ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ុប​ពី ​៖ ​ខ្ញុំ​ជា​ខ្ទើយ​តែ​ជា​ខ្ទើយ​ដែល មាន​កិត្តិយស​និង​មាន​ភាព​ថ្លៃថ្នូរ!

ភ្នំពេញ​ ៖ តារា​សម្តែង​ភេទ​ទី​៣​ ដែល​បានធ្វើ​ការដោះដូរ​ប្រអប់លេខ​មកជា​ស្រី​ពេញលក្ខណៈ​កញ្ញា ប៉ុប​ពី មុននេះ​បន្តិច​ បានធ្វើការ​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​អត្ថន័យ​ហាក់​មាន​ចេតនា​បំផុស​ដល់​មហាជន​រួមទាំង​បុគ្គល​ដែល​កើតមក​មាន​លក្ខណៈ​ជា​មនុស្ស​ភេទ​ជា​បី​មួយចំនួន​។​ ខណៈដែល​តារា​រូបនេះ​បាន​អះអាងថា ​ថ្វី​ត្បិត​ខ្លួន​ជា​ខ្ទើយ​មែន តែ​ជា​ខ្ទើយ​ដែល មាន​កិត្តិយស មាន​ភាពថ្លៃថ្នូរ​។​

ការ​បង្ហោះ​របស់​តារា​សម្តែង​ភេទ​ទី​៣​មាន​រូប​​​សម្រស់​ស្រស់​សោភា​កញ្ញា ប៉ុប​ពី នាពេលនេះ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ ​និង​មហាជន​ជាច្រើន​យល់​ឃើញថា​ អត្ថន័យ​នេះ​ កំពុង​តែ​មាន​ចេតនា​បង្កប់​ការ​ដាស់តឿន​ និង​បង្ហាញ​ឲ្យ​ទស្សនិកជន​ព្រមទាំង​បុគ្គល​(​ខ្ទើយ​)​មួយ​ចំនួន​ចេះ​ ថែរក្សា​នូវ​តម្លៃ និង​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន ​ដើម្បី​ជៀស​ឲ្យ​បំផុត​ពី​ការ​មើល​ងាយ​ ឬ​ភាព​រើសអើង​ពី​សង្គម​បច្ចុប្បន្ន។

តាមរយៈ​សារ​របស់​តារា​ស្រី​កញ្ញា ប៉ុប​ពី បានធ្វើការ​រៀបរាប់​បែបនេះ​ថា នាង​ខ្ញុំ តស៊ូ និង​សូម​រស់​ដោយ​ភាពថ្លៃថ្នូរ ព្រោះ​នាង​ខ្ញុំ​ប្រឹងប្រែង​ណាស់​ទម្រាំ មាន​ថ្ងៃនេះ ព្រោះ​ម្តាយ​ឪពុក​នាង​ខ្ញុំ ប្រដៅ​ថា កូន​មិនត្រូវ​តូចចិត្ត​ទេ​ដែល​កើត​មកជា (​ខ្ទើយ​)​តែ​ជា​ខ្ទើយ​ដែល មាន​កិត្តិយស មាន​ភាពថ្លៃថ្នូរ មាន​សមត្ថភាព​ធ្វើការ​ដោយ​សុចរិត និងមិន​ធ្វើអោយ​សង្គម​គេ​ពិបាក​ដោយសារតែ​យើង …..​។​

តារា​សម្តែង​កញ្ញា ប៉ុប​ពី បានបញ្ជាក់​បន្ថែម​ដល់​សាធារណជន​ទៀតថា ឥរិយាបថ សម្តី និង​មារយាទ ចូរ​កូន​រក្សា អោយបាន​ខ្ជាប់ខ្ជួន​​ ព្រោះ​ជាហេតុ​នាំ​អោយគេ ស្គាល់​ដល់​សណ្តាន​ និង​វង្សត្រកូល​យើង។​ ទន្ទឹមគ្នា​នៃ​ការ​បង្ហោះ​ដោយ​លើកយក​ដំបូន្មាន​របស់​ឪពុក​-​ម្តា​យមក​អនុវត្ត​តាម​ពី​សំណាក់​កញ្ញា ប៉ុប​ពី ខាងលើនេះ​ បានធ្វើ​ឲ្យ​មហាជន​មួយចំនួនធំ​លើក​សរសើរ​ និង​ផ្ញើ​សារ​លើទឹក​ចិត្ត​ស្ទើរ​គ្រប់គ្នា​ចំពោះ​ពាក្យ​ដាស់តឿន​ដ៏​ល្អ​ប៉ុន្មាន​ឃ្លា​នេះ​។​

សូមបញ្ជាក់ថា ​តារា​សម្តែង​ភេទ​ទី​៣​កញ្ញា ប៉ុប​ពី បន្ទាប់ពី​ដាក់ខ្លួន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ​ត្រូវបាន​គេ​កត់សម្គាល់ថា​ទាំង​កេរ្តិ៍ឈ្មោះ​និង​ប្រជាប្រិយភាព​គឺ​តារា​ស្រី​រូបនេះ​ហាក់​មាន​សន្ទុះ​ហក់​ឡើង​ខ្លាំង​បើ​ប្រៀបធៀប​នឹង​តារា​ប្រុស​-​ស្រី​រួម​ជំនាន់​ព្រោះថា ប៉ុប​ពី ជាតា​រា​ភេទ​ទី​៣​ដែលមាន​រូបរាង​ស្រស់ស្អាត​និង​ថែមទាំង​មាន​ទេពកោសល្យ​សិល្បៈ​ពី​កំណើត​ទៀតផង៕