ព័ត៍មានទាន់​ហេតុការណ៏
Search

“​បង្ហាញ​រូបថត​វត្ថុ ដែល​បាន​បាត់បង់​ពី​សារមន្ទីរ​វត្ត​ពោធិ៍​វាល​ និង​សារមន្ទីរ​ខេត្ត​បាត់ដំបង​”

ភ្នំពេញ ​៖ ​រូបថត​វត្ថុ​ ដែល​បាន​បាត់បង់​ពី​សារមន្ទីរ​វត្ត​ពោធិ៍​វាល និង​សារមន្ទីរ​ខេត្ត​បាត់ដំបង​ចំនួន​៦៧​រូប​ ដែល​ក្នុង​នោះ​៣៨ ជា​សមុច្ច័យ​នៃ​សារមន្ទីរ​វត្ត​ពោធិ៍​និង​២៩​ទៀត​ជា​សមុច្ច័យ​របស់​សារមន្ទីរ​ខេត្តបាត់ដំបង ត្រូវបាន​យក​មក​តាំង​បង្ហាញ​នៅ​ក្នុង​សារមន្ទីរ​ជាតិ​កម្ពុ​ជានា​ល្ងាច​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩។

លោក គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ស្តីពី​”​វត្ថុ​បុរាណ ​ដែល​បាត់បង់​ពី​សារមន្ទីរ​វត្ត​ពោធិ៍​វាល​និង​សារមន្ទីរ​ខេត្តបាត់ដំបង​”​ថា ពិព័រណ៍​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ពីរ​។​ ទី​១​គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​វត្ថុ​ ដែល​បាន​បាត់បង់​ទាំងនោះ ក្នុង​ក្តី​សង្ឃឹមថា យើង​នឹង​ប្រទះឃើញ​ និង​បាន​វត្ថុ​ទាំងនោះ​ត្រឡប់​មកវិញ និង​ដើម្បី​ជាការ​ចូលរួមចំណែក​ក្នុងការ​ជំរុញ​ឲ្យ​មានការ​បើក​សារមន្ទីរ​វត្ត​ពោធិ៍​វាល​ឡើងវិញ​នា​ពេល​អនាគត។ ទី​២​គឺ​ដើម្បី​ជូនដំណឹង​ទៅដល់​ជន​ទាំង​ឡាយណា ​ដែល​កំពុង​កាន់កាប់​វត្ថុ​ដែល​បាត់បង់​ទាំងនោះ ថា​ពួកគេ​កំពុងតែ​កាន់កាប់​ដោយ​ខុសច្បាប់​។​

លោក​ប្រធាន​បានបញ្ជាក់​ទៀតថា ក្រៅពី​គោលបំណង​ចម្បង​ខាងលើ តាមរយៈ​ពិព័រណ៍នេះ ក៏​ជា​ឱកាស​សម្រាប់​ផ្តល់ជូន​ភ្ញៀវ ជាតិ​និង​អន្តរជាតិ ឲ្យ​មានការ​ចាប់អារម្មណ៍​ទៅលើ​ខេត្តបាត់ដំបង ដែលជា​ខេត្ត​មួយ​ដ៏​ល្បីល្បាញ នាពេល​អតីត និង​ជា​ឱកាស​ដើម្បី​បាន​ស្វែងយល់​អំពី វត្ថុ​បុរាណ​សិល្បៈ​ខ្មែរ​ពិចិត្រ​ៗ​ផង​ដែរ ក្រៅ​អំពី​វត្ថុ​សិល្បៈ​ដែលជា​សមុច្ច័យ​របស់​សារមន្ទីរ​ជាតិ​កម្ពុជា​។​

លោក ប្រាក់ សុ​ណ្ណា​រ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធពិព័រណ៍​នោះដែរ​ បាន​មានប្រសាសន៍ថា តាមរយៈ​ការដាក់​តាំង​នេះ​ក៏​បង្ហាញ​អំពី​សារៈសំខាន់​និង​តម្លៃ​នៃ​សំណៅ ឯកសារ​ចុះបញ្ជី​និង​រូបថត​ដើម​នៃ​វត្ថុ​នីមួយៗ ហើយ​ដែលជា​ភស្តុតាង​ផ្លូវច្បាប់​យ៉ាង​សំខាន់ ក្នុង​ការ​ទាមទារ​មក​វិញ ក្នុងករណី​ដែល​យើង​ប្រទះឃើញ​នៅ​ទីណា​មួយៗ យើង​ក៏​ត្រូវ​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ដល់​អ្នក​ជំនាន់​មុន​ផង​ដែរ ដែល​ពួកគាត់​បាន​កត់ត្រា យ៉ាង​ច្បាស់​អំពី​វត្ថុ​នីមួយៗ​។​ ទន្ទឹមនឹងនេះ ​លោក​បាន​ថ្លែងអំណរគុណ​ដល់​លោក Bertrand Porte តំណាង​សាលា​បារាំង​ចុង​បូព៌ា ដែល​តែងតែ​ជួយ​គាំទ្រ​បុព្វហេតុ​ផ្សេងៗ​នៃ​កិច្ចការ​សារមន្ទីរ ជាពិសេស សម្រាប់​ការផ្តល់​នូវ​ទិន្នន័យ ជា​រូបថត ជាច្រើន​ដែល​ពាក់ព័ន្ធ​ នឹង​សមុច្ច័យ និង​ប្រវត្តិ​នៃ​សារមន្ទីរ​ទាំងពីរ​នៅ​បាត់ដំបង​៕

 


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114