ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​កំប្លែង​ នាង ខ្ញុង ផ្ទុះ​កំហឹង​ព្រមាន​បុគ្គល​ម្នាក់​ ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក

ភ្នំពេញ ​៖​ តារា​កំប្លែង​ស្រី ​អ្នកនាង សុ​កាន់​ដា ហៅ ខ្ញុង ថ្មីៗ​នេះ ​បាន​ផ្ទុះ​កំហឹង​ចេញ​មុខ​ព្រមាន​ដល់​បុគ្គល​ម្នាក់ ​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈ​ដែល​តារា​ស្រី​រូប​នេះ​ បាន​ប្រកាស​ថា ​ខ្លួន នឹង អាច​ទម្លាយ​អត្តសញ្ញាណ​បុគ្គល​រូប​នោះ​ជា​សាធារណៈ ​ប្រសិនបើ​នៅតែ​បង្ក​បញ្ហា​នេះ​ទៀត។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​តារា​កំប្លែង ​ស្ថិត​ក្នុង​ក្រុម​ នាយ ពែ​កមី គឺ​អ្នកនាង ខ្ញុង នាពេលនេះ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ចាប់អារម្មណ៍ ​និង​ភ្ញាក់ផ្អើល​គ្រប់គ្នា​។ ​មិនតែប៉ុណ្ណោះ ​ក៏មាន​ការលើក​ឡើង​ជា​សំណួរ​ថា បុគ្គល​ភាគី​ជម្លោះ​នោះ ​ជា​មនុស្ស​ស្ថិតក្នុង​រង្វង់​សិល្បៈ​ជាមួយគ្នា​ ឬមួយ​យ៉ាងណា​?​។​ប៉ុន្តែ​គិត​រហូត​មក​ទល់​ពេល​នេះ ​អ្នកនាង ខ្ញុង នៅ​មិនទាន់​បង្ហើប​នៅឡើយ​ទេ។

ចាប់អារម្មណ៍​មក​មើល​សំណេរ​សរសេរ​ភ្ជាប់​ជាមួយ​វីដេអូ​ នៃ​ការ​ផ្ទុះ​កំហឹង​របស់ ​អ្នកនាង ខ្ញុង បាន​លើក​ឡើង​ថា ​ក្តៅចិត្ត​ណាស់​ហា​ ធ្វើ​មើល​តែ​វា​ល្អ​ណាស់​អញ្ចឹង ​អា​សំគិស ជេរប្រមាថ​គេ ​ហែង​បាន​ឡូ​វហើយ​ហែង ​ស្មាន​តែ​ទុក​ហែង​ធ្វើ​ឪ​មែន​ ខឹង​ណាស់​។ ហួសចិត្ត​ហ្មង វា​ជេរ​ប្រមាថ​គេ​ហ្នឹង ​វា​អត់​មើលខ្លួន​វា​រាល់ថ្ងៃ​នឹង​ថោកទាប ដល់​កម្រិត​ណា​ទេ សង្វេគ​ណាស់ ហា​។​

តារា​កំប្លែង​ អ្នកនាង ខ្ញុង បាន​បន្ត​ទៀត​ថា ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ​ខ្លួន​បាន​ទទួល​កម្មវិធី​មួយ​នៅ​ថ្ងៃ​ទី​០២​កុម្ភៈ​ ដើម្បី​ទៅ​ច្រៀង​នៅ​កោះធំ ​ពី​មនុស្ស​ម្នាក់​(​មិនទាន់​បញ្ចេញ​ឈ្មោះ​ទេ​)​ តែ​ដោយសារ​នាង​ត្រូវ​ចេញទៅ​ថៃ​ ថ្ងៃ​ទី​៣​កុម្ភៈ​ ក៏បាន​ទូរស័ព្ទ​ទៅ​សួរនាំ​បន្ថែម​ថា ​កម្មវិធី​ថ្ងៃ​ទី​០២​កុម្ភៈ​នោះ​ នៅ​បន្ត​ដំណើរការ​ ឬ​អត់​? ​ប៉ុន្តែ​ជា​ចម្លើយ​ ត្រូវបាន​បុគ្គល​រូបនោះ​ឆ្លើយ​ថា ​អត់​អី​ទេ គឺ​អត់​មានកម្ម​វិធី​ឡើយ​។​

អ្នកនាង ខ្ញុង បាន​និយាយទៀតថា ​រហូតដល់​ថ្ងៃ​ដែល​ខ្ញុំ​ចេញទៅ​ប្រទេស​ថៃ​នា​ថ្ងៃទី​០១​ ឬ​២​កុម្ភៈ ក៏​ស្រាប់តែ​បុគ្គល​ម្នាក់​នោះ បាន​ផ្ញើ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា​ ខ្ញុំ​ហ្នឹង​ថោកទាប​ម្ល៉េះ ​ទទួល​កម្មវិធី​គេ​ហើយ​បែរជា​មិន​ទៅ​ច្រៀង​…..​។ ​ដូច្នេះ ​ខ្ញុំ​ចង់​ផ្តាំ​ទៅ​បុគ្គល​រូបនោះ​វិញ​ថា​ មុន​ហ្នឹង​ខ្ញុំ​ចេញទៅ​ថៃ​ គឺ​បាន​ទូរស័ព្ទ​ទៅ​សួរនាំ​លោក​ឯង​រួចហើយ តែ​កាលនោះ​លោក​ឯង​ឆ្លើយ​ថា ​អត់​មាន​ ហើយ​កុំ​ប្រើ​អំណាច ​ឬ​សិទ្ធិ​ជា​អ្វី​មក​គំរាម​ គឺ​ខ្ញុំ​មិន​ខ្វល់​ទេ​…​។​

តារា​កំប្លែង ​អ្នកនាង ខ្ញុង​ បាន​បន្ថែមថា​ បុគ្គល​ម្នាក់​នោះ​ មិន​ត្រឹមតែ​ផ្ញើ​សារ​ទៅ​គំរាម​ខ្លួន​នោះ​ទេ ​គឺ​ថែមទាំង​ឆាត​ចូលក្នុង​គ្រុប​ហ្វេ​ស​ប៊ុ​ក បង្ក​ឲ្យ​មាន​មិត្តភ័ក្ដិ​មួយ​ចំនួន​យល់​ច្រឡំ​លើ​នាង​ទៀតផង​។​

លើសពីនេះ ​អ្នកនាង ខ្ញុង បញ្ជាក់ដែរថា ​ពេលនេះ​ នាង​មិនទាន់​បញ្ចេញ​ឈ្មោះ​នោះ​ទេ ​ប៉ុន្តែ​កុំ​ធ្វើ​ឲ្យ​មាន​រឿង​កាន់តែ​ធំ​ ឬ​ខឹង​ជាង​នេះ​ គឺ​នាង​ត្រូវតែ​បញ្ចេញ​ឈ្មោះ​ឲ្យ​ល្បី​ផ្អើល​មហាជន​តែម្ដង៕