ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​៤​នាក់ ​ចេញពី​រៀន​គួរ ​ហើយ​បាន​នាំគ្នា​ទៅលេង​ទឹក​អាង​ អកុសល​ស្រាប់​តែ​មាន​ក្មេង​ស្រី​២​នាក់​លង់​ស្លាប់

បន្ទាយមានជ័យ​ ៖ ​មាន​ក្មេងៗ​៤​នាក់ ​ចេញពី​រៀន​គួរ​ បាន​នាំគ្នា​ទៅ​ងូតទឹក​អាង​លេង​ ស្រាប់តែ​អកុសល​មាន​ក្មេង​ស្រី​២​នាក់​ បាន​លង់ទឹក​ស្លាប់​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នៅ ចំណុច​អាងទឹក ចម្ងាយ​២០០​ម៉ែត្រ​ពី​ផ្ទះ ស្ថិត​ក្នុង​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ក្មេង​ស្រី​រងគ្រោះ​ទាំង​២​នាក់ ១​មាន ឈ្មោះ សម្បត្តិ ស្រី​ណុង ភេទ​ស្រី អាយុ​៨​ឆ្នាំ និង​ម្នាក់ទៀត​មានឈ្មោះ ថន គឹមហួន ភេទ​ស្រី អាយុ​៦​ឆ្នាំ ក្មេង​ស្រី​ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

នគរបាល​មូលដ្ឋាន បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​នោះ​ មាន​ក្មេង​៤​នាក់ បាន​ចេញពី​រៀន​គួរ ហើយ​បាន​នាំគ្នា​ទៅ​ងូតទឹក​អាង​លេង ​ស្រាប់​តែ​មាន​ក្មេង​២​នាក់​ បាន​ហែល​ទៅ​ទឹក​ជ្រៅ​ ស្រាប់តែ​លង់​តែ​ម្តង.​ ស្រប​ពេល​នោះ​ ក្មេង​២​នាក់​មិនបាន​លង់ ​មិន​ហ៊ាន​ជួយ​ក៏បាន​រត់​មក​រាយការណ៍​ប្រាប់​អ្នកភូមិ និង​ក្រុមគ្រួសារ​ឲ្យ​ចុះ​មក​ជួយ​ស្រង់ ​តែ​អកុសល​ក្មេង​ទាំង​២​នាក់​នោះ​ បាន​ស្លាប់​បាត់​បង់ជីវិត​បាត់​អស់ហើយ. ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​បាន​ដឹក​សព​យក​មក​ផ្ទះ​ ស្រប​ពេល​នោះ ​មាន​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​សព​ទាំង​២​ ដែល​មាន​កម្លាំង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល សហការ​ជាមួយ​គ្រូពេទ្យ និង​អាជ្ញាធរ​ភូមិ ឃុំ ហើយ​បាន​ធ្វើការ​​សន្និដ្ឋាន​ថា​ សព​ក្មេង​ស្រី​ទាំង​២​នាក់​ ពិតជា​ស្លាប់​ដោយ​លង់ទឹក​ព្រោះ​សំអាង​ថា ​គ្មាន​ស្លាក​ស្នាម​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ឡើយ។

សព​កុមារី​ទាំង​២​នាក់ ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួច​ បាន​ប្រគល់​ជូន​ឪពុក​ម្តាយ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈ​ចុង​សប្ដាហ៍​នេះ មាន​ក្មេង​ស្រី​ចំនួន​៦​នាក់ មក​ហើយ​ដែល​ស្លាប់​ដោយសារ​លង់ទឹក ក្នុង​នោះ​៤​នាក់ នៅ​ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក​កន្លងទៅ​ថ្មីៗ​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114