ព័ត៍មានទាន់​ហេតុការណ៏
Search

ជិត​ដល់​ឱសានវាទ​ក្នុងករណី​ភ្នាល់​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក សម រង្ស៊ី ហើយ​

​ភ្នំពេញ ​៖​ រហូតមកដល់​ពេលនេះ ជិត​ដល់​ថ្ងៃ​ឱសានវាទ ក្នុងករណី​ភ្នាល់​គ្នា​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក សម រង្ស៊ី ហើយ ដែល​នៅសល់​ប្រមាណ​ជាង​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពីព្រោះ​ការកំណត់​យ៉ាងយូរ ត្រឹម​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩​ខាងមុខ​។​

គេ​នៅ​ចាំបាន​ថា លោក សម រង្ស៊ី កាលពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ បានប្រកាស​តាមរយៈ​បណ្តាញ​សង្គម Facebook ផ្លូវការ​របស់ខ្លួន ដោយ​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ភ្នាល់​គ្នា​លើ​ករណី​ការដោះលែង​លោក កឹម សុខា ហើយ​ការ​ភ្នាល់​នេះ​ដាក់ថា “​បើសិន​មានការ​ដោះលែង កឹម សុខា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូរ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ សម្តេច​តេ​ជោ នឹង​ចុះ​ចេញពី​តំណែង តែបើ​មិនមាន​ការដោះលែង​ទេ នោះ សម រង្ស៊ី នឹងត្រូវ​ចូល​ឲ្យ​ចាប់ខ្លួន​”​។​

ទាក់ទង​បញ្ហា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​អះអាង​បញ្ជាក់ប្រាប់​បណ្តាញ​ព័ត៌មាន​FN កាលពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ​ថា “​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី បើសិន​មានការ​ដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្ត​ចុះចេញ​ពី​តំណែង តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​វិញ​នោះ នៅ​ចន្លោះ​ពីថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩​ទេ​, លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូលមក​ឲ្យ​ចាប់ខ្លួន ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​”​។ សម្តេច​តេ​ជោ​បញ្ជាក់ថា “​ខ្ញុំ​សូម​ប្រើប្រាស់​សារព័ត៌មាន Fresh News ជា​សាក្សី និង​ឆ្លើយតប​ជាមួយនឹង Facebook របស់ សម រង្ស៊ី សម្រាប់​ការ​ភ្នាល់​គ្នា​នេះ និង​សូម​ប្រកាស​ឲ្យ​សាធារណ​ជនជាតិ និង​អន្តរជាតិ ជួយ​ធ្វើ​សាក្សី ហើយ​ការ​ភ្នាល់​នេះ​ចាប់ពី​ថ្ងៃទី​០៩ ខែវិច្ឆិកា​នេះ រហូតដល់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩ តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី​”​។​

ការ​រំលឹក​ឡើងវិញ នៃ​ការ​ភ្នាល់​រវាង​សម្តេច​តេ​ជោ និង​ទណ្ឌិត សម រង្ស៊ី នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី បាន​និយាយ​នៅក្នុង​ពិធី​ជួបជុំ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង Seattle សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ថា លោក​នឹង​ទៅកាន់​ប្រទេស​កម្ពុជា ដើម្បី​ចាប់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ផ្តួលរំលំ​របប​គ្រប់គ្រង​បច្ចុប្បន្ន​។​

ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ការ​ខំ​ស្រែក​ពី​ក្រៅប្រទេស មិនបានការ​អី​ទេ បើ​ចង់​ចាប់ ចង់​ប្តូរ ហ៊ុន សែន ចេញ កុំ​នៅក្រៅ​ប្រទេស កុំ​ញុះញង់​ពី​ក្រៅប្រទេស ចូលក្នុង​ប្រទេស ទើប​មាន​ប្រសិទ្ធភាព​។ លោក​បញ្ជាក់ថា “​ដោយ​អស់សង្ឃឹម​ពី​ការធ្លាក់ចុះ​ទ្រុឌទ្រោម​នៃ​ការធ្វើ​នយោបាយ​របស់ខ្លួន ពួកក្បត់​ជាតិ​កំពុងតែ​ក្រអឺតក្រទម​ខ្លាំងណាស់ ខ្លាំង​នៅក្រៅ​ស្រុក ញុះញង់​ឲ្យ​ប្រជាជន​កម្ពុជា​នៅក្នុង​ស្រុក​បះបោរ​ប្រឆាំង នឹង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ស្របច្បាប់​នៅ​កម្ពុជា ប៉ុន្តែ​ការ​ញុះញង់​នោះ​របស់​ពួក​ក្បត់ជាតិ មិន​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​សោះឡើយ​។ ដូច្នេះ​ការ​ញុះញង់​ពី​ក្រៅប្រទេស​អត់​បានការ​អ្វី​ឡើយ​។ ចង់​ឲ្យ​មាន​ប្រសិទ្ធភាព លុះត្រាតែ​នាំគ្នា​ចូលមកក្នុង​ស្រុក​មក នៅ​ត្រាំត្រែង​ដល់​ណា​ទៀត​។ សូម​អញ្ជើញ​មក​ប្តូរ​របប និង​ប្តូរ​ហ៊ុន សែន មក ។ បើ​នៅតែ​ស្រែក​ពី​ឡង់​ប៊ី​ច ពី​ឡូ​វែ​ល ពី​វ៉ា​ស៊ិ​ង​តោន​ស្តេត ។​ល​។ អត់​បានការ​អី​ទេ​៕