ព័ត៍មានទាន់​ហេតុការណ៏
Search

នារី​វ័យក្មេង​២​រូប ​លួច​ម៉ូតូ​បានសម្រេច​ ត្រូវ​នគរបាល​ក្រុង​សៀមរាប ​ស្រាវជ្រាវ​ឃាត់ខ្លួន​

សៀមរាប ​៖ ​ជនសង្ស័យ​ចំនួន​២​នាក់ ​លួច​ម៉ូតូ បានសម្រេច ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ធ្វើការ​ស្រាវជ្រាវ​ទៅតាម​បណ្តឹង​ជនរងគ្រោះ រហូតដល់​ឃាត់ខ្លួន​ជាក់ស្តែង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​មូលដ្ឋាន​​ក្រុង​សៀមរាប​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ​ទៅតាម​បណ្តឹង​ជនរងគ្រោះ​ពាក់ព័ន្ធ​ករណី អំពើ​លួច​(យកម៉ូតូ)។ ជនសង្ស័យ​ទី​១.​ឈ្មោះ វិ​ន សុជា ហៅ​ហេង ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​២-​ឈ្មោះ វិ​ន ស្រី​លាភ ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំងពីរ​នាក់ ​មាន​ស្រុក​កំណើត និង​ទី​លំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កំពង់​ថ្កូវ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

លោក​បន្ត​ថា ក្នុង​អង្គហេតុ នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ១០​និង​២៥នាទី ស្ថិតនៅ​ក្រុម​ទី​១០ ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​-​ខេត្តសៀមរាប ជនរងគ្រោះ​ឈ្មោះ ហង់ សុភា​ត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​សណ្ឋាគារ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​/​សង្កាត់​ខាងលើ បាន​ទុក​ម៉ូតូ​របស់​គាត់​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​1E-4052 លេខ​តួ និង លេខ​ម៉ាស៊ីន​៨៣០១៧៣៨ ទុក​នៅ​ក្រោម​ផ្ទះ ដោយ​កូនសោ​ម៉ូតូ​នៅ​ជាប់​នឹង​ម៉ូតូ​ស្រាប់ ពេលនោះ​ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ វិ​ន សុជាតិ និង ឈ្មោះ វិ​ន ស្រី​លាភ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ខាងលើ​ជិះ​ចេញទៅ​បាត់ បន្ទាប់ពី​បាត់​ម៉ូតូ​ហើយ​ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្រ​ង៉ែ​។

ក្រោយពី​ទទួល​បាន​ពាក្យ​បណ្តឹង​ហើយ​នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​០០​នាទី សមត្ថកិច្ច​យើង​ទទួល​ព័ត៌មាន​បាន​ថា ​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​ ជិះ​ម៉ូតូ​ដែល​លួច​បាន​ទៅ​អ៊ុតសក់​នៅ​ហាង​អ៊ុតសក់​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ភ្នំ​ក្រោម ស្ថិតនៅ​ភូមិ​អារញ្ញ សង្កាត់សៀមរាប ក្រុង​-​ខេត្តសៀមរាប បន្ទាប់មក​សមត្ថកិច្ច​យើង​បាន​ចុះទៅ​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ដែល​ធ្វើ​សកម្មភាព​លួច​បាន យក​មក​ធ្វើការ​សាកសួរ ក្រោយពី​ការសាកសួរ ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ឆ្លើយ​សារភាពថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ក្រុង​សៀមរាប បានការ​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114