ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ល្បីៗ​ជាច្រើន​ដួង​ បង្ហាញ​វត្តមាន​ចូលរួម​បុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​ នៃ​សព ខេមរៈ ស្រី​ពៅ ទាំង​ទឹក​មុខ​ក្រៀមក្រំ​

​ភ្នំពេញ ​៖​ ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​ នៃ​សព​របស់​តារា​ចម្រៀង​ស្រី​ កញ្ញា ខេមរៈ ស្រី​ពៅ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​កំពូល​តារា​ចម្រៀង​ លោក ខេមរៈ សិរីមន្ត បានរៀបចំ​ធ្វើឡើង ​កាលពី​ថ្ងៃទី​៣០ ​ខែ​មករា ​ឆ្នាំ​២០១៩​ បន្ទាប់ពី​នាង​បាន​ទទួល​មរណភាព ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា ស្ថិតនៅ​ប្រទេស​ឥណ្ឌា​ ដោយសារ​បញ្ហា​ជំងឺ​សួត ​និង​ក្រលៀន​ធ្ងន់ធ្ងរ​។​

ជាការ​កត់សម្គាល់​ សម្រាប់​ទិដ្ឋភាព​រួម​ នៃ​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​របស់ កញ្ញា ខេមរៈ ស្រី​ពៅ ដែល​បាន​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​គេហដ្ឋាន​របស់ លោក ខេមរៈ សិរិ​មន្ត ចាប់តាំងពី​រសៀល​ រហូត​មកទល់​ពេល​យប់​ គេ​សង្កេតឃើញ​មាន​មហាជន​អ្នកគាំទ្រ​ រួមទាំង​តារា​សិល្បៈ​ល្បីៗ​ជាច្រើន ​បា​នប​ង្ហាញ​វត្តមាន​ចូលរួម​ដោយ​ទឹកមុខ​ក្រៀមក្រំ ​និង​សោកស្ដាយ ​ជាទីបំផុត ​នូវ​ការបាត់បង់​អ្នក​សិល្បៈ​វ័យក្មេង​(​ខេមរៈ ស្រី​ពៅ​)​ ដ៏​គំ​រូ​ល្អ​រូបនេះ​។​

ចំពោះ​វត្តមាន​តារា​សិល្បៈ​ល្បីៗ​ដែល​ចូលរួម​ពិធី​បុណ្យ​សព​ កញ្ញា ខេមរៈ ស្រី​ពៅ រួមមាន ​៖​ កំពូល​តារា​ចម្រៀង​ លោក ព្រាប សុវត្ថិ​,​កញ្ញា ឱក សុគន្ធ​កញ្ញា ,​អ្នកនាង សុគន្ធ នីសា ,​កញ្ញា ទេព បូ​ព្រឹក្ស ,​លោក G-devith ,​លោក ខេ​ម ,​លោក ជុំ លី​ណូ , មាស សាលី រួមជាមួយ​តារា​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​ទៀត​។​ មិនតែប៉ុណ្ណោះ​ ក៏មាន​មហាជន​ និង​អ្នកគាំទ្រ​ កញ្ញា ខេមរៈ ស្រី​ពៅ យ៉ាង​ច្រើន​កុះករ​ទៀត​ផង​ដែរ​។​

សូម​បញ្ជាក់​ថា ​គិត​មកទល់ពេលនេះ ដំណឹង ​នៃ​ការស្លាប់​របស់​តារា​ចម្រៀង ​កញ្ញា​ ខេមរៈ ស្រី​ពៅ គឺ​នៅតែ​បន្ត​ស្ថិតក្នុង​ភាព​សោកសៅ និង​ក្រៀមក្រំ​បំផុត សម្រាប់​ក្រុម​គ្រួសារ​ និង​មហាជន​គ្រប់​ស្រទាប់​វ័យ ខណៈដែល​សព​រប​ស់នា​ង ក៏ត្រូវ​បាន​បូជា​រួចរាល់​មកហើយ​ កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​វត្ត​សំរោង​អណ្តែត​។​ កញ្ញា ខេមរៈ ស្រី​ពៅ បាន​ទទួល​មរណភាព​ក្នុង​អាយុ​២៨​ឆ្នាំ ​បន្ទាប់​តារា​ស្រី​រូបនេះ​ បាន​ធ្លាក់ខ្លួន​ឈឺ ​និង​អវត្តមាន​ពី​សិល្បៈ​មាន​រយៈពេល​៤​ឆ្នាំ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114