ព័ត៍មានទាន់​ហេតុការណ៏
Search

តេ​ជោ​សែន ប្ដេជ្ញា​ដាច់ខាត​មិន​ឲ្យ​កម្ពុជា​វិល​ទៅរក​សង្គ្រាម​វិនាសកម្ម​សាជាថ្មី​ឡើយ​

ភ្នំពេញ ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃ​ពុធ ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ​បានចេញ​សារ​នយោបាយ​មួយ​តាម​ហ្វេ​ស​ប៊ុក​របស់​សម្តេច​ជូនទៅ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​អំពី​បរិយាកាស​សុខសន្តិភាព នៅ​កម្ពុជា​បាន​បង្ក​ឱ​កាស​ឲ្យ​ប្រជាពលរដ្ឋ​បានទទួល​ផលប្រយោជន៍ យ៉ាងច្រើន​ពី​សុខសន្តិភាព​។ សម្តេច​ក៏បាន​ធ្វើការ​បញ្ជាក់​ជាថ្មី​ក្នុង​ការធានា​រក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព ដោយ​មិន​អនុញ្ញាត​ឲ្យ​សង្គ្រាម​វិនាសកម្ម​បំផ្លាញ​ប្រទេស​បំផ្លាញ​ក្តី​សុខ​ប្រជាពលរដ្ឋ​កើតមាន​ជាថ្មី​នោះឡើយ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​Facebook ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ថា «​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ​យើង​ឃើញថា​ទាំង​ប្អូន​ខ្មែរ​-​ចិន​និង​ខ្មែរ​គឺ​ចូលរួម​សប្បាយរីករាយ​ទាំងអស់គ្នា ព្រោះថា​ជា​ឱកាស​ជួបជុំ​ទទួលទាន​ម្ហូបអាហារ​ជាមួយ​ក្រុមគ្រួសារ​,​សាច់ញាតិ​និង​មិត្ត​ភកិ្ត​ព្រមទាំង​ចែក​អាំង​ប៉ាវ​ផ្តល់នូវ​ភាពសប្បាយ​រីករាយ​ដែល​នាំមក​នូវ​សេចក្តីសុខ​និង​លាភ​សំណាងល្អៗ​ដល់​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​។​

សម្ដេច​តេ​ជោ បាន​សម្ដែង​ការ​អរគុណ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​ទៅមុខ​។ ទម្រាំ​ប្រទេស​យើង​មានឱកាស​បាន​អភិវឌ្ឍ​រហូត​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ល្អ​និង​មាន​សន្តិសុខ​សង្គម​ល្អ ព្រមទាំង​មានការ​ទាក់ទាញ​វិនិយោគិន និង​ទេសចរ​បរទេស​កាន់តែ​ច្រើន គឺ​យើង​បាន​ខិតខំ​ប្រឹងប្រែង​និង​ធ្វើ​ពលិកម្ម​ខ្លាំងណាស់​ហើយក៏​គ្មាន​នរណា​ប្រឹង​ជំនួស​យើង​ទេ បើ​យើង​មិន​ប្រឹង​ដោយ​ខ្លួនឯង​។ ច្បាស់​ណាស់ កាលណា​ប្រទេសជាតិ​កាន់តែ​រីកចម្រើន ប្រជាពលរដ្ឋ​ក៏​កាន់តែ​មានឱកាស​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ការរីកចម្រើន​នៃ​ប្រទេសជាតិ​កាន់តែ​ច្រើនឡើង​ផងដែរ​។​

​សម្ដេច​តេ​ជោ​មានប្រសាសន៍ថា “​នៅក្រោម​ការដឹកនាំ​រប​ស់​ខ្ញុំ​គឺ​ដាច់ខាត​មិនអោយ​កម្ពុជា​វិល​ទៅរក​សង្គ្រាម​វិនាសកម្ម​សាជាថ្មី​ឡើយ ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​បាន​សប្បាយរីករាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ​”​។​



ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រទេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​រយៈពេល ៤០ ឆ្នាំ ជាមួយនឹង​តំណែង​នាយករដ្ឋមន្ត្រី ៣៥ ឆ្នាំ អ្វី​ដែលជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រាថ្នា​ចង់បាន​នោះ​គឺ​សុខសន្តិភាព និង ការឯកភាព​ទឹកដី ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ប្រជាពលរដ្ឋ​កម្ពុជា​អាច​យល់បាន ថាបើ​សម្តេច​តេ​ជោ ហ៊ុន សែន មិនមាន​មាគ៌ា​ដឹកនាំ​ប្រទេស​ដ៏​ត្រឹមត្រូវ​ទេនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មិនអាច​ឈរជើង​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​៣៥ ឆ្នាំ​នោះទេ ។ លន់ នល់ ដឹកនាំ​ប្រទេស​ជួប​វិបត្តិ​សង្គ្រាម​បានតែ ៥ ឆ្នាំ​ប៉ុណ្ណោះ ។ ចំណែក ប៉ុល ពត ដឹកនាំ​ប្រទេស​ទៅរក​វាលពិឃាត បានត្រឹមតែ​រយៈពេល​៣ ឆ្នាំ ៨ ខែ ២០​ថ្ងៃ​ប៉ុណ្ណោះ​។​សម្តេច​តេ​ជោ ហ៊ុន សែន កាន់តំណែង​សរុប ៤០ ឆ្នាំ ប៉ុន្តែ​តំណែង​ស្នូល​អំណាច​ខ្ពស់បំផុត​ជា​នាយករដ្ឋមន្ដ្រី​មាន​រយៈពេល ៣៥ ឆ្នាំ នៅសល់ ៥ ឆ្នាំ​បន្ត​ទៅមុខទៀត​និង​បូក ៥ ឆ្នាំ​បន្តទៅទៀត​ក៏​នៅតែមាន​ប្រជាជន​គាំទ្រ ព្រោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខសន្តិភាព និង ការអភិវឌ្ឍ គ្មាន​អ្វីដែល​ពិសេស​ជាងនេះទៀត​ទេ​៕

​