ព័ត៍មានទាន់​ហេតុការណ៏
Search

ខេមរៈ សិរីមន្ត ប្រកាស​អរគុណ​បណ្ដា​ក្រុមហ៊ុន​ប្រគំ​តន្ត្រី​នានា ​ដែល​យោគយល់​ និង​អនុគ្រោះ ​ខណៈ​ពេល​កំពុង​កាន់ទុក្ខ​ប្អូនស្រី​

​ភ្នំពេញ ​៖​ កំពូល​តារា​ចម្រៀង​ប្រុស ​លោក ខេមរៈ សិរីមន្ត ស្រប​ពេលដែល​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​របស់​ប្អូនស្រី ​កញ្ញា ខេមរៈ ស្រី​ពៅ ត្រូវ​បានរៀបចំ​រួចរាល់​ហើយ​នោះ ​ភ្លាមៗ​នេះ​ លោក​ក៏បាន​ប្រកាស​ថ្លែងអំណរគុណ​ដល់​មហាជន ​រួមទាំង​អ្នកសិល្បៈ​រួម​អាជីព​ជាច្រើន ​ដែល​បាន​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។​

លើសពីនេះទៅទៀត ​តារាចម្រៀង​ប្រុស​ លោក ខេមរៈ សិរីមន្ត ក៏បាន​ចេញមុខ​បញ្ជាក់​នូវ​រាល់​ព័ត៌មាន​មួយចំនួន​ដែល​បាន​លើកឡើងថា ​អំឡុងពេល​ នៃ​ពិធីបុណ្យ​ និង​កាន់ទុក្ខ​ កញ្ញា ខេមរៈ ស្រី​ពៅ រយៈពេល​១​សប្ដាហ៍​នេះ ​លោក​ត្រូវ​ខាតបង់​ និង​សង​ប្រាក់​ដល់​បណ្តា​ម្ចាស់​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​តន្ត្រី​នានា​ មាន​ទឹកប្រាក់​ចន្លោះ​ពី​១​ម៉ឺន​ ដល់​២​ម៉ឺន​ដុល្លារ​។ ​ប៉ុន្តែ​ករណីនេះ​ ត្រូវបាន​លោក ខេមរៈ សិរីមន្ត លើកឡើងថា ​ខ្លួន​ត្រូវបាន​ការអនុគ្រោះ​ និង​យោគយល់​ពី​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ​។​

ជាមួយគ្នា​ នៃ​ការបញ្ជាក​ខាងលើនេះ​ តារាចម្រៀង​ លោក ខេមរៈ សិរីមន្ត ភ្លាមៗ​នោះ បាន​ប្រកាស​ជា​សាធារណៈ​ផងដែរ​ ចំពោះ​ករណី​ នៃ​ការឆ្លើយ​បដិសេធ​មិន​ទទួលយក​រាល់​ការហៅ​ចម្រៀង ​ឬ​សម្តែង​នៅតាម​កម្មវិធី​ប្រគំ​តន្ត្រី​នានា​ ដែលមាន​រយៈពេល​ចំនួន​១០០​ថ្ងៃ​ ពោល​គឺ​គិត​ចាប់តាំងពី​ថ្ងៃ​ដែល ខេមរៈ ស្រី​ពៅ ស្លាប់​ រហូតដល់​គម្រប់​ខួប​១០០​ថ្ងៃ​តែម្ដង​។​

តារា​ប្រុស​ លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់ថា ​ខ្ញុំបាទ ខេមរៈ សិរីមន្ត សូម​ប្រកាស ​ធ្វើការ​កាន់ទុក្ខ​ប្អូនស្រី​ចំនួន​១០០​ថ្ងៃ​ និង​មិន​ទទួល​ការ​ច្រៀង ឬ សម្ដែង​ឡើយ​ ហើយ​សូម​អគុណ​ដល់​ក្រុមហ៊ុន​ទាំង​អស់​ដែល​បាន​យោគយល់​ដល់​រូប​ខ្ញុំបាទ​ ដែល​កំពុងតែ​មានទុក្ខ​ក្រៀមក្រំ​ជា​ទម្ងន់ ​ដោយ​លុបចោល​ខន​សើ​ត​ ហើយ​មិនមាន​ការ​សង​ការខូចខាត​ឡើយ​ សូម​អរគុណ​….​។​

សូម​បញ្ជាក់​ថា ​តារាចម្រៀង​វ័យ​២៦​ឆ្នាំ ​កញ្ញា ខេមរៈ ស្រី​ពៅ បានទទួល​មរណភាព​ កាលពី​ថ្ងៃទី​២៥ ខែ​មករា​ ឆ្នាំ​២០១៩ ​ស្ថិតនៅ​ប្រទេស​ឥណ្ឌា​ ដោយសារ​ជំងឺ​សួត​ និង​ក្រលៀន​ធ្ងន់ធ្ងរ​។ ​សព​របស់ ស្រី​ពៅ ត្រូវបាន​ក្រុមគ្រួសារ​សម្រេច​ធ្វើ​ពិធី​បូជា​ កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ​នៅ​វត្ត​សំរោង​អណ្តែត​។ ​ខណៈ​ការស្លាប់​របស់​ កញ្ញា ខេមរៈ ស្រី​ពៅ បានធ្វើ​ឲ្យ​អ្នកគាំទ្រ ​និង​សិល្បៈ​រួម​អាជីព​ស្ទើរ​មួយ​ចំហៀង​ប្រទេស​ ​បង្ហាញ​ការ​សោកស្តាយ​ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114