ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​កុម្ភៈ ​កើតឡើង​៣០​លើក ​ស្លាប់​១៩​នាក់ ​របួសធ្ងន់​ស្រាល​៤២​នាក់​

​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​៣០​លើក ( យប់១៧​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់១៩​នាក់ ( ស្រី១​នាក់ ) រងរបួស​ធ្ងន់៣៤​នាក់ ( ស្រី៧​នាក់ ) និង​រងរបួស​ស្រាល៨​នាក់ ( ប្រុស ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព៥០​នាក់ ( យប់២៩​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៣០​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប៥៥​គ្រឿង ក្នុងនោះ​មាន ម៉ូតូចំនួន៣៧​គ្រឿង រថយន្ត​ធុន​តូច ចំនួន១៣​គ្រឿង រថយន្ត​ធុន​ធំ ចំនួន២​គ្រឿង យាន​ផ្សេងៗ ចំនួន៣​គ្រឿង និង​អ្នក​ថ្មើរជើង ចំនួន២​នាក់។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន១០​លើក ( ស្លាប់៩​នាក់ ) , មិន​គោរព​សិទ្ធិ៤​លើក ( ស្លាប់ ១​នាក់ ) , ស្រវឹង៤​លើក ( ស្លាប់៥​នាក់ ) , មិន​ប្រកាន់​ស្តាំ៥​លើក ( ស្លាប់២​នាក់ ) , ប្រជែង​គ្រោះថ្នាក់៣​លើក ( ស្លាប់១​នាក់ ) , បត់​គ្រោះថ្នាក់៣​លើក ( ស្លាប់១​នាក់ ) និង​កត្តា​យាន១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន១៤​លើក ផ្លូវ​ខេត្ត ចំនួន១៤​លើក និង​ផ្លូវលំ ចំនួន២​លើក។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូចំនួន១៨​លើក រថយន្ត​ធុន​តូច ចំនួន៨​លើក រថយន្ត​ធុន​ធំ ចំនួន១​លើក កង់ ចំនួន១​លើក និង​អ្នក​ថ្មើរជើង ចំនួន២​លើក។

រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ២​លើក ស្លាប់៤​នាក់ របួស ៣​នាក់ ខេត្តកំពង់ចាម៣​លើក ស្លាប់៣​នាក់ របួស៤​នាក់ ខេត្តក្រចេះ២​លើក ស្លាប់២​នាក់ របួស១​នាក់ ( ស្រី ) ខេត្តតាកែវ២​លើក ស្លាប់២​នាក់ របួស៥​នាក់ ( ស្រី១​នាក់ ) ខេត្តព្រះវិហារ១​លើក ស្លាប់ ១​នាក់ របួស២​នាក់ ខេត្តព្រៃវែង ១​លើក ស្លាប់ ១​នាក់ ខេត្ត​រតនគីរី ១​លើក ស្លាប់ ១​នាក់ របួស ៣​នាក់ ខេត្ត​ត្បូងឃ្មុំ ២​លើក ស្លាប់ ១​នាក់ របួស ៤​នាក់ ( ស្រី ១​នាក់ ) ខេត្តបន្ទាយមានជ័យ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្តកំពង់ធំ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្តកណ្តាល ២​លើក ស្លាប់ ១​នាក់ របួស ៤​នាក់ និង​ខេត្តព្រៃវែង ១​លើក ស្លាប់១​នាក់។​

ដោយឡែក រយៈពេល២​ថ្ងៃ ថ្ងៃទី​៤-៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង៤៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់២៣​នាក់ របួស​សរុប៥៦​នាក់ ក្នុងនោះ​របួសធ្ងន់៤៣​នាក់ និង​របួសស្រាល១៣​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114