ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ថៃ នរៈ​សន្យា ​៖​ ក្រសួង​ នឹង​ពិនិត្យ​លើ​ករណី​តារា​ខ្មែរ​ចេញ​បទ​រ៉េប​ជេរ​បញ្ជោរ​គ្នា​កប់ៗ​មាត់ ​នាំ​ឲ្យ​ប៉ះពាល់​តម្លៃ​សិល្បៈ​ និង​វប្បធម៌

​ភ្នំពេញ ​៖​ មហាជន​ និង​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​អំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ​ បាន​កត់​សម្គាល់​ឃើញ​ថា សង្គ្រាម​ជេរ​បញ្ចោរ​គ្នា​រវាង​តារា​ចម្រៀង​រ៉េ​ប​២​រូប​ គឺ ខ្មែរ​មួយ​ជីវិត​ និង​លោក G-Devith កំពុងតែ​ផ្ទុះឡើង​យ៉ាង​កក្រើក​ ខណៈ​ដែល​កម្ដៅ​រាប់ម៉ឺន​អង្សា​នេះ ​ក៏​ហាក់​កំពុងតែ​រីក​រាល​ដាល​ខ្លាំង​ឡើងៗ​ បង្ក​ឲ្យ​មានការ​រិះគន់ ​និង​មិន​ពេញចិត្ត​ពី​សំណាក់​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​។​

តាម​ការចាប់អារម្មណ៍​របស់​មហាជន​សង្គ្រាម​រ៉េ​ប​បទ​ចម្រៀង​ជេរ​បញ្ចោរ​គ្នា​នេះ​ គឺ​កើតឡើង​តាមរយៈ​ចម្រៀង​រ៉េ​ប​របស់​ខ្មែរ​១​មួយជីវិត មាន​ចំណងជើង​ថា ប៉ា​រូ​ពិឃាដ សំដៅ​ប្រមាថ​លើ G-devith។​ ខណៈ​ដែល ​លោក G-devith ក៏​រ៉េ​ប​បក​ទៅវិញ​មាន​ចំណងជើង​ថា អា​ភេ​។ ​ទង្វើ​នេះ​ ត្រូវ​បាន​ទស្សនិកជន​ភាគច្រើន បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត និង​ហួសចិត្ត​យ៉ាង​ខ្លាំង​ លើ​តារា​ទាំងពីរ​រូប​នេះ ដែល​និពន្ធ​ចម្រៀង​រ៉េ​ប​ជេរប្រមាថ​គ្នា​កប់ៗ​បែបនេះ​។​

លើសពីនេះ​ស្រប​ពេលដែល​សង្គ្រាម​រវាង​តារា​ប្រុស​ទាំងពីរ​រូបនោះ ​នៅ​មិនទាន់​ត្រូវបាន​បញ្ចប់​ផង​ដែរ​ ក៏​ស្រាប់តែ​មានការ​បញ្ចេញ​ចម្រៀង​រ៉េ​ប​ជា​បន្តបន្ទាប់ ​ឬ​អាច​ចាត់ទុកថា ​ជា​ការ​បន្ត​ភាគ​រវាង​ភាគី ខ្មែរ​១​មួយជីវិត និង​លោក G-devith។ ​មិនតែប៉ុណ្ណោះ ​ក៏​លេច​វត្តមាន​របស់​តារា​រ៉េ​ប ប្រមាណ​៤​រូប​ផ្សេង​ទៀត​ បាន​នាំគ្នា​រ៉េ​ប​ជេរប្រមាថ​គ្នា​ទៅវិញទៅមក​យ៉ាង​កក្រើក​ពេញ​បណ្តាញ​សង្គម ​ក្នុងន័យ​គាំទ្រ ខ្មែរ​១​មួយជីវិត និង​លោក G-devith តាម​អ្វីដែល​ពួកគេ​គិតថា ​បុគ្គល​ដែល​ខ្លួន​គាំទ្រ​មាន​ចំណុច​ល្អ​ និង​ត្រឹមត្រូវ​រៀងៗ​ខ្លួន​។​

ជុំវិញ​ករណី​ខាងលើ​ដែល​កំពុង​មាន​ទស្សនិកជន ​និង​អ្នកគាំទ្រ​ជាច្រើន​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​ទង្វើ​របស់​តារា​ខ្មែរ​ តាមរយៈ​ការយក​សិល្បៈ​ធ្វើជា​គោលដៅ​ច្រៀង​រ៉េ​ប​ជេរ​ប្រមាថ​គ្នា​នោះ​ លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ​ចំពោះ​ករណីនេះ​លោក​ច្បាស់​ជា​បានទទួល​ព័ត៌មាន​ហើយ​ តាមរយៈ​បណ្តាញ​សង្គម​នានា​ ក៏ដូចជា​មានការ​ផ្ញើ​សារ​សួរនាំ​ពី​បញ្ហា​នេះ​ផង​ដែរ​។​

លោ​កថា​ រឿង​រ៉េ​ប​ចម្រៀង​ជេរប្រមាថ​គ្នា​នេះ​ ពិតជា​ករណី​មួយ​ដែល​កើតឡើង​ហួសហេតុ​ពេក​ហើយ​សម្រាប់​សង្គម​សិល្បៈ​ខ្មែរ​ ពិសេស​តារា​ប្រុស​ពីររូប​នេះ​តែម្តង​ គឺ​ខ្មែរ​១​មួយជីវិត និង​លោក G-devith​។​

លោក ថៃ នរៈ​សត្យា បានបញ្ជាក់​ថា​ យើង​មិន​ចង់ឃើញ​សិល្បករ​-​សិល្បការិនី​ខ្មែរ​រូប​ណា ​ប្រើ​សិទ្ធិ​ហួសហេតុ​បែបនេះ​ពេក​ទេ​។ ​ជាក់ស្តែង​ដូចជា​ការនិពន្ធ​បទ​ច្រៀង​រ៉េ​ប ​ដើម្បី​ច្រៀង​វាយប្រហារ​ ឬ​ជេរ​បញ្ចោរ​គ្នា​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ដ៏​ពេញនិយម​ហ្វេ​ស​ប៊ុ​ក​ជា​ដើម​។​ ករណីនេះ​ អាច​ចាត់ទុកថា​ជាការ​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ​ ឬ​ការមិន​ឲ្យ​តម្លៃ​លើ​បុគ្គល​អ្នកសិល្បៈ​ខ្លួនឯង​ផ្ទាល់ ​ក៏ដូចជា​វប្បធម៌​ និង​អរិយធម៌​របស់​ជាតិ​សាសន៍​ខ្លួនឯង ​ព្រោះ​ក្នុងនាម​អ្នកសិល្បៈ​ដែល​ទទួល​បាន​ការគាំទ្រ​ពី​មហាជន ​មិន​គួរ​បន្ថោក​បន្ទាប​សិល្បៈ​ដោយ​ការ​ច្រៀង​ជេរ​គ្នា​នោះឡើយ​។​

លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​បន្ថែមថា ក្រសួង​ នឹងធ្វើ​ការ​ពិនិត្យ​លើ​ករណីនេះ​ក្នុងការ​សម្រេច​ស្នើ​សុំ​យោបល់​ពី​លោកជំទាវ​រដ្ឋមន្ត្រី​ ដើម្បី​មាន​វិធាន​ការ​ព្រមាន​ ឬ​ណែនាំ​ដល់​អ្នកសិល្បៈ​រូប​ណា​ដែល​មិនជា​គំរូ​សម្រាប់​ទស្សនិកជន​។ ​

ជាក់ស្ដែង​ ដូច​ករណី​តារា​ខ្មែរ​រ៉េ​ប​ចម្រៀង​ជេរ​ប្រមាថ​គ្នា​ កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេលនេះ​ផង​នោះ​៕