ព័ត៍មានទាន់​ហេតុការណ៏
Search

នាំ​គ្នា​ទៅ​ទារ​លុយ​ពី​ថៅកែ​ឡូត៍​នេសាទ​ជំពាក់ តែ​មិន​ជួប​បែរជា​វាយ​សម្លាប់​កម្មករ​, សមត្ថកិច្ច​ចាប់ខ្លួន​ជន​ពាក់ព័ន្ធ​៤​នាក់

កណ្ដាល ​៖​ បុរស​កម្មករ​ឡូត៍​នេសាទ​ចំនួន​៤​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ពាក់ព័ន្ធ​មនុស្សឃាត ដែល​បាន​វាយតប់​មក​លើ​កម្មករ​នេសាទ​ម្នាក់​ស្លាប់​ ដោយសារតែ​ទំនាស់​ពាក្យ​សំដី​គ្នា​រឿង​មក​លុយ​ពី​ថៅកែ​របស់​ជនរងគ្រោះ​។​

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ នៅលើ​ទូក​នៃ​ផ្ទៃ​ទន្លេសាប​ចំណុច​គន្លង​ដាយ​ឡូត៍​នេសាទ​លេខ​11C ស្ថិត​ក្នុងភូមិ​ព្រែកក្តី ឃុំ ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល។

លោក​វរសេនីយ៍ឯក ដួង តេង អធិការ​នគរបាល​ស្រុក​ពញាឮ បាន​មានប្រសាសន៍​ថា​៖ ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំង​៤​នាក់​ខាងលើ ត្រូវបាន​រកឃើញថា មាន​ជាប់​ពាក់ព័ន្ធ​​​ក្នុង​ការ​ព្រួត​ទៅ​វាយ​សម្លាប់​ជនរងគ្រោះ​ម្នាក់​ បណ្តាល​អោយ​ស្លាប់ មាន​ឈ្មោះ ជឿន ម៉ក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​គន្លង​ដាយ​ឡូត៍​នេសាទ​លេខ​11C មាន​ទីលំនៅ​ភូមិ​ផាត់​សណ្តាយ ឃុំ​កំពង់ចំលង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។​

ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ១.​ឈ្មោះ ឡេង ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កម្មករ​ឡូត៍​នេសាទ មាន​ទីលំនៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង។ ២.​ឈ្មោះ ឡេង សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។ ៣.​ឈ្មោះ សាត សុទ្ធា​រៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល។ ៤.​ឈ្មោះ អេង ប៊ុនធឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។​

ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​​​ដឹងថា មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃកើតហេតុ​ខាងលើ ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​បាន នាំគ្នា​ជិះទូក​ទៅ​ទារលុយ​ថ្លៃឈ្នួល​ពី​ម្ចាស់​គន្លង​ដាយ​លេខ​11C ដែល​បាន​ជំពាក់​ចំនួន​១០​ម៉ឺ​ន​រៀល​។ នៅពេល​ទៅដល់ ឈ្មោះ ឡេង ម៉ៅ បាន​សួររក ម្ចាស់​គន្លង ដាយ ប៉ុន្តែ​បាន​ជួប​ជនរងគ្រោះ​ប្រាប់ថា​៖ ម្ចាស់​គន្លង​ដាយ​គាត់​មិន​នៅទេ ខណៈ​នោះ​ឈ្មោះ ឡេង ម៉ៅ ក៏បាន​ទាស់​ពាក្យសំដី​ឈ្លោះប្រកែក​គ្នា​ជាមួយ​ជនរងគ្រោះ​ឈ្មោះ ជឿន ម៉ក់ ជា​កម្មករ​ដាយ។ ឆ្លៀត​ពេលនោះ​ឈ្មោះ​ឡេង ម៉ៅ បាន​ទាញ​ដាវ​ពី​ក្នុង​ទូក​មកកាន់​បម្រុង​កាប់​លើ​ជនរងគ្រោះ ប៉ុន្តែ​ត្រូវបាន​ឈ្មោះ សេន សា​ឡេះ​ភ័​ណ្ឌ ចាប់​ឃាត់​ភ្លាម​នោះដែរ​ឈ្មោះ ឡេង សា​ភ័​ណ្ឌ បាន​យក​ដំបង​ឈើមូល​គប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ជឿន ម៉ក់ ចំ​ត្រង់​គុម្ពត្រចៀក​ខាងឆ្វេង បណ្តាល​ឲ្យ​ដួល​ប្រកាច់​បែកពពុះមាត់ ហើយ​ត្រូវបាន​អ្នកជិតខាង​បញ្ជូនមក​ពេទ្យ​គ្លីនិក​ឯកជន ភូមិ​ព្រែកក្តី ពេលមកដល់​គ្លី​និ​ក ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។

ក្រោយ​មក​ប៉ូលិស​បានដឹង​ព័ត៌មាន​នេះ កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​ឃុំ​ចុះ​ពិនិត្យ​សព​ឃើញថា ​៖ សាកសព​មាន​ស្លាកស្នាម​របួស​ដាច់​រលាត់​ជាំ​១​កន្លែង​ប្រវែង​២​សង្ទីម៉ែត្រ​ត្រង់ចំណុច​គុម្ពត្រចៀក​ខាងឆ្វេង​ ដែល​បង្ក​​អោយ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជនសង្ស័យ​គប់​នឹង​ដំបង​ឈើមូល​ ដែល​បន្សល់ទុក​នៅ​កន្លែងកើតហេតុ មាន​ប្រវែង​៦​តឹក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114