ព័ត៍មានទាន់​ហេតុការណ៏
Search

ដួង វីរៈ​សិទ្ធ រំភើប​ខ្លាំង ​ក្រោយពេល​ជួប​ឧត្ដម​ភរិយា​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត​

​ភ្នំពេញ ​៖ ​​ទីបំផុត​តារា​ចម្រៀង​ប្រុស​សង្ហា​ លោក ដួង វីរៈ​សិទ្ធ បាន​ជួប​ជាមួយ​ភរិយា​របស់​អធិរាជ​សំឡេង​មាស​ លោកតា ស៊ីន ស៊ី​សាមុត ហើយ ​ខណៈ​ដែល​លោក​បាន​ពោល​ពាក្យ​ទាំង​រំភើប​ថា​ អរគុណ បំណង​របស់ខ្ញុំ​ពេលនេះ​បានសម្រេច​ហើយ​។​

តារា​ចម្រៀង​ លោក ដួង វីរៈ​សិទ្ធ បានបង្ហាញ​អារម្មណ៍​របស់ខ្លួន​បែបនេះ​នេះ​ថា ខ្ញុំ​ពិតជា​មាន​ក្តីរំភើប​រីករាយ​ខ្លាំងណាស់​ដែល​បាន​ជួប​លោកយាយ​ ដែលជា​ឧត្ដម​ភរិយា​របស់ អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ដូច​ក្តី​បំណង ទោះ​ភ្នំពេញ​ដី​ឆ្ងាយ​ពី​ខេត្តស្ទឹងត្រែង​ តែ​ទឹកចិត្ត​ និង​ការដឹងគុណ​របស់​ចៅ​ គឺ​នៅ​ជិតបង្កើយ​។

លោក ដួង វីរៈ​សិទ្ធ បញ្ជាក់ថា​ ខ្ញុំ​បាន​ពាំ​នាំយក​កាដូ​បន្តិចបន្តួច​ទៅតាម​លទ្ធភាព​ចំនួន​ទឹកប្រាក់​២,០០០,០០០​រៀល ​ដែលជា​សន្ដាន​ចិត្ត​របស់​ចៅ ដោយ​ក្ដី​ស្រលាញ់​ និង គោរព​ចំពោះ​លោកយាយ​និង​ក្រុមគ្រួសារ​ និង​ជាការ​ដឹងគុណ​សម្រាប់​រា​ល់​បទ​ចម្រៀង​ដែល​ចៅ​បាន​ច្រៀង​ ហើយ​ចៅ​នឹង​ព្យាយាម​ជួយ​លោកយាយ​បន្ថែមទៀត​ទៅ​ថ្ងៃមុខ​ ទៅតាម​លទ្ធភាព​ដែល​ចៅ​មាន​… ។​

ជាមួយគ្នានេះដែរ​ តារាចម្រៀង​ លោក ដួង វីរៈ​សិទ្ធ រៀបរាប់​បន្ថែមទៀតថា​ ចៅ​នឹង​ប្រឹងប្រែង​និពន្ធ​និង​ថែរក្សា​ចម្រៀង​បែប​ខ្មែរ​យើង​ឲ្យ​បានល្អ​ និង​ដើម្បី​បន្សល់ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​សូម​អរគុណ​….​។​

សូម​បញ្ជាក់​ថា ​ជំនួប​របស់ លោក ដួង វីរៈ​សិទ្ធ ជាមួយ​ភរិយា​របស់​អធិរាជ​សំឡេង​មាស ​លោកតា ស៊ីន ស៊ី​សាមុត គឺ​បាន​ធ្វើឡើង ​កាលពី​ថ្ងៃទី​២៦​ ខែ​មករា ​ឆ្នាំ​២០១៩ កន្លងមក​។​ នេះ​បើតាម​ការ​បញ្ជាក់​របស់ ​លោក ដួង វីរៈ​សិទ្ធ​។​

បន្ថែម​ពីលើ​នេះដែរ​ លោក ដួង វីរៈ​សិទ្ធ ក៏បាន​បញ្ជាក់​ឆ្លើយតប​នឹង​សំណូមពរ​ ឬ​មតិ​របស់​អ្នកគាំទ្រ​មួយចំនួន​ដែល​តែង​ស្នើ​ឲ្យ​លោក​បន្ត​ការ​Cover ​បទ​ចម្រៀង​ លោកតា ស៊ីន ស៊ី​សាមុត បែបនេះ​ថា​មួយរយៈ​ពេល​យូរ​កន្លង​មក​នេះ​ មាន​បងប្អូន​អ៊ំ ​ពូ ​មីង​ លោកតា​ លោកយាយ​ បាន​សំណូមពរ​ឲ្យ​ខ្ញុំ​បកស្រាយ​បទ​របស់​អធិរាជ​សំឡេង​មាស ​លោកតា ​ស៊ីន ​ស៊ី​សាមុត​ តែ​ខ្ញុំ​មិនបាន​ច្រៀង​នោះ​ ដោយ​ហេតុថា ​ខ្ញុំ​មិនទាន់បាន​សងគុណ​លោក ​ទើប​ខ្ញុំ​ចាក​ឆ្ងាយ​ពីបទ​របស់លោក​ តែ​ពេលនេះ​ខ្ញុំ​បាន​ធូរ​ក្នុង​អារម្មណ៍​ហើយ ​ព្រោះ​បាន​ជួប​ និង​ជួយ​លោកយាយ​ដូច​ក្តី​បំណង​….៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114