ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​ ចេញ​អនុក្រឹត្យ​លុបចោល ​កាំសាប ​នៅ​ម៉ោង​សូន្យ​ថ្ងៃ​ ២៨​ កុម្ភៈ​ ២០១៩

ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា​បានចេញ​អនុក្រឹត្យ​ស្ដីពី ការរំសាយ​សហគ្រាស​សាធារណៈ​ភ្នាក់ងារ​កម្ពុជា​នាវាចរ​ហៅថា​«​កាំសាប​»​ដែល​ចាប់​អនុវត្តន៍​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​តទៅ​។ នេះ​បើតាម​អនុក្រឹត្យ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

អនុក្រឹត្យ​នេះ​ បាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដើម្បី​សម្របសម្រួល​ផ្ទេរ​ក្របខ័ណ្ឌ​និយោជក និង និយោជិត​របស់ កាំសាប តាម​លទ្ធភាព និង តម្រូវការ​ជាក់ស្តែង​ចូលទៅក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​របស់​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ឬ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ឬ កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ។

អនុក្រឹត្យ​ក៏បាន​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ក្នុងង​ឋានៈ​ជា​អាជ្ញាធរ ​ឬ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​និង ជា​អាណាព្យាបាល​ហិរញ្ញវត្ថុ​ត្រូវ​សម្របសម្រួល​ជាមួយ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ក្នុង​ឋានៈ​ជា​អាជ្ញាធរ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ និង ជា​អាណាព្យាបាល​បច្ចេកទេស ផ្ទេរ​ទ្រព្យសម្បត្តិ​របស់ កាំសាប រួមមាន​អចលនវត្ថុ ,​ចលនវត្ថុ និង កាតព្វកិច្ច​ហិរញ្ញវត្ថុ​ដទៃ​ទៀត​រួម​ទាំង​បំណុល​ត្រូវ​ទារ និង បំណុល​ត្រូវ​សង តាម​នីតិវិធី​ជា​ធរមាន។

អនុក្រឹត្យ​ក៏បាន​និរាករណ៍​នូវ​លិខិត​គតិយុត្តិ​ដែលមាន​ពីមុន​ដែល​ពាក់ព័ន្ធ​និង កាំសាប ពីមុន​ចោល​ទាំងស្រុង​។ លិខិតបទដ្ឋាន​គតិយុត្តិ និង បទបញ្ញត្តិ ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ​។​

អនុក្រឹត្យ​បានបញ្ជាក់​ទៀតថា ​៖ «​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រ​សួ ស្ថាប័ន​ពាក់ព័ន្ធ ត្រូវអនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​»​។​

គួររំលឹកថា​ សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​ម្តង​រួចមកហើយ អំពី​ការលប់ចោល​ស្ថាប័ន​កាំសាប កាលពី​ថងៃទី ២៥ ខែ មករា នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត។ ដោយ​សម្តេច​បានលើកឡើង​ថា ​៖ «​ការលុបចោល កាំសាប នឹង​បាត់បង់​ចំណូល​ក្នុង​មួយ​ឆ្នាំ​ប្រមាណ ២ លាន​ដុល្លារ​ហើយ​បង់​ចូល​ថវិកាជាតិ​ប្រហែលជា ៥០ ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ បើ​យល់ឃើញថា​ខាត​ក្រុមហ៊ុន​នេះ​ដោយ​មិន​គិតពី​សេដ្ឋកិច្ចជាតិ​ទាំងមូល​នេះ​មិនមែន​ដឹកនាំ​សេដ្ឋកិច្ច​ទេ​… »​។​

សម្តេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា​៖«​នេះហើយ​ដែល​ហៅ​ពាក្យ​ថា​អភិក្រម​៥ យ៉ាង ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​។ មិនមែន​បងប្អូន​នោះ​ជា​អ្នកធ្វើ​កំហុស​ទេ ក៏ប៉ុន្តែ ដើម្បី​ការរស់រាន​នៃ​សេដ្ឋកិច្ចជាតិ​និង​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចជាតិ​សម្រួល​ពាណិជ្ជកម្ម​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការសម្រួល​ពាណិជ្ជកម្ម​ដែល​នៅ​គ្រប់​វេទិកា​នៃ​ការសន្ទនា​ទាំង​អាស៊ាន ទាំង​ក្របខ័ណ្ឌ សូម្បីតែ​នៅក្នុងពេល​ប្រជុំ G20…​។ ប្រធាន​អគ្គនាយក WTO ក៏បាន​ស្នើ​ខ្ញុំ​ឲ្យ​មាន​យោបល់​ទាក់ទិន​ជាមួយ​កិច្ច​ការសម្រួល​ពាណិជ្ជកម្ម​។ បញ្ហា​កាំសាប​នេះ​ក៏​ទាក់ទង​ជាមួយនឹង​ការសម្រួល​ពាណិជ្ជកម្ម​។ អញ្ចឹង​ការលុបចោល​នូវ​អង្គភាព​កាំសាប​ក៏មាន​ចំណែក​ឆ្លើយតប​ទៅនឹង​ការសម្រួល​ពាណិជ្ជកម្ម​សម្រាប់​អ្នកវិនិយោគ ដែល​មករក​ស៊ី​នៅ​កម្ពុជា​។ កាំសាប​ពិនិត្យមើល​នៅក្នុង​ប្រទេស​អាស៊ាន​សព្វ​ថ្ងៃ​នៅសល់តែ​យើង និង​មី​យ៉ាន់​ម៉ា​ទេ​។ ក្រៅពី​នោះគេ​លុបចោល​អស់ហើយ​។ វៀតណាម​គេ​ក៏​លុបចោល​តាំងពីណា​ពី​ណី​អស់​ទៅហើយ​។ ឡាវ​គាត់​អត់​មាន​ទេ​ព្រោះ​គាត់​អត់​ផ្លូវទឹក​។ អញ្ចឹងទេ​យើង​លុបចោល​។ តម្លៃ​ស្កេ​ន​នៅតាម​កំពង់ផែ ក៏ត្រូវ​ទម្លាក់​ចុះ​ដើម្បី​ផលចំណេញ​នៃ​បណ្តា​រោងចក្រ សហគ្រាស ដែល​រកស៊ី​នាំចេញ​នាំចូល​។ ផលចំណេញ​នោះ​ហើយ​ជាការ​ប្រកួតប្រជែង​សម្រាប់​ទាក់ទាញ​វិនិយោគ​មកកាន់​ប្រទេស​យើង​។ ដោយ​ការផលិត​នៅក្នុង​ប្រទេស​យើង​តម្លៃថោក ការដឹកជញ្ជូន​នាំចេញ​ក៏​តម្លៃថោក​…​។ ទម្លាក់ចោល​នូវ​តម្លៃ​គេ​ហៅថា​សេវា​កាំសាប សេវា​ផ្នែក​កាំកុងត្រូល អញ្ចឹង​វា​បាត់​ហើយ​។ អា​ធ្លាប់​បង់​ដូច​ថា ពួក​នាវា​គេ​ធ្វើ​ផ្ទាល់ នៅសល់​នាវា​តែ​ប៉ុន្មាន​ទេ ដែល​គេ​មិន​ធ្វើ​ផ្ទាល់​ជាមួយ​កំពង់ផែ​។ កាលណា​យើង​បាត់​អាហ្នឹង​ទម្លាក់​ថ្លៃ​ហ្នឹង​ចុះ បូក​នឹង​តម្លៃ​កាំកុងត្រូល បូក​នឹង​ទម្លាក់​តម្លៃ​ស្កេ​ន វា​នឹងធ្វើ​ឲ្យ​កាន់តែ​ធូរ​ថ្លៃ​សម្រាប់​អ្នកវិនិយោគ​នៅក្នុង​ស្រុក​ខ្មែរ​។ អញ្ចឹង​ភាព​ប្រកួតប្រជែង​របស់​យើង​កាន់តែ​ខ្ពស់​»​។​

គួរបញ្ជាក់​ដែរថា​ កាល​ពីស​ប្តា​ហ៍​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បានចេញ​អនុក្រឹត្យ​ដកចេញ​សមត្ថកិច្ច​កាំកុងត្រូល​ពី​មាត់​ច្រាក់​ព្រំដែន​អន្តរជាតិ​ទាំងអស់ ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​អ្នក​វិនិយោគិន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​បង្កើន​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្ពស់ ដើម្បី​ទាក់ទាញ​ការវិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា​៕