ុម​ព្រៃ​រាប់ពាន់​ម៉ែត្រ​ដាក់​លប​ចាប់​ត្រី​នេះ​ ​មាន​ប្រជាពលរដ្ឋ​៣​នាក់​ នៅក្នុង​ភូមិ​សេះ​ស្លាប់ ជា​អ្នកប្រព្រឹត្ត ដែលមាន​ ឈ្មោះ និល, ឈ្មោះ ឃៀង ,និង​ឈ្មោះ ហុក។ មិនតែប៉ុណ្ណោះ​ គេ​ទាំង​៣​នាក់ មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចូល​ដាក់​លប​ជិត​ព្រៃ​នៅ​ក្បែរៗ​នោះឡើយ គឺ​នៅពេល​ប្រជាពលរដ្ឋ​ក្នុងភូមិ​យក​លប​ទៅ​ដាក់​ក្បែរៗ​ព្រៃ​ចំណុច​នោះ គឺ​ត្រូវ​គេ​រើរុះ​លប​ក្រវាត់​ចោល​អស់ ហើយ​គេ​បោះសំដី​ថា ចង់ទៅ​ប្តឹង​អ្នកណា​ក៏​ប្តឹងទៅ។​

ពាក់ព័ន្ធ​នឹង​បទល្មើស​នេះដែរ លោក និល និង​ប្រពន្ធ ជា​អ្នក​ហ៊ុម​ព្រៃ​ដាក់​លប​ចាប់​ត្រី បាន​និយាយ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​ថា​ លោក​ពិតជា​បាន​ហ៊ុម​ព្រៃ​ដាក់​លប​ចាប់​ត្រី​មែន ប៉ុន្តែ​គេ​ក៏​ធ្វើ​ លោក​ក៏​ធ្វើ​ដូច​តែ​គ្នា​ទេ ( គឺ​មាន​អ្នកធ្វើ​ដូចគ្នានេះ​២​នាក់​ទៀត ) ហើយ​ការ​ហ៊ុម​ព្រៃ​នេះ​ មាន​ប្រវែង​ខ្លីៗ​តែប៉ុណ្ណោះ​ដើម្បី​ចាប់​ត្រី​ធ្វើ​ប្រហុក​ តែ​ដា​ក់លប​ចាប់​ត្រី មិនបាន​ត្រី​ទៅទៀត។ រឿងនេះ ​បើ​សមត្ថកិច្ច​មិន​ឲ្យ​ធ្វើ​ទេ លោក​នឹង​រុះរើ​សាច់​អួន​ហ៊ុមព្រៃ​ និង​របាំង​លប​លោក​វិញ។ ចំណែក​អ្នករាយការណ៍​ជូន​អ្នកកាសែត​ឈ្មោះ ទូច នោះ​ លោក​ដឹង​ហើយ ព្រោះតែ​គេ​មាន​គំនុំ​រឿង​ដីស្រែ ​រំលោភ​យក​ដី​ចុង​ស្រែ​គាត់​មិន​បាន ទើប​រាយការណ៍​រឿង​ហ៊ុមព្រៃ​ដាក់​ចាប់​ត្រី​ឲ្យ​អ្នកកាសែត​ដឹង ។

ទាក់ទង​នឹង​បទល្មើស​ខាងលើ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង នៅ​ល្ងាច​ថ្ងៃ​ទី ២៦​មករា​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា​ ករណីនេះ​លោក​ធ្លាប់​បានដឹង​ហើយ​កន្លងមក តែ​មន្ត្រី​ជលផល​ស្រុក​បរិបូណ៌ បាន​រាយការណ៍​មក​ថា មាន​តិចតួច​តែប៉ុណ្ណោះ​ គឺ​ប្រជាជន​ក្រីក្រ​ដាក់​លប​ចាប់​ត្រី​ប្រហុក​។​ តែ​លោក​ ក៏បាន​បញ្ជា​ឲ្យ​នាយ​សង្កាត់​នេសាទ​ស្រុក​បរិបូណ៌​ចាត់ការ​រួចហើយ។ ប៉ុន្តែ​ត្រង់​ថា​ គេ​ធ្វើ​បាន​កម្រិត​ណា ឬ​ភូតភរ​យ៉ាងណា​នោះ លោក​មិន​បានដឹង​ពិតប្រាកដ​ទេ។ ដូច្នេះ​ ករណី​ខាង​លើនេះ​ បើ​កើតមាន​វែងៗ​រាប់ពាន់​ម៉ែត្រ​មែន​នោះ លោក​នឹង​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ដោយ​ផ្ទាល់ នៅ​ថ្ងៃ​​​ខាងមុខនេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​កើតមាន​បទល្មើស​នេសាទ​បែបនេះ​ឡើយ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114