ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំ​២០១៨ កម្ពុជា​-​អាមេរិក សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង ៣​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក

សៀមរាប ៖ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នៅក្នុង​ឆ្នាំ​២០១៨ មាន​ទឹកប្រាក់​ប្រមាណ ៣,៣១​ប៊ី​លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ២៧% ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ត្រឹមតែ ២,៦១​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ការចេញ​របស់​កម្ពុជា មានតម្លៃ ២,៨៨​ប៊ី​លាន​ដុល្លារ និង​នាំចូល​មានតម្លៃ ៤២៦​លាន​ដុល្លារ ធ្វើឱ្យ​សហរដ្ឋអាមេរិក ក្លាយជា​ទីផ្សារ​ធំ​លំដាប់​ទី​ពីរ​របស់​កម្ពុជា នេះ​បើតាម​លើកឡើង​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ លើក​ទី​៥ ស្តីពី​កិច្ចព្រមព្រៀង​ក្របខណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក (5th TIFA) ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​អប្សរា ផា​ឡេស រី​សត ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក ដែល​បានផ្តល់​ប្រព្រឹត្តិកម្ម​អនុគ្រោះ GSP សម្រាប់​ទំនិញ​កាបូប​ដាក់​សម្ភារៈ​ធ្វើដំណើរ និង​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម​, ការសិក្សា​លទ្ធភាព​អនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កម្មវិធី​កសាង​សមត្ថភាព​ផ្សេងទៀត​។​

លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបន្ត​អនុវត្តន៍​គោលនយោបាយ​បើកចំហ និង​ការ​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច នៅ​គ្រប់​កម្រិត ដើម្បី​ទាក់ទាញ​ការវិនិយោគ សំដៅ​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាជន ព្រមទាំង​ប្រែក្លាយ​កម្ពុជា ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

ទន្ទឹមគ្នា​នោះដែរ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​បង្ហាញ​ជំនឿ​មុតមាំ​ថា ប្រទេស​ទាំងពីរ​ត្រូវការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថែមទៀត ស្រប​ពេលដែល​ពិភពលោក មានការ​ផ្លាស់ប្តូរ​មិន​ទៀងទាត់ នៅក្នុង​របៀបវារៈ​ពាណិជ្ជ​កម្ម​អន្តរជាតិ ហើយ​តាមរយៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សា TIFA លើក​ទី 5 ថ្ងៃនេះ គឺជា​ឱកាស​ដ៏​សំខាន់​មួយ សម្រាប់​ភាគី​ទាំងពីរ ធ្វើការ​តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ហា​ដែល​នៅ​សេសសល់ រួមជាមួយ​បញ្ហា​ថ្មីៗ​ផ្សេងទៀត ដើម្បី​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ប្រទេស​ទាំងពីរ ដូចដែល​មានចែង​នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​។​

សូមជម្រាបថា នៅក្នុង​ឆ្នាំ​២០១៨ វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ នៅ​ក្នុងនោះ​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ទឹកប្រាក់ ១២,១​ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​បាន​កើនឡើង ១០% ធៀប​នឹង​ឆ្នាំ​២០១៧ ហើយ​ទឹកប្រាក់​នេះ ត្រូវបាន​គេ​ព្យាករណ៍​ថា អាច​នឹង​កើន​ឡើងដល់​ប្រមាណ ១៣​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩ ខាងមុខ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114