ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ប្រកាស​ការ​ប្រឡងប្រជែង​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​ និង​កំណាព្យ​រឿង ​ឆ្នាំ​២០១៩

ភ្នំពេញ ​៖​ ដោយ​ទទួល​បាន​ការអនុញ្ញាត​ជា​ផ្លូវការ​ពី ​លោកជំទាវ​ ភឿង ស​កុ​ណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​, នាយកដ្ឋាន​សៀវភៅ និង ការ​អាន​ នឹង​រៀបចំ​ប្រឡង​ប្រជែង​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក ​និង​កំណាព្យ​រឿង​ឆ្នាំ​២០១៩(​ពានរង្វាន់ : ព្រះ​នាង​ឥន្ទ្រ​ទេវី​) ។ ​នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅលើ​ផេ​ក​របស់​នាយក​ដ្ឋាន​សៀវភៅ ​និង​ការអាន​។​

នៅក្នុង​សេចក្ដីជូនដំណឹង​ខាងលើ​បាន​បញ្ជាក់​ថា ​ការ​ប្រកាស​ឲ្យ​មាន​ការ​បើក​ប្រឡង​នេះ ​គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​ និង​លើក​តម្កើង​អក្សរសិល្ប៍​ជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ​ដូច្នេះ​ក្រសួង​បានសម្រេច​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ការប្រឡង​ប្រជែង​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​និង​កំណាព្យ​រឿង​ឆ្នាំ​២០១៩ ពានរង្វាន់ : ព្រះ​នាង​ឥន្ទ្រ​ទេវី។ ​ប្រធានបទ ​៖ សេរី​(១៥-៣០​ទំព័រ​)​។​

ប្រភព​បាន​បន្តថា ​ចំពោះ​ជ័យលាភី ​និង​ពានរង្វាន់​ ស្នាដៃ​តែង​និពន្ធ​ដែលជា​ប់​ជ័យលាភី​ គឺ​លេខ​១​ដល់​លេខ​៤ (​ប្រលោមលោក​៣​នាក់ ​និង​កំណាព្យ​រឿង​៣​នាក់​)​ ទទួល​បាន​ពានរង្វាន់​១​ និង​អមដោយ​ទឹកប្រាក់​។ ​ចំណែកឯ​លេខ​៤​ ដល់​លេខ​៥(​ប្រលោមលោក​២​នាក់​ និង​កំណាព្យ​រឿង​២​នាក់​)​ ទទួល​បាន​ប័ណ្ណសរសើរ​ និង​អម​ដោយ​ទឹកប្រាក់​។​

អាស្រ័យ​ដូច​បាន​ជម្រាប​ខាងលើនេះ ​សូម​កវីនិពន្ធ និង សាធារណជន​ ដែល​មាន​ឧបនិស្ស័យ ឬ ចំណាប់​អារម្មណ៍​ក្នុង​ការ​តែង​និពន្ធ ហើយ​មានបំណង​ចូលរួម​ប្រឡង សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​លើកស្ទួយ​គុណ​តម្លៃ​នៃ​អក្សរសាស្ត្រ​ជាតិ​។​ បេក្ខជន​ អាច​បញ្ជូន​ស្នាដៃ​តែង​និពន្ធ​ ឬ​ទំនាក់ទំនង​នៅ​នាយកដ្ឋាន​សៀវភៅ​ និង​ការ​អាន​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114