ព័ត៍មានទាន់​ហេតុការណ៏
Search

Vj DADA នាំយក​ថវិកា​ផ្ទាល់ខ្លួន ​និង​សប្បុរសជន​ជាង​៣០០​ដុល្លារ​ ឧបត្ថម្ភ​ លោកគ្រូ នូ​ស៊ិ​ប ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​

​ភ្នំពេញ ​៖ ​តារា​សម្តែង​ និង​ជា​ពិធីករ​ប្រុស​រូប​សង្ហា ​VJ DADA ដោយ​មើលឃើញ​ពី​ការលំបាក ​និង​អាណិតអាសូរ​ដល់​តារា​ចម្រៀង​ជើងចាស់​ លោកគ្រូ នូ​ស៊ិ​ប ខណៈដែល​បច្ចុប្បន្ន​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​នោះ បាន​ធ្វើការ​អំពាវនាវ​ និង​ប្រកាស​ប្រមែប្រមូល​ថវិកា​ពី​មិត្តភ័ក្ដិ​រួម​អាជីព​ ព្រមទាំង​សប្បុរសជន​បាន​រហូត​ជាង​៣០០​ដុល្លារ​ ដើម្បី​ឧបត្ថម្ភ​ដល់​ លោកគ្រូ នូ​ស៊ិ​ប​។​

ជាក់ស្ដែង ​នៅ​រសៀល ​ថ្ងៃទី​០៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ តារា​ប្រុស​វី​ជេ​ដា​ដា​ បាន​នាំយក​ថ្នាំពេទ្យ ​និង​ថវិកា​របស់​សប្បុរស​ជន និង​លុយ​ផ្ទាល់ខ្លួន​មាន​ប្រមាណ​ជាង​៣០០​ដុល្លារ​ ទៅ​ឧបត្ថម្ភ​ជូន​ដល់​ លោក​គ្រូ នូ​ស៊ិ​ប ដល់​ចំណុច​បន្ទប់​ផ្ទះជួល ​ស្ថិតនៅ​ភូមិ​ចំរើន​ផល ​សង្កា​ត់​បឹងទំពុន ខណ្ឌ​មានជ័យ​។​

បើតាម​ការលើកឡើងរ​បស់​តារា​ប្រុស​វី​ជេ ដា​ដា បាន​បញ្ជាក់​ថា​ ចំពោះ​ថវិកា​ទាំងនេះ​ គឺ​បាន​មកពី​ការ​រួមចំណែក​របស់​សប្បុរសជន​រួមមាន ​៖​ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​ចំនួន​១០០​ដុល្លារ​,​លោក Kheam Panha ,​លោក យុន ,​អ្នកនាង ម៉ា​រ៉ា​ឌី និង​បងស្រី​ម្ចាស់​សម្អាងការ​ហេង ​មាន​លាភ ​ជាដើម​។

លោក​ថា ក្នុងនាម​ជា​សិល្បករ​មួយរូប​ ពិតជា​សប្បាយចិត្ត​ណាស់ ​ដែល​បាន​នាំយក​ថវិកា​ខ្លះៗ​មក​ជួយ​សម្រាល​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ​របស់ លោក​គ្រូ នូ​ស៊ិ​ប។​

ពិធីករ​មាន​ប្រជាប្រិយភាព​វី​ជេ ដា​ដា បាន​បន្តទៀតថា​ ពេល​លោក​បាន​មកដល់​កន្លែង​ស្នាក់នៅ​ហើយ​ឃើញ​ស្ថាន​ភាពលំបាក​បែបនេះ​ពិតជា​អាណិត ​លោកគ្រូ នូ​ស៊ិ​ប ណាស់​ ព្រោះ​បច្ចុប្បន្ន​គាត់​កំពុង​រស់នៅក្នុង​ផ្ទះជួល​ដល់​តូច​ចង្អៀត ​ហើយ​ដំបូល​ប្រក់​ស័ង្កសី​ក្ដៅហែង ​រួមផ្សំ​នឹង​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ​របស់​លោកគ្រូ​ទៀតផង​។​

ជាមួយគ្នានេះដែរ​ លោកគ្រូ នូ​ស៊ិ​ប បាន​រៀបរាប់​ពី​ភាព​លំបាក​របស់​ខ្លួន​ថា​ សព្វថ្ងៃ​អាជីព​សិល្បៈ​របស់លោក​គ្រូ​បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ខណៈ​ដែល​បច្ចុប្បន្ន​ លោកគ្រូ​ ក៏​កំពុងមាន​ជំងឺ​ប្រចាំ​កាយ​ផង​នោះ​។

​ចំណែក​ឯ​បន្ទប់​ដែល​លោកគ្រូ​ស្នាក់នៅ​រាល់ថ្ងៃនេះ ​គឺ​ជួល​គេ​ក្នុង​១​ខែ​តម្លៃ​៥០​ដុល្លារ ​ប៉ុន្តែ​សម្រាប់​ការ​ចំណាយ​លើ​បន្ទប់​ជួល​នេះដែរ ​គឺ​បាន​ការជួយ​ឧបត្ថម្ភ​ពី​បុគ្គល​ម្នាក់ ​ព្រោះថា​លោកគ្រូ​ គ្មាន​លទ្ធភាព​ក្នុងការ​រកលុយ​ទៀតឡើយ​។​

លោកគ្រូ នូ​ស៊ិ​ប បាន​បន្ថែម​ថា ​លោក​ពិតជា​អរគុណ​ខ្លាំងណាស់​សម្រាប់​សប្បុរសជន​ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា ​ដើម្បី​បន្ត​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ ​និង​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ​។​ សូម​បញ្ជាក់​ថា​គិត​រហូត​មកទល់ពេលនេះ​តារាចម្រៀង​ជើងចាស់​លោកគ្រូ នូ​ស៊ិ​ប គឺ​មាន​អាយុ​៧២​ឆ្នាំ​ហើយ​ ខណៈ​ដែល​អាជីព​សិល្បៈ​របស់​លោក ​ក៏​ស្ទើរតែ​បាត់បង់​សមត្ថភាព​ផង​នោះ​៕