ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ នឹង​រៀបចំ​មហោស្រព​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​ លើក​ទី​៥ ​នៅ​ចុង​ខែ​នេះ​

​ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ សហការ​ជាមួយ​អង្គការ​ស្ទែ​ម​កម្ពុជា នឹង​រៀបចំ​មហោស្រព​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា លើក ទី​5 (STEM festival)​ មាន​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​២១ ​ដល់​២៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​នេះ ​នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​។​

លោក​បណ្ឌិត​សភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា​ បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ កាលពី​រសៀល​ថ្ងៃទី​៣១​មករា​ឲ្យ​ដឹងថា ​មហោស្រព​លើក​ទី​៥​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​កាន់តែ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា វិស្វកម្ម នឹង​គណិតវិទ្យា ព្រមទាំង​ការសិក្សា ការស្រាវជ្រាវ នវានុវត្តន៍ ការប្រកួតប្រជែង ការងារ អាជីព និង​វិជ្ជាជីវៈ ​សំដៅ​ចូលរួម​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​ នៅ​កម្ពុជា ឲ្យ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ភាព​ស័ក្ដិសិទ្ធិ និង​សមធម៌​សម្រាប់​អនាគត​ដ៏​រុងរឿង​របស់​កម្ពុជា។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​នេះ​ ត្រូវបាន​ប្រទេស​នានា​ទូទាំង​ពិភពលោក ទទួលស្គាល់​ជាទូទៅ និង​យ៉ាង​ទូលំទូលាយ​ថា​ ជា​វិស័យ​កត្តា​គន្លឹះ និង​កម្លាំង​ចលករ ដ៏​មាន​សក្ដានុពល ​និង​ជា​អាទិភាព និង​មាន​សារៈសំខាន់​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ជាតិ ជាពិសេស​លើ​វិស័យ សេដ្ឋកិច្ច ឧស្សាហកម្ម សុខាភិបាល កសិកម្ម សេវាកម្ម កសិឧស្សាហកម្ម និង​ពាណិជ្ជកម្ម ឲ្យ​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​ប្រកបដោយ​វិបុលភាព សមធម៌ បរិយាបន្ន និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​
​ ​
លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ ជួន​ណា​រ៉ុ​ន​ បាន​ឲ្យ​ដឹង​ទៀតថា ​សម្រាប់​មហោស្រព​ឆ្នាំនេះ ​សង្ឃឹមថា​នឹងមាន​អ្នកចូលរួម​ប្រមាណ​៥​ម៉ឺន​នាក់​ ដោយ​ក្រសួង​បាន​ប្រើប្រាស់​ឡានក្រុង​សម្រាប់​ដឹក​សិស្ស​ពី​សាលា​នីមួយៗ និង​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី​អ្នកស្ម័គ្រចិត្ត។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ក្រសួង​ នឹង​អញ្ជើញ​សាលា​ថ្នាក់​ឧត្ដមសិក្សា ទាំង​ឯកជន និង​របស់​រដ្ឋ​ចូលរួម​ក្នុង​វិធី​មហោស្រព ដើម្បី​បង្ហាញ​ស្នាដៃ ពិសេស​នោះ​អញ្ជើញ​គ្រូ​ជំនាញ​មក​ចូលរួម​ ​បង្ហាញ​ពី​ជំនាញ​របស់គាត់​ផងដែរ។​

គួរ​បញ្ជាក់​ថា​ ចំពោះ​សកម្មភាព​ ដែល​នឹង​ត្រូវ​បង្ហាញ ​និង​សម្តែង​នៅក្នុង​ព្រឹត្តិការណ៍​មហោមស្រព​២០១៩​រួមមាន ​៖ ពិព័រណ៍​ស្ទែ​ម ,​ការប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ​នៅ​កម្ពុជា ,​ការ​បង្ហាញ​គម្រោង​ស្ទែ​ម ដែល​ផ្តល់​ឱកាស​ឲ្យ​អ្នកចូលរួម​ធ្វើ​ពិសោធន៍​ផ្ទាល់​ និង​អនុវត្ត​ផ្ទាល់ ជាក់ស្ដែង​ដោយ​ខ្លួនឯង , ការ​បង្ហាញ​យុទ្ធនាការ​ផ្សព្វផ្សាយ ស្ទែ​ម​ដើម្បី​អនាគត​ខ្ញុំ ស្ទែ​ម​ដើម្បី​កម្ពុជា​, ការ​ប្រ​កូត​ជើងឯក​ស្ទែ​ម , ការប្រកួត​គណិតវិទ្យា ដោយ​ប្រើ​បច្ចេកវិទ្យា និង​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114